នុត រត្ថា ធ្វើការពីប្រាក់ខែ ៦០ដុល្លារ រហូតក្លាយជា CEO វ័យក្មេង
- 2016-06-30 16:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នុត រត្ថា ធ្វើការពីប្រាក់ខែ ៦០ដុល្លារ រហូតក្លាយជា CEO វ័យក្មេង
ចន្លោះមិនឃើញ
មុនក្លាយជាប្រធានក្រុមហ៊ុន បុគ្គលម្នាក់ៗតែងមានប្រវត្តិសប្បាយ លំបាកជូរចត់របស់ខ្លួន ចុះអ្នកស្រី នុត រត្ថា ដែលទើបក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុនថ្មីថ្មោងមួយ កាលពីចុងឆ្នាំ ២០១៥ នេះ មានប្រវត្តិយ៉ាងណាដែរ?
បើធៀបនឹងស្ត្រីឯទៀត អាចនិយាយបានថា អ្នកស្រីជាកូនស្រីមានសំណាងមួយរូប ដែលបានកើតក្នុងគ្រួសារជីវភាពបង្គួរមួយ មានឪពុកជាមន្ត្រីរាជការ ក្នុងជួររដ្ឋាភិបាល និងម្ដាយជាមេផ្ទះ ប៉ុន្តែអារម្មណ៍កក់ក្ដៅ ដែលគ្រួសារបានផ្ដល់ឱ្យរយៈពេល ២៣ ឆ្នាំត្រូវរលាយ ក្រោយឪពុកម្ដាយចែកផ្លូវគ្នាក្នុងឆ្នាំ ២០១១។ គ្រួសារដែលធ្លាប់តែរីករាយរបស់អ្នកស្រី បានប្រែជួបវិបត្តិសេដ្ឋកិច្ច។
មានបញ្ហាផ្លូវចិត្តខ្លាំង និងបាត់បង់ជំហរសេដ្ឋកិច្ចដ៏សំខាន់ អ្នកស្រីបានសម្រេចចិត្ត បញ្ចប់ជំនាញវិទ្យាសាស្ត្រសុខាភិបាល ជាជំនាញដែលខ្លួនស្រលាញ់បំផុត ក្រោយរៀនបាន ៦ ឆ្នាំ (បានត្រឹមបរិញ្ញាបត្រប៉ុណ្ណោះ ព្រោះត្រូវរៀន៨ឆ្នាំ) ដើម្បីរកការងារធ្វើជួយគ្រួសារ និងម្ដាយជាស្ត្រីមេម៉ាយ ជាមួយបងប្អូនបីនាក់ផ្សេងទៀត។
ក្នុងឆ្នាំ ២០១១ អ្នកស្រី រត្ថា បានធ្វើការតាមមន្ទីរពេទ្យ ដែលភាគច្រើនផ្ដោតលើរដ្ឋបាល...ធ្វើជាអ្នកហាត់ការផ្នែកលក់ ក្នុងក្រុមហ៊ុនឯកជន (ឆ្នោត) មួយបានប្រាក់ខែ ៦០ ដុល្លារ ដែលប្រាក់ខែតិចតួចនេះ ស្ទើរធ្វើឱ្យអតីតនិស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ គ្មានអាវថ្មីពាក់ទៅហើយ។
"ចូលធ្វើការដំបូង ខ្ញុំទិញអាវបានតែ ២ ប៉ុណ្ណោះ ...ខ្ញុំមាន ៦ កំប្លេ ពាក់ឆ្លាស់គ្នា...ជួនពាក់អាវហ្នឹងមួយ តែជាមួយសំពត់ផ្សេងៗ ឬស្លៀកសំពត់ដដែល តែដូរអាវពណ៌ផ្សេង។ ខ្ញុំអត់ដែលបានពាក់អាវថ្មី ៦ ខែ"។
យ៉ាងណា ប្រឹងយកចិត្តទុកដាក់ធ្វើការបានបីខែ អ្នកស្រីបានក្លាយជាបុគ្គលិកពេញសិទ្ធិ ទទួលបានប្រាក់បៀវត្ស ១៥០ ដុល្លារ។ ដោយអ្នកស្រី មានចេះផ្នែករដ្ឋបាល ពីមន្ទីរពេទ្យស្រាប់ អ្នកស្រីត្រូវប្រធាន ឱ្យធ្វើការខាងរដ្ឋាល។ មានស្នាដៃល្អក្នុងការងារ អ្នកស្រីត្រូវថ្នាក់លើតែងតាំងជា លេខា និងជំនួយការនាយកប្រតិបត្តិ ផ្នែករដ្ឋបាលជាបន្តបន្ទាប់ ដោយទទួលបានថ្លៃពលកម្មជាង ២០០ ទៅជាង ២០០ ដុល្លារក្នុងមួយខែ។
