ក្រសួងវប្បធម៌ ដាក់ភ្លើងក្រហមបទ "ទាល់តែយូរទើបស៊ីអូនបាន" និង "ស៊ីបាន ចេះតែស៊ីទៅ"
- 2016-07-13 17:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ ដាក់ភ្លើងក្រហមបទ "ទាល់តែយូរទើបស៊ីអូនបាន" និង "ស៊ីបាន ចេះតែស៊ីទៅ"
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ បានសម្រេចហាមឃាត់ចំពោះបទចម្រៀងខ្មែរ២បទ គឺបទ "ទាល់តែយូរ ទើបស៊ីអូនបាន"របស់ផលិតកម្ម U Music និងបទ "ស៊ីបាន ចេះតែស៊ីទៅ" របស់ផលិតកម្មថោន មិនអោយថតជាវីដេអូចម្រៀង ឬយកទៅច្រៀងលើឆាកតន្ត្រីនានាឡើយ។ នេះបើតាមលោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត បញ្ចេញឲ្យដឹង។
ចំណាត់ការនេះ របស់ក្រសួងវប្បធម៌ បន្ទាប់ពីបទចម្រៀងទាំងពីរខាងលើ បានធ្វើឲ្យមានការរិះគន់ធ្ងន់ៗពីមហាជនទៅលើការប្រើពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ព្រមទាំងរិះគន់ទៅលើការលួចចម្លងស្នាដៃបទភ្លេងរបស់ប្រទេសជិតខាងផង។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា បន្ទាប់ពីរឿងកើតឡើងលើបទចម្រៀងទាំងពីរ ក្រសួងបានកោះប្រជុំក្រុមការងារ ចុងក្រោយបានសម្រេចហៅផលិតកម្មទាំងពីរមកជួបធ្វើការណែនាំ និងធ្វើកិច្ចសន្យា ដោយក្នុងនោះ ផលិតកម្ម U Music មានចាងហ្វាង អ្នកនិពន្ធ និងតារាចម្រៀង ម៉ាលីស។
ដោយឡែកផលិតកម្មថោនវិញ មានអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅ ជាអ្នកចេញមុខមកជួប ខណៈតារាចម្រៀង កែវ វាសនា អត់នៅក្នុងប្រទេស។ ស៊ិន ចន្ទសាយ៉ា ថ្លែងថា "យើងបានណែនាំពួកគាត់ និងឲ្យពួកគាត់ផ្ដិតមេដៃលើកិច្ចសន្យា មិនឲ្យផលិតជាវីដេអូចម្រៀង ឬខារ៉ាអូខេ និងមិនឲ្យយកបទទាំងពីរនេះ ទៅច្រៀងលើឆាកតន្ត្រីចល័តនានា ឬកម្មវិធីតន្ត្រីទូរទស្សន៍ណាមួយឡើយ"។
បទ "ទាល់តែយូរទើបស៊ីអូនបាន" ច្រៀងដោយតារាចម្រៀង ចាន់ ម៉ាលីស របស់ផលិតកម្ម U Music មិនទាន់បានថតជា Audio CD ទេ គឺទើបតែនិពន្ធចប់ តារាចម្រៀង ម៉ាលីស បានយកទៅច្រៀងនៅលើឆាកតន្ត្រីរបស់ទូរទស្សន៍ MyTV ក៏កើតការរិះគន់តែម្ដង។ ដោយឡែកបទ "ស៊ីបាន ចេះតែស៊ីទៅ" របស់ផលិតកម្មថោន ច្រៀងដោយ កែវ វាសនា បានចេញ Audio CD លក់លើទីផ្សារហើយ។ នេះបើតាមលោក មាស សុខរតនៈ អ្នកចាត់ការទូទៅរបស់ផលិតកម្ម ប៉ុន្តែថា ចំណាត់ការរបស់ក្រសួងមិនប៉ះពាល់ដល់ការលក់ CD នេះឡើយ ព្រោះ Audio CD ក្រសួងមិនតម្រូវឲ្យឆ្លងឡើយ។
ងាកមក លោក ស៊ិន ចន្ទសាយ៉ា ក៏បញ្ជាក់ដែរថា ក្រសួងមិនមានចំណាត់ការលើ Audio CD ដែលចេញលក់រួចនោះហើយទេ គឺគ្រាន់តែហាមមិនឲ្យផលិតជាវីដេអូចម្រៀង ឬយកទៅច្រៀងនៅតាមឆាកតន្ត្រី កម្មវិធីតន្ត្រីទូរទស្សន៍ណាមួយប៉ុណ្ណោះ។
“បទ "ស៊ីបាន ចេះតែស៊ីទៅ" គេចេញលក់រួចហើយ អីចឹង កុំអោយតែយកទៅថតជាខារ៉ាអូខេ ឬយកទៅច្រៀងនៅទីណាអីទៅបានហើយ ហើយចាំជួយតាមដានមើលផង ក្រែងគេយកទៅច្រៀងនៅណា យើងអត់ដឹង!”។ លោក ស៊ិន ចន្ទសាយ៉ា ថ្លែង។
បទចម្រៀងទាំងពីរបទខាងលើ បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីបទ "ទាល់តែយូរទើបស៊ីអូនបាន" ត្រូវបានយកទៅច្រៀងនៅលើឆាកតន្ត្រីរបស់ទូរទស្សន៍ក្នុងស្រុកមួយ។ ក្រោយមក មហាជន ក៏បានបន្តមករិះគន់បទ "ស៊ីបាន ចេះតែស៊ីទៅ" ទៀត ដោយសារទាំងពីរបទ បានយកបទភ្លេងតែមួយពីប្រទេសជិតខាងមួយដូចគ្នា ហើយពាក្យពេចន៍ មហាជនយល់ថា មិនសមរម្យ និងប៉ះពាល់ដល់តម្លៃនារីខ្មែរដូចគ្នាទៀត។
ករណីនេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសភ្លាមនាថ្ងៃបន្ទាប់ ដោយហាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ មិនឲ្យចាក់ផ្សាយបទទាំងពីរខាងលើនេះ។ យ៉ាងណាក្ដីបន្ទាប់ពីប្រកាសរបស់ក្រសួងព័ត៌មាន និងមហាជននៅតែរិះគន់ ពិសេសក្រោយជំនួបជាមួយក្រសួងវប្បធម៌ ផលិតកម្ម U Music ម្ចាស់បទ "ទាល់តែយូរទើបស៊ីអូនបាន" បានសម្រេចលុបចោល មិនចេញចរាចរណ៍លើទីផ្សារឡើយ បើទោះមុននេះមួយជំហាន ធ្លាប់បានសម្រេចថា ប្ដូរត្រឹមចំណងជើង និងខ្លឹមសារខ្លះៗក៏ដោយ។
ដោយឡែកបទ "ស៊ីបាន ចេះតែស៊ីទៅ" បានចេញលក់ CD លើទីផ្សារ មុនផ្ទុះរឿងទៅទៀត។ យ៉ាងនេះក្ដី បទនេះ និងបទ "ទាល់តែយូរទើបស៊ីអូនបាន" ទទួលចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យផលិតជាខារ៉ាអូខេ ហើយតារាចម្រៀង ក៏មិនអាចយកទៅច្រៀងនៅកម្មវិធីតន្ត្រីនានាដូចគ្នានាពេលនេះ៕
អត្ថបទ៖ ទារិកា