តួកគីកំពុងចលាចលពេញប្រទេស ខណៈកងទ័ពធ្វើរដ្ឋប្រហារ
- 2016-07-16 15:40:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកគីកំពុងចលាចលពេញប្រទេស ខណៈកងទ័ពធ្វើរដ្ឋប្រហារ
ចន្លោះមិនឃើញ
កងទ័ពតួកគី ប្រកាសថាពួកគេបានកាន់កាប់ប្រទេសហើយ ក្រោយធ្វើរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតីនៅថ្ងៃសៅរ៍នេះ ដោយបង្កឲ្យមានការប៉ះទង្គិចបង្ហូរឈាមនៅទីក្រុងអ៊ីស្តាន់ប៊ុល និងអង់ការ៉ា។
ភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu រាយការណ៍ថា រដ្ឋសភាក្នុងទីក្រុងអង់ការ៉ាមានផ្ទុះគ្រាប់បែក។ ប៉ុន្តែនាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim និយាយតាមទូរទស្សន៍ NTV ថា ស្ថានភាពក្នុងប្រទេសតួកគីមួយភាគធំស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋាភិបាលនៅឡើយ។
ប្រសិនបើការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក Tayyip Erdogan ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០០៣នេះបានជោគជ័យ វានឹងក្លាយជាការផ្លាស់ប្ដូរអំណាចដ៏ធំបំផុតនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ចំណែកប្រធានាធិបតីផ្ទាល់វិញថ្លែងថា "យើងនឹងយកឈ្នះបញ្ហានេះ ហើយខ្ញុំជឿជាក់ថាពួកផ្សំគំនិតធ្វើរដ្ឋប្រហារនឹងមិនជោគជ័យឡើយ។ ខ្ញុំសូមជំរុញឲ្យប្រជាជនទួរគីទៅប្រមូលផ្ដុំនៅទីលានសាធារណៈ និងតាមព្រលានយន្តហោះនានា។ ខ្ញុំមិនជឿថា កម្លាំងរបស់កងទ័ព ខ្លាំងជាងកម្លាំងប្រជាជននោះទេ"។ មកទល់ពេលនេះ គេមិនទាន់ដឹងថាមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់នៅឡើយទេ៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Channelnewsasia