ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Branding

  • 2016-07-11 20:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​ទីផ្សារ​សេរី​មាន​លក្ខណៈ​ទូលំទូលាយ​ ពេល​នោះ​ការ​ប្រកួត​ប្រជែង​ក៏​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ​ ដូចនេះ​បុគ្គលិក​ផ្នែក​លក់​ទាំង​អស់​តម្រូវ​មាន​លក្ខណៈ​ពិសេស​អ្វី​មួយ​ដែល​ប្លែក ហើយ​អាច​ទាក់​ទាញ​អតិថិជន​មក​ទិញ​ផលិត​ផល​របស់​ខ្លួន​ ឬ​ក្រុមហ៊ុន​របស់​ខ្លួន។

 

 

ក្នុង​សិក្ខា​សាលា​ ការ​លក់​ក្នុង​សតវត្ស​ទី​២១ លោក​ចាន់ រដ្ឋា​ នាយក​នៃ​នាយកដ្ឋាន​ផ្នែក​លក់​ នៃ​ក្រុមហ៊ុន​មេនូឡាយហ្វ៍ បាន​ចែក​រំលែក​នូវ​ពាក្យ​មួយ​ឃ្លា​ នោះ​គឺ "​បើ​ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ​ យើង​ត្រូវ​ខ្លាំង​ Personal Branding​”។

 

តើ​អ្វី​ទៅ​ជា​ Personal Branding? ឬ​តើ​យើង​មាន​លក្ខណៈ​ពិសេស​អ្វី?

 

លោក​ រដ្ឋា ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​គ្រប់​រូប​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន តែ​ថា​តើ​បុគ្គល​ម្នាក់ៗ​បាន​ធ្វើ​អី​ខ្លះ​ជាមួយ​លក្ខណៈ​ពិសេស​នោះ​។ ហើយ​លោក​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា personal branding ខុស​ពី network ដោយសារ​តែ​ network គឺ​មនុស្ស​ម្នាក់​ស្គាល់​គេ​ច្រើន តែ​ personal branding គឺ​អ្នក​ផ្សេង​ជា​ច្រើន​ស្គាល់​ពី​អ្នក​ ។

 

លោក​ រដ្ឋា ​បាន​មាន​ប្រសាសន៍​ថា​៖ "តើ​ branding​ របស់​យើង​ដូច​គ្នា​ដែរ​អត់​រាល់​ថ្ងៃ សាមញ្ញ​បំផុត​finger printរបស់​យើង​ DNA​ គឺ​ខុស​គ្នា យើង​មាន​ uniqueness(មាន​តែ​មួយ) ​រៀងៗ​ខ្លួន... ប៉ុន្តែ​យើង​បាន​ធ្វើ​អី​ជាមួយ​លក្ខណៈ​ពិសេស​ហ្នឹង....personal branding ខុស​ពី​ network​ អូ!​ខ្ញុំ​ស្គាល់​គេ​ច្រើន​ណាស់ ហ្នឹង​គេ​ហៅ​ network រីឯ​ personal branding​គឺ​តើ​គេ​ស្គាល់​ពី​យើង​ប៉ុន្មាន​នាក់?”

 

លោក​ក៏​បាន​បង្ហាញ​បន្ត​ទៀត​ថា personal branding មាន​បី​ចំណុច​សំខាន់ៗ៖ ជួយ​នរណា​ម្នាក់ ធ្វើ​ឱ្យ​លើស​ពី​អ្វី​ដែល​ភ្ញៀវ​រំពឹង​ទុក និង​ប្រមូល​ភស្តុតាង​។

 

១. ជួយ​នរណា​ម្នាក់​

សំដៅ​លើ​ការ​ជួយ​ភ្ញៀវ ដូចជា​ចុះ​ទៅ​និង​ជួយ​សហគមន៍​ ការ​និយាយ​ល្អ​ពី​ភ្ញៀវ​ និង​ការ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ភ្ញៀវ

 

២. ធ្វើ​ឱ្យ​លើស​ពី​អ្វី​ដែល​ភ្ញៀវ​រំពឹង​ទុក​

បុគ្គលិក​ទាំង​អស់​ត្រូវ​យល់​ពី​ការ​រំពឹង​ទុក​របស់​ភ្ញៀវ​សិន និង​បុគ្គលិក​ក៏​ត្រូវ​ដឹង​ថា​ហេតុ​អី​បាន​ជា​ភ្ញៀវ​ត្រូវ​ទិញ​ពី​ខ្លួន​ឯង និង​ត្រូវ​ធ្វើ​ឱ្យ​ភ្ញៀវ​សប្បាយ​ចិត្ត​ដោយសារ​ការ​ធ្វើ​ខួប​កំណើត​ និង​ការ​ដោះស្រាយ​បញ្ហា។

 

៣. ប្រមូល​ភស្តុតាង​

ពេល​ភ្ញៀវ​សរសើរ​ពី​អ្នក សូម​កុំ​ភ្លេច​ប្រមូល​ភស្តុតាង​ ដូចជា៖​កាដូ ការ​សរសេរ​ថ្លែង​អំណរគុណ​ពី​ភ្ញៀវ​ជា​ដើម។

 

យ៉ាង​ណា​មិញ​ ដើម្បី​ដឹង​ថា​ខ្លួន​មាន​ personal branding ​ល្អ​យ៉ាង​ណា​ សូម​សួរ​ខ្លួន​ឯង​ថា តើ​មាន​អតិថិជន​ប៉ុន្មាន​នាក់​ដែល​ហៅ​ខ្លួន​អ្នក​ចូល​រួម​បុណ្យ អាពាហ៍ពិពាហ៍​របស់​គេ ហើយ​ភ្ញៀវ​ប៉ុន្មាន​អ្នក​ជួយ​លក់​ផលិតផល​ឱ្យ​អ្នក​។ ហើយ​លោក​ក៏​បាន​ជូន​សិក្ខាកាម​ជាមួយ​នឹង​ពាក្យ​មួយ​ឃ្លា​ថា "មនុស្ស​គេ​ទិញ​ពី​អ្នក​ដែល​គេ​ទុកចិត្ត​ និង​ស្រឡាញ់"៕

 

 

 

អត្ថបទ៖ នួន ចាន់លីហួត