Sam៖ ​បើ​ត្រៀម​ខ្លួន​បាន​ល្អ​ រួម​នឹង​សំណាង​ផ្ដល់​ឲ្យ​ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ជោគជ័យ

  • 2014-10-30 22:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​របស់​ភ្នំពេញ​ក្រោន​ Samuel Schweingruber បាន​លើក​ឡើង​ថា​ ប្រសិន​បើ​កូន​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​រួច​ជា​ស្រេច​ ហើយ​សំណាង​ផ្ដល់​ឲ្យ​ រួម​នឹង​កីឡាករ​គ្រប់​រួប​ដាក់​ចិត្ត​ដាក់​កាយ​១០០ភាគរយ​ក្នុង​ការ​ប្រកួត​ នោះ​រឿង​ភ្ញាក់​ផ្អើល​នឹង​កើត​មាន​ឡើង​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ក្រុម​របស់​ក្រុម​របស់​លោក​រំពឹង​ទុក​នោះ​ដែរ។ នេះ​ជា​ការ​ថ្លែង​របស់​លោក​គ្រូ​បង្វឹក​ Sam នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ខេត្ត​ Binh Duong នា​ព្រឹក​មិញ​នេះ។

 

ថ្លែង​ដូច​នេះ​ក៏​ដោយសារ​តែ​លោក​បាន​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​ថា​ ក្រុម​របស់​លោក​នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ ដែល​ជា​ជើង​ឯក​លីក​របស់​វៀតណាម​ Becamex Binh Duong FC និង​ជា​ក្រុម​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ Toyota Mekong Club Championship

 

«ការ​ត្រៀម​ខ្លួន​របស់​យើង​គឺ​មិន​បាន​ល្អ​១០០​ភាគរយ​នោះ​ទេ​ ដោយសារ​តែ​កីឡាករ​សំខាន់ៗ​របស់​យើង​៥​នាក់​ទើប​តែ​ត្រឡប់​មក​ពី​ជួយ​ក្រុម​ជម្រើស​ជាតិ​ ហើយ​យើង​ក៏​ទើប​តែ​ទទួល​បាន​នូវ​កីឡាករ​ថ្មី​២​រូប​កាល​ពី​ពីរ​ទៅ​បី​សប្ដាហ៍​មុន​នេះ» នេះ​ជា​ការ​ថ្លែង​ពី​បញ្ហា​ប្រឈម​របស់​លោក​គ្រូ​បង្វឹក​ Sam។

 

 Samuel Schweingruber កណ្ដាល

បន្ថែម​លើ​នេះ​ លោក​គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​ ក្រុម​របស់​លោក​បាន​ខិត​ខំ​គ្រប់​បែប​យ៉ាង​ ដើម្បី​ស្វែង​រក​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​ ហើយ​ការ​ខក​ខាន​មិន​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​កាល​ពី​ម្សិល​មិញ​នេះ​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​ក្រុម​នោះ​ទេ​ ពីព្រោះ​កីឡាករ​គ្រប់​រូប​សុទ្ធ​តែ​មាន​អារម្មណ៍​ល្អ​ និង​មាន​ទំនុក​ចិត្ត​ថា​អាច​នឹង​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​នេះ។

 

យ៉ាងណាក្ដី​ លោក​និង​កូន​ក្រុម​ទាំង​អស់​គឺ​ពេញ​ចិត្ត​នឹង​ចូល​រួម​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ​ ពីព្រោះ​វា​ជា​ឱកាស​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កីឡា​បាល់​ទាត់​ខ្មែរ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​ ក៏​ដូចជា​ក្លិប​ទាំង​មូល​ផង​ដែរ។ ការ​លេង​តតាំង​ជាមួយ​នឹង​ក្រុម​ដែល​មាន​កម្រិត​សមត្ថភាព​លេង​ខ្ពស់​នៅ​ក្នុង​តំបន់​គឺ​ជា​បទពិសោធន៍​ដ៏​ល្អ​ និង​ជា​ពេល​វេលា​មួយ​ដែល​អាច​ធ្វើ​ការ​វាស់​ស្ទង់​ពី​សមត្ថភាព​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុម​ខ្លួន​ទៀត​ផង។

 

 កីឡាករ​ទាំង​១៨​នាក់​របស់​ភ្នំពេញ​ក្រោន​ទៅ​ចូល​រួម​ Toyota Mekong Club Championship

ភ្នំពេញ​ក្រោន​ នឹង​ត្រូវ​ប៉ះ​ជើង​ឯក​លីក​វៀតណាម​ Becamex Binh Duong នៅ​កីឡដ្ឋាន​ Binh Duong Stadium នា​ម៉ោង​៨​យប់​ស្អែក​ ស្រប​ពេល​ដែល​ជើង​ឯក​លីក​ឡាវ​ HOANG ANH ATTAPEU FC​ ត្រូវ​ជួប​ម្ចាស់​ពាន​ជើង​ឯក​ជាតិ​មីយ៉ាន់ម៉ា​ AYEYAWADY UNITED FC នៅ​ម៉ោង​៥​ល្ងាច។

 

អត្ថបទ៖ អៀង សូទ្រី រូបថត៖ ទំព័រហ្វេសប៊ុកក្លិបភ្នំពេញក្រោន