គ្រូ​ផឹក​ស្រា​ស្រវឹង​​ រួច​មក​បង្រៀន​ វាយ​សិស្ស​ផ្អើល​ពេញ​ថ្នាក់​

  • 2016-07-04 20:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ខ្សែ​ ដែល​បង្ហាញ​ឲ្យ​ឃើញ ពី​សកម្មភាព​ដ៏​ឃោរឃៅ​របស់​គ្រូ​ប្រុស​ប្រមឹក​ម្នាក់ នៅ​ក្នុង​ខេត្ត​ Gansu នៃ​ប្រទេស​ចិន​​ ចាប់​វាយ​កូន​សិស្ស​ចំនួន​៨​នាក់ នៅ​ក្នុង​ថ្នាក់រៀន ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណែត ហើយ​មនុស្ស​ជាច្រើន​បាន​រិះគន់ ទៅលើ​គ្រូ​ប្រុស​នោះ​យ៉ាង​ចាស់​ដៃ​តែម្ដង។

 

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​ដែល​ប្រព្រឹត្តិ​ខុស​សីលធម៌​គ្រូ​រូប​នោះ មាន​ឈ្មោះ​ថា វ៉ាង បាន​ចាប់​វាយ​កូន​សិស្ស​ដែល​មក​រៀន​យឺត ចំនួន ៨នាក់ ដែល​ហេតុការណ៍​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៦ នៅ​ឯ​វិទ្យាល័យ​មួយ ស្ថិត​ក្នុង​ទីក្រុង Longnan នៃ​ប្រទេស​ចិន។ លោកគ្រូ វ៉ាង ដែល​គេ​ជឿជាក់​ថា​ស្រវឹង​ស្រា​នៅ​ពេល​កើតហេតុ បាន​ចាប់​កូន​សិស្ស​ទាំង​ប្រុស​ទាំង​ស្រី​វាយ ដោយ​ប្រើប្រាស់​វត្ថុ​រឹងៗ​ដូច​ជា សៀវភៅ និង​អំបោស នៅ​ក្នុង​ថ្នាក់​រៀន។

 

អ្នក​នាំ​ពាក្យ​របស់​សាលារៀន​នោះ បាន​និយាយ​ថា សិស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​ការ​ពិនិត្យ ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ យ៉ាងណាមិញ លោកគ្រូ វ៉ាង បាន​សុំ​ទោស​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​សិស្ស​រងគ្រោះ​ទាំង​អស់ ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ត្រលប់​មក​រៀន​វិញ​ធម្មតា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​អប់រំ​បាន​បើក​ការ​ស៊ើប​អង្កេត និង​បាន​ព្យួរ​ការងារ​របស់​លោក​គ្រូ វ៉ាង ផង​ដែរ។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​វីដេអូ​ឃ្លីប​នៃ​ហេតុការណ៍​ខាង​លើ ត្រូវ​បាន​ចែក​ចាយ​រួច​មក អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណែត នៅ​លើ​បណ្ដាញ​សង្គម Weibo បាន​បញ្ចេញ​មតិ​រិះគន់​ចំពោះ​លោកគ្រូ វ៉ាង យ៉ាង​ចាស់​ដៃ​តែ​ម្ដង ដូចជា៖

 

«ទោះ​បី​ជា​លោក​គ្រូ​មាន​ការ​លំបាក​ខ្លាំង ក៏​មិន​មែន​មាន​ន័យ​ថា លោក​គ្រូ​អាច​ធ្វើ​ទុក្ខ​ទោស ទៅ​លើ​សិស្ស​បែបនេះ​បាន​ដែរ» «លោកគ្រូ​រូប​នេះ​មិន​សម​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​ឡើយ។ ក្នុង​នាម​ជា​គ្រូបង្រៀន តើ​គាត់​អាច​ផឹក​ស្រា​ស្រវឹង​ ពេល​កំពុង​បង្រៀន​បាន​យ៉ាង​ម៉េច​ទៅ? វា​មិន​មែន​ជា​អ្វី​ដែល​គ្រូបង្រៀន​គួរ​ធ្វើ​នោះ​ទេ» «ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់ ចំពោះ​សិស្ស​ទាំង​នោះ ដែល​បាន​ស៊ូ​ទ្រាំ​ចំពោះ​ការ​វាយដំ​ដូច្នេះ»៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist