ល្ងាចនេះ U16 កម្ពុជា ប៉ះ U16 ថៃ ប្រជែងគ្នាយកលេខ១ក្នុងពូល B
- 2016-07-17 13:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ U16 កម្ពុជា ប៉ះ U16 ថៃ ប្រជែងគ្នាយកលេខ១ក្នុងពូល B
ចន្លោះមិនឃើញ
ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំត្រូវទទួលស្វាគមន៍ក្រុមជើងឯកចាស់ U16 ថៃវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិដើម្បីប្រជែងគ្នាយកតំណែងលេខ១ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Smart U16 Championship 2016។
វាជាជំនួបដ៏សំខាន់ និងតឹងតែងគួរឲ្យអារម្មណ៍បំផុតសម្រាប់ក្រុមទាំងពីរ បន្ទាប់ពីក្រុមយុវជនកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ពីរប្រកួតកន្លងមក។ ចំណែកU16 ថៃជាជើងខ្លាំងយូរមកហើយ និងជាម្ចាស់ការពារជើងឯកឆ្នាំចាស់ទៀតផង។
យុវជនជម្រើសជាតិកម្ពុជាកំពុងឈរលេខ១ក្នុងពូល B បន្ទាប់ពី២ប្រកួតកន្លងមកទទួលបានជ័យជម្នះទាំងពីរក្នុងនោះឈ្នះក្រុមឡាវ ៣-១ និងឈ្នះក្រុមប៊្រុយណេ ២-០។ បើក្រុមកម្ពុជាទប់ត្រឹមស្មើក៏សង្ឃឹមបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រដែរ។ អ្វីដែលជាផលចំណេញសម្រាប់យុវជនកម្ពុជាចំពោះការប្រកួតល្ងាចនេះគឺកម្លាំងចិត្តអ្នកគាំទ្រ និងសម្រាកបានច្រើនថ្ងៃ។ ដោយឡែកក្រុមយុវជនថៃដែលទើបសម្រាកបាន២ថ្ងៃកំពុងឈរលេខ២ តែមាន៦ពិន្ទុដូចកម្ពុជា ក្រោយឈ្នះទីម័រខាងកើត ៣-០ និងឈ្នះ ប៊្រុយណេ១-០។ ក្រុមថៃក៏មិនខុសពីកម្ពុជាដែរគឺបានត្រឹមស្មើនឹងកម្ពុជាក៏សង្ឃឹមឡើងវគ្គបន្តដូចគ្នា។
សំដីគ្រូបង្វឹក លោក Inoue Kazunori គ្រូបង្វឹកកម្ពុជាបាននិយាយថា ប្រសិនបើអ្នកគាំទ្រកម្ពុជាចូលរួមទស្សនាកាន់តែច្រើនកុះករ នោះក្រុមរបស់លោកនឹងលេងកាន់តែល្អខ្លាំងឡើង។ ល្ងាចនេះសង្ឃឹម អ្នកគាំទ្រចូលរួមទស្សនាលើកទឹកចិត្តឲ្យបានច្រើនជាងមុន។ លោកចង់បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយក្នុងវិស័យកីឡាកម្ពុជាដើម្បីជូនពលរដ្ឋខ្មែរ។
លោក Chaiyong Khumpian គ្រូបង្វឹកយុវជនថៃបានឲ្យដឹងថា ក្រុមយុវជនរបស់លោកដែលមកកម្ពុជានេះមិនមែនជាក្រុមដែលប្រកួតមិត្តភាពចាញ់ក្រុមកម្ពុជាកាលនៅលើទឹកដីថៃនោះទេ។ កាលប្រកួតមិត្តភាពដាក់ចម្រុះកីឡាករលេងច្រើន ប៉ុន្តែកូនក្រុមរបស់លោកមកកម្ពុជានេះគឺផ្លាស់ប្តូរទាំងស្រុង។
មុនពេលក្រុមកម្ពុជាប៉ះថៃម៉ោង៦:៣០នាទីល្ងាច ក៏មានការប្រកួតមួយគូទៀតវេលាម៉ោង៣:៣០នាទីរសៀលដែលជាការប៉ះគ្នារវាងក្រុមប៊្រុយណេ និងឡាវ។ ការប្រកួតទាំងពីរនៅពហុកីឡដ្ឋានជាតិផ្សាយផ្ទាល់ដោយ MYTV ទាំងពីរគូ៕
អត្ថបទ៖ ជាន ចាន់រ៉ា