អ្នកភ្នំពេញរូបនេះបន្តថា៖ "...ការងារចេះតែវិវឌ្ឍម្ដងតិចៗ ក៏យើងបានចេះច្រើនជាងមុន ហើយខណៈពេលហ្នឹងមានបងៗជួយបង្រៀនបន្ថែមផង ហើយហ្នឹងប្រធានខ្ញុំផ្ទាល់ គាត់លើកទឹកចិត្តឱ្យខ្ញុំទៅរៀនផ្នែករដ្ឋាបាល។ គ្រាន់កាលនោះ យើងរៀនវគ្គខ្លីៗទេ។ ផ្នែករដ្ឋបាល ផ្នែកទីផ្សារ និងការធ្វើជំនួញ...ក្រៅពីហ្នឹងខ្ញុំក៏ធ្លាប់ចុះរៀបចំកម្មវិធីផ្សេងៗនៅតាមខេត្តដែរ"។
ក្រុមហ៊ុនឆ្នោតមិនឋិតស្ថេរយូរអង្វែង ក្នុងឆ្នាំ ២០១៣ អ្នកស្រីបានជាប់ការងារផ្នែកទីផ្សារ ផ្នែកការិយាល័យនិស្សិតនៅសាកលវិទ្យាល័យមួយ។ ក្រោយបញ្ចេញស្នាដៃគួរឱ្យកត់សម្គាល់ជិតមួយឆ្នាំមក អ្នកស្រីត្រូវថ្នាក់លើកទឹកចិត្ត តែងតាំងជាប្រធានទីផ្សារ ចុងឆ្នាំ ២០១៣ តែម្ដង។ ធ្វើការបានជាង ២ ឆ្នាំប៉ុណ្ណោះ អ្នកស្រីបានលាឈប់ពីការងារនេះ ហើយមកបើកក្រុមហ៊ុនធ្វើវីដេអូអប់រំខ្លី ស្ពតពាណិជ្ជកម្ម កម្មវិធីទូរទស្សន៍ Romdoul Media co,.Ltd ចុងឆ្នាំ ២០១៥ដោយខ្លួនឯង។
អតីតសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ បានបន្ថែមថា ដល់ពេលដែលអ្នកស្រី ត្រូវមានអ្វីជារបស់ខ្លួនហើយ ព្រោះថាបើបន្តធ្វើការឱ្យគេទៀត នោះអ្នកស្រីមិនអាចលូតលាស់ធំជាងនេះបានឡើយ។
អ្នកស្រី បន្តថា៖ "ខ្ញុំចង់បើកក្រុមហ៊ុនតាំងពីក្មេង ខ្ញុំចង់សាកអ្វីដែលថ្មី ហើយមានមនុស្សសំខាន់ពីរនាក់ ដែលធ្វើឱ្យខ្ញុំចង់បើកក្រុមហ៊ុន។ ទី១ អ្នកធ្វើឱ្យខ្ញុំមានថ្ងៃនេះ គឺបងស្រីម្នាក់ជាប្រធានរបស់ខ្ញុំ នៅក្រុមហ៊ុនចាស់។ គាត់ជនជាតិសង្ហបុរី។ គាត់បង្រៀនខ្ញុំច្រើន គាត់ធ្វើឱ្យខ្ញុំ Inspire។ ទី២ ម៉ាក់ខ្ញុំ គាត់ជាមនុស្សម្នាក់ មិនដែលប្រឡូកក្នុងសង្គម នៅតែក្នុងផ្ទះ ធ្វើម្ហូប... គាត់ទន់ជ្រាយ។ ខ្ញុំប្រាប់ខ្លួនឯងថា មិនត្រូវធ្វើដូចគាត់ទេ ត្រូវធ្វើមនុស្សរឹងមាំ ហើយខ្ញុំនឹងទាញម៉ាកឱ្យចេញពីរូបភាពអស់ហ្នឹង"។
