យុវតីខ្មែរពូកែគណិតវិទ្យា ចង់ក្លាយជាគ្រូបង្រៀន បន្ទាប់ពីរៀនចប់នៅចិន
- 2014-10-31 16:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីខ្មែរពូកែគណិតវិទ្យា ចង់ក្លាយជាគ្រូបង្រៀន បន្ទាប់ពីរៀនចប់នៅចិន
ចន្លោះមិនឃើញ
ឥលូវនេះចិនបានដណ្ដើមតំណែងពីអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងពិភពលោក ស្របពេលដែលយុវតីខ្មែរ លាង សុវលក្ខណ៍ ស្រស់ស្អាតម្នាក់រៀនជំនាញ គ្រប់គ្រងពាណិជ្ជកម្មលើទឹកដីមួយនេះ ដែលមិនខុសពីពាក្យចាស់ពោលថា រកអុសប្រទះឈើងាប់នោះទេ ហើយកញ្ញានឹងវេចស្ពាយចែករំលែកចំណេះដឹងនេះមកសិស្សកម្ពុជាតាមរយៈការបង្រៀនព្រោះកញ្ញាចង់ក្លាយជាសាស្ត្រាចារ្យក្រោយបញ្ចប់ការសិក្សា។
មានស្រុកកំណើតក្នុងខេត្តកំពង់ចាម ដែលជាអតីតសិស្សពូកែលេខមួយផ្នែកគណិតវិទ្យាប្រចាំស្រុកកោះសូទិនក្នុងវិទ្យាល័យជីហែ និង អាហារូបករណ៍គណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សុវលក្ខណ៍ សព្វថ្ងៃអាយុ ២២ ឆ្នាំ កំពុងសិក្សានៅ University of Electronic Science Technology of China ( UESTC )។ កញ្ញានិយាយថា ការដែលកញ្ញាចាប់យកជំនាញនេះ ព្រោះវាអាចជួយសេដ្ឋកិច្ចប្រទេសបានខ្លះ ម្យ៉ាងទៀតមានក្រុមហ៊ុនចិនមកបណ្ដាក់ទុនក្នុងស្រុកច្រើន ហើយមុខវិជ្ជានេះទាក់ទងនឹងការគ្រប់គ្រង រួមនិងសេដ្ឋកិច្ច ដែលបង្រៀនពីទីផ្សារច្រើនព្រមទាំងអប់រំឲ្យចេះឃុំគ្រងចិត្តនិងអាកប្បកិរិយាមុនសម្រេចអ្វីមួយ។
ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនពេលរៀននៅចិន លក្ខណ៍មានគម្រោងដាក់ពាក្យចុះកម្មសិក្សាយក Credit Graduated នៅក្រុមហ៊ុនបរទេស។ កញ្ញាក៏ចង់ដកស្រង់ពិសោធន៍តាមរយៈការងារនៅប្រទេសចិនដែរ ប៉ុន្តែប្រទេសចិនចេញច្បាប់មិនអនុញ្ញាតឲ្យសិស្សបរទេសធ្វើការងារជាប់កុងត្រាអំឡុងរៀនសូត្រឡើយ ដូច្នេះកញ្ញាបានឆ្លៀតធ្វើជាជំនួយការមើលការខុសត្រូវក្នុងអន្តេវាសិកដ្ឋាន។ ការងារនេះមិនត្រឹមតែពង្រឹងនូវរបៀបគ្រប់គ្រងប៉ុណ្ណោះទេ តែថែមទាំងជួយលក្ខណ៍រឹតតែស្ទាត់ជំនាញលើភាសាចិន និង អង់គ្លេសថែមទៀតផង។ នៅថ្ងៃចុងសប្ដាហ៍ កញ្ញាក៏ឆ្លៀតពេលបង្រៀនភាសាអង់គ្លេសផងដែរ។
ការរស់នៅទីនេះទៀតសោត ក៏គ្មានបញ្ហាអីដែរបើទោះចិនមានវិបត្តិខ្យល់កខ្វក់បំពុលអាកាសធាតុយ៉ាងណាក៏ដោយ ព្រោះតំបន់ដែលកញ្ញារស់នៅមិនប៉ះពាល់ឡើយ ឯនៅប៉េកាំងទើបមាន។
បើទោះជាបានរៀនសូត្រក្នុងប្រទេសស៊ីវីល័យផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការសិក្សា លក្ខណ៍ចង់ក្លាយជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យនៅកម្ពុជា ព្រោះកញ្ញាសង្ឃឹមថា រាល់ចំណេះដឹងដែលបានសិក្សារៀនសូត្រកន្លងមកនឹងអាចចែករំលែកដល់សិស្សនិស្សិតកម្ពុជា។ ប៉ុន្តែបើមានលទ្ធភាព សុវលក្ខណ៍ក៏ចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅបណ្ដាប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសផងដែរ។
កញ្ញា លាងសុវលក្ខណ៍ បន្ថែមថា មិនថាទាក់ទងការសិក្សា ឬការរៀបចំដំណើរជីវិតទេ បើសិនជាសម្រេចដាក់ចិត្តដាក់កាយថាត្រូវធ្វើអ្វីមួយឲ្យប្រាកដ ពិតជាមិនខុសទេ ទោះការមករៀននៅក្រៅប្រទេសជួបការលំបាកច្រើនលើបរិស្ថានថ្មី ក៏ប៉ុន្តែវាមិនលំបាកខ្លាំងរហូតទ្រាំមិនបាននោះដែរ ផ្ទុយទៅវិញទទួលបានបទពិសោធន៍ច្រើនពីការរស់នៅក្រៅប្រទេស ការរឹងមាំ មានគំនិតថ្មីៗដឹងកាន់តែស៊ីជម្រៅពីវប្បធម៌បរទេស។
កញ្ញាសូមលើកទឹកចិត្តសិស្ស-និស្សិតទាំងអស់ដែលមានបំណងចង់បន្តការសិក្សានៅបរទេសឲ្យខិតខំប្រឹងប្រែង ព្រោះបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាលច្រើនពីរបៀបយកអាហារូបករណ៍និងឯកសារពាក់ព័ន្ធក៏មានច្រើនដែរ។ ជាចុងក្រោយ កញ្ញាលាង សុវលក្ខណ៍សូមអរគុណអ្នកម៉ាក់ លោកប៉ា ដែលខំគិតគូ និង យកចិត្តទុកដាក់លើការសិក្សាព្រមទាំងចិញ្ចឹមបីបាច់កញ្ញាផងដែរ។
សូមអាន ៖ យុវតីខ្មែររៀនសុទ្ធតែពាណិជ្ជកម្មអន្តរជាតិនៅថៃ រំពៃចង់បានការងារនៅទីនោះទៀត!
អត្ថបទ៖ លឹម សុនា
រូបថត៖ Facebook លាង សុវលក្ខណ៍