ការពារ​ជាតិ ឈ្នះ​ពាន​​​ Hun Sen Cup 2016 ក្រោយ​ឈ្នះ​ប៉េណាល់ទី ស្វាយរៀង

  • 2016-07-03 04:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្រសួង​ការពារ​ជាតិ​​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​យក​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង​ដោយ​ទាត់​បាល់​​ប៉េណាល់​ទី​កាត់សេចក្តី​ក្នុង​លទ្ធផល ៦-៥ បន្ទាប់​ពី​បញ្ចប់​១២០​នាទី​​​​​ស្មើ​ ១-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្រុម​ភ្នំពេញ​ក្រោន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ឈ្នះ​ស៊ីម៉ាក់​ ១-០។

 

ក្រសួង​ការពារ​​ជាតិ

 

ការ​ប្រកួត​នៅ​តង់​ទី​មួយ​ ព្រះ​ខ័នរាជ​ស្វាយរៀង​មាន​ឱកាស​គ្រប់​គ្រង​បាល់​បាន​ច្រើន​ជាង​ក្រសួង​ការពារ​ជាតិ​ ប៉ុន្តែ​មិន​អាច​ធ្វើ​​អ្វីបាន​​ឡើយ។ ចំពោះ​ក្រសួង​ការពារ​ជាតិ​វិញ​​ក៏​មាន​ឱកាស​ច្រើន​ដែរ តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ស្វាយរៀង​ដែរ។ ចប់​តង់​ទី​មួយ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម ​០-០។  ការ​ប្រកួត​នៅ​តង់​ទី​២ សមាជិក​​ព្រះ​ខ័នរាជ​ស្វាយរៀង​រង​របួស​ច្រើន​ដែល​ជា​ឱកាស​ល្អ​ដល់​ក្រសួង​ការពារ​ជាតិ​វាយ​សម្រុក។ ​នៅ​នាទី​៨០ ខ្សែ​បម្រើ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង ស៊ុត​ចូល​ទី​ស្វាយ​រៀង​បាន​សម្រេច បន្ទាប់​ពី​ទទួល​បាល់​ពី​ សុខ ច័ន្ទរស្មី។ បន្ទាប់​ពី​ត្រូវ​បានដៃ​គូ​នាំ​មុខ ព្រះ​ខ័នរាជ​ស្វាយរៀង​ចាប់​ផ្តើម​វាយសម្រុក ទី​បំផុត សារ៉េត គ្រីយ៉ា ស៊ុត​តាម​ស្មើ​បាន​សម្រេច ១-១ នៅ​នាទី​៨៨​រហូត​ដល់​​បញ្ចប់​៩០​នាទី។ ការ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង​ទៀត ការពារ​ជាតិ​នៅ​តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​ស្វាយរៀង​បាន​ឡើយ ទោះ​ជា​សម្រុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ខណៈ​ស្វាយរៀង​មាន​កីឡាករ​របួស​ច្រើន។ ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទាត់​បាល់​កាត់​សេចក្តី​១១​ម៉ែត្រ។

  អ្នក​ស៊ុត​របស់​ក្រសួង​ការពារ​ជាតិ ១- ច្រឹង ពលរដ្ឋ (ចូល) ២- សុខ ហៀង (ចូល) ៣- អ៊ុក កាម៉ុល (អត់​ចូល) ៤- ឈិន ឈឿន (ចូល) ៥- ខែក ខេមរិន្ទ (ចូល) ៦- អ៊ុំ សេរីរ័ត្ន (អត់​ចូល) ៧- សរ ពិសិដ្ឋ (ចូល) ៨- រ៉ឹង ប៊ុន ហៀង (ចូល)

 

អ្នក​ស៊ុត​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង ១- អោង ឧត្តម (ចូល) ២- ស៊ើយ វិសាល (ចូល) ៣- ហ៊ួយ ផល្លីន (អត់ចូល) ៤- សំអឿន ពិដោរ​(ចូល) ៥- នេន សុធារ័ត្ន (ចូល) ៦- ប្រាក់ សុវណ្ណពិសិដ្ឋ (អត់ចូល) ៧- សារ៉េត គ្រីយ៉ា (ចូល) ៨- ជា សំណាង (អត់​ចូល)

 

ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ក៏​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ដែរ​​ដោយ​តង់​ទី​មួយ​ ភ្នំពេញ​ក្រោន និង​ស៊ីម៉ាក់​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​នៅ​ចុង​ម៉ោង​នៃ​តង់​ទី​២ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង អ៊ិន សុដាវិត ស៊ុត​ជើង​ឆ្វេង​ចូល​បាន​ម្រេច​​នៅ​នាទី​៨៧​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោន​ឈ្នះ​១-០។

 

 ព្រះ​ខ័នរាជ​ស្វាយរៀង

 

សម្រាប់​ជ័យលាភី

ជើង​ឯក៖ ក្រសួង​ការពារ​ជាតិ​ ទទួល​បាន​ពាន​១ មេដាយ​មាស និង​ប្រាក់រង្វាន់​​៨០​លាន​រៀល​ ជើង​ឯក​រង៖ ព្រះ​ខ័នរាជ​ស្វាយរៀង ​ទទួល​បាន មេដាយ​ប្រាក់​ និង​ប្រាក់​រង្វាន់​ ៦០​លាន​រៀល​ ក្រុម​លេខ​៣៖ ភ្នំពេញក្រោន ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ អ្នក​ចាំ​ទី​ល្អ៖ អ៊ុំ សេរីរ័ត្ន ទទួល​បាន ស្រោម​ដៃ​មាស និង​ប្រាក់​រង្វាន់​១​លាន​រៀល​ អ្នក​រក​គ្រាប់​បាល់​ច្រើន៖ សួង វីរៈ  (២៥​គ្រាប់) ទទួល​បានស្បែក​ជើង​មាស និង​​​ប្រាក់​រង្វាន់​១​លាន​រៀល​ ក្រុម​ Fair Play៖ ភ្នំពេញ​ក្រោន ទទួល​បាន​ប្រាក់​រង្វាន់​៥​លាន​រៀល​ ក្រុម​អាជ្ញា​កណ្តាល៖ ទទួល​បាន​ប្រាក់​រង្វាន់​៣​លាន​រៀល

 

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា។ ពិធី​ប្រគល់​រង្វាន់​ចូល​រួម​ដោយ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស​ និង​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម