កម្ពុជា​ចំណេញ​​អ្វី​ខ្លះ​ពី​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT?

  • 2016-06-30 21:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) នឹង​បង្កើន​ល្បឿន​អ៊ីនធឺណិត​នៅ​កម្ពុជា ព្រម​ទាំង​ពង្រីក​ការ​ត​ភ្ជាប់​បណ្តាញ​រវាង​កម្ពុជា និង​ពិភព​លោក។ នេះ​បើ​យោង​តាម​លោក Mohamad Izani Bin Karim បុគ្គលិក​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន Telekom Malaysia ។

 

នៅ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​ជាមួយ​សារព័ត៌មាន​ពាណិជ្ជកម្ម Telecom Asia លោក Izani Bin Karim នាយក​គ្រប់​គ្រង​ទូទៅ​ផ្នែក Carrier Network Development for Global & Wholesale របស់​ក្រុមហ៊ុន Telekom Malaysia បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ខ្សែ​កាប្លិ៍​ក្រោម​បាត​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន និង​ជា​ពិសេស​កម្ពុជា​ដែល​រហូត​មក​ទល់​ពេល​នេះ​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

 

 

លោក Izani Bin Karim បន្ត​ថា៖ "កម្ពុជា​កំពុង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​បណ្តាញ​លើ​ដី​គោក ដោយសារ​កម្ពុជា​ត្រូវ​ឆ្លង​កាត់​វៀតណាម ឬ​ថៃ ដើម្បី​ត​ភ្ជាប់​ជាមួយ​ពិភពលោក ព្រម​ទាំង​ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ផ្កាយ​រណប។ ដូច្នេះ កម្ពុជា​នៅ​មាន​ភាព​យឺតយ៉ាវ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​នេះ។

 

ប្រព័ន្ធ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT មិន​ត្រឹម​តែ​ភ្ជាប់​បណ្តាញ​ចូល​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បណ្តាញ​សាកល្បង​មួយ​ដែល​ត​ភ្ជាប់​ទៅ​កាន់​ឡាវ និង មីយ៉ាន់ម៉ា ដែល​បណ្តាញ​នេះ​ត​ភ្ជាប់​ជាមួយ​ថៃ និង​វៀតណាម"។

 

ក្រុមហ៊ុន Telcotech ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា Ezecom គឺ​ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​នៅ​ពី​ក្រោយ​គម្រោង​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ MCT រួម​ជាមួយ​នឹង​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Communications របស់​ថៃ។

 

លោក Yves Schaeffer អគ្គនាយក​ក្រុមហ៊ុន Ezecom ថ្លែង​ថា៖ "ប្រព័ន្ធ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​នៅ​ទូទាំង​តំបន់ ដោយ​កម្ពុជា​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ត​ភ្ជាប់​បណ្ដាញ​ជាមួយ​ប្រទេស​ជិត​ខាង និង​ពង្រីក​ការ​ត​ភ្ជាប់​បណ្តាញ​ទៅ​កាន់​ពិភព​លោក។ ខណៈ​ដែល​សហគមន៍​អាស៊ាន​កាន់​តែ​រីក​ធំ​ឡើង ប្រព័ន្ធ​ខ្សែ​កាប្លិ៍​នេះ​នឹង​បើក​ឱកាស​កាន់​តែ​ប្រសើរ​ថែម​ទៀត​សម្រាប់​ទំនាក់ទំនង ការ​ផ្លាស់​ប្តូរ​វប្បធម៌ ដៃ​គូ​អាជីវកម្ម និង​កិច្ច​សហ​ប្រតិបត្តិការ"។

 

ក្រុមហ៊ុន​ Ezecom ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បម្រើ​តម្រូវ​ការ​របស់​បណ្តា​សហគ្រាស​អាជីវកម្ម​ទាំង​ឡាយ ព្រម​ទាំង​អ្នក​ប្រើប្រាស់​នៅ​តាម​គេហដ្ឋាន​ដែល​កំពុង​មាន​តម្រូវ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទីផ្សារ​កម្ពុជា។ ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ Ezecom បាន​ក្លាយ​ខ្លួន​ជា​អ្នក​នាំ​មុខ​គេ​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​ទំនាក់​ទំនង​ថ្មីៗ​យ៉ាង​សម្បូរ​បែប។ Ezecom ផ្តល់​នូវ​សេវា​ខ្សែ​កាប្លិ៍​អុបទិក ទំនាក់ទំនង​ជា​សំឡេង​តាម​អ៊ីនធឺណិត (VoIP) ការ​ត​ភ្ជាប់​ក្នុង​ស្រុក (VPN) និង​ដំណោះ​ស្រាយ​តាម​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ដទៃ​ទៀត។ Ezecom បាន​ទិញ​យក​ក្រុមហ៊ុន​ខ្សែ​កាប្លិ៍​អុបទិក Telcotech ដែល​នឹង​នាំ​មក​នូវ​សេវា​អ៊ីនធឺណិត​មាន​ល្បឿន​លឿន និង​ទុក​ចិត្ត​បំផុត​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ តាម​រយៈ​ការ​បង្កើត​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕

 

អត្ថបទ៖ ពាណិជ្ជកម្ម