ក្រៅពីមនុស្សសំខាន់ទាំងពីរខាងលើ វិនិយោគិនវ័យក្មេងរូបនេះ រៀបរាប់ថា ក្រុមការងារ និងដៃគូសហការ ជាក្រុមមនុស្សដែលមិនអាចខ្វះបាន ព្រោះបើគ្មានពួកគេទេ អ្នកស្រីក៏មិនអាចបើក្រុមហ៊ុនមួយបានឡើយ ហើយការបង្កើតក្រុមហ៊ុនថ្មីមួយ មិនមែនជារឿងងាយស្រួលឡើយ ព្រោះត្រូវប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែបើទោះជាយ៉ាងណាក្ដី អ្នកស្រីនិងក្រុមការងារ មិនចុះញ៉មឡើយ។
“ជាងកន្លះឆ្នាំហ្នឹង យើងជួបច្រើន ព្រោះយើងថ្មី យើងក្មេង ហើយបណ្ដាញទាក់ទងរបស់យើងនៅខ្សោយ។ បញ្ហាសំខាន់ គឺគំនិតថ្មីៗដែលយើងលើកទៅអតិថិជន អត់ទាន់ទទួលបានការគាំទ្រច្រើនទេ។ ឧទាហរណ៍យើងធ្វើស្ពតពាណិជ្ជកម្មមួយ យើងអត់និយាយឱ្យចំលើផលិតផលហ្នឹងទេ យើងបង្កើតជារឿងអប់រំ រឿងកំប្លែង មនោសញ្ចេតនា ស្នេហា តែយើងបញ្ចូលការផ្សាយដោយមិនផ្ទាល់...យើងអាចប្រូម៉ូតផ្ទាល់ៗបាន តែយើងអត់ធ្វើចឹងទេ។ ការប្រូម៉ូតផ្ទាល់មើលម្ដង វាធ្វើឱ្យធុញ តែពាណិជ្ជកម្មបង្កប់ដោយច្នៃប្រឌិត មើលម្ដងហើយ ចង់មើលម្ដងទៀត"។ អ្នកស្រី ថ្លែង។ តែទោះបីជាយ៉ាងណា អ្នកស្រីជឿថា អតិថិជននឹងយល់ក្នុងពេលអនាគត។
អ្នកស្រីបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រី មានម្ចាស់ភាគហ៊ុនពីរនាក់ផ្សេងទៀត ដែលសុទ្ធសឹងតែជាមិត្តរួមការងារស្មោះស្ម័គ្រ និងមានកញ្ចប់វិនិយោគទំហំជិត ១០ ម៉ឺនដុល្លារអាមេរិក។
ថ្វីបើមានបទពិសោធន៍ក្មេងខ្ចី ក្នុងការគ្រប់គ្រងក្រុមហ៊ុនក្ដូី ប៉ុន្តែស្ត្រីវ័យ ២៨ ឆ្នាំរូបនេះ ប្រាប់ថា បទពិសោធន៍ការងារជាដុំមាស ដើម្បីអភិវឌ្ឍខ្លួនឱ្យមានពន្លឺរស្មី ហើយមិត្តអ្នកអានគួរស្វែងយល់ និងសិក្សាពីការងារឱ្យបានច្រើន ដូចជា ផ្នែករដ្ឋបាល ទីផ្សារ គណនេយ្យ រកដៃគូសហការ និង ផ្នែកធនធានមនុស្សជាដើម មុននឹងបើកជំនួញអ្វីមួយ។
"ធ្វើជាម្ចាស់ក្រុមហ៊ុន ត្រូវតែចេះការងារតូចច្រើន បើទោះមិនចេះខ្លាំងឬមិនខ្លាំង ក៏បានដឹងដែរថា គេធ្វើម៉េចដែរ"។ អ្នកស្រីបញ្ជាក់បន្ថែម។
ក្រៅពីមុខជំនួញ ក្រុមហ៊ុនខាងលើក៏តែងជួយការងារសង្គម ព្រមទាំងធ្វើសកម្មភាពមនុស្សធម៌នានា ជាពិសេសគឺយកចិត្តទុកដាក់ចំពោះក្មេងកំព្រា៕
https://www.youtube.com/watch?v=CmZn8T2FtSg&feature=youtu.be
ចុចអាន៖ CEO រំដួល៖ ការមើលងាយរបស់អ្នក ធ្វើឱ្យខ្ញុំកាន់តែរឹងមាំ
ចុចអាន៖ យកលុយ១០ដុល្លារ ទិញសណ្ដែកដីលក់ ក៏អាចក្លាយជាអ្នកមានដែរ បើ…
អត្ថបទ៖ អ៊ុំ សុភក្តិ