យុវតី​ខ្មែរ​រៀន​សុទ្ធ​តែ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ថៃ ​រំពៃ​ចង់​បាន​ការងារ​នៅ​ទី​នោះ​ទៀត!

  • 2014-10-09 19:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ​ស្រស់​សោភា​ ផល ស្រីល័ក្ខ ​​ បច្ចុប្បន្ន​​កំពុង​សិក្សា​​មុខ​ជំនាញ​​ “គ្រប់​គ្រង​ពាណិជ្ជកម្ម​​អន្តរជាតិ” ឬ​ ហៅ​ថា​​  International Business Management ​នៅ​សាកលវិទ្យាល័យ​ Assumption University​ នៅ​​ប្រទេស​ថៃ​​​​​​​ ​បាន​ប្រាប់​ Sabay ថា​ កញ្ញា​ចង់​​ទៅ​ធ្វើ​​ការ​​នៅ​ប្រទេស​​​ថៃ​​ មុន​​នឹង​ត្រលប់​មក​កម្ពុជា។ តើ​​មាន​ហេតុ​ផល​អី​បាន​ជា​ស្រី​ស្អាត​រូប​នេះ​​​សម្រេច​ចិត្ត​បែប​នេះ​?  សូម​តាម​ដាន​បទសម្ភាសន៍​ខាង​ក្រោម។

 

 

​Sabay៖ តើ​ ​កញ្ញា​​​បញ្ចប់​​ថ្នាក់​វិទ្យាល័យ​​នៅ​សាលា​ណា? ហើយ​​​មាន​បំណង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាំង​ពី​​ពេល​ណា​មក?

ស្រីល័ក្ខ៖ ខ្ញុំបាន​បញ្ចប់​​ថ្នាក់​វិទ្យាល័យ​នៅ​វិទ្យាស្ថាន​​ប៊ែលធី​អន្តរជាតិ​។ កាល​ខ្ញុំ​​នៅ​តូច​នៅ​ពេល​​ចូល​រៀន​ដំបូង​ ​​ខ្ញុំ​តែង​តែ​មាន​បំណង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ជានិច្ច។ ​​ខ្ញុំ​មាន​បំណង​​ចង់​ស្វែង​​យល់​​​​វប្បធម៌​បរទេស ​និង​​ចែក​រំលែក​​​វប្បធម៌​ខ្មែរ​​ទៅ​កាន់​ពិភព​លោក ​​​​ក្នុង​បំណង​​ឲ្យ​ប្រទេស​ផ្សេងៗ​​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់។

​ ​​ខ្ញុំ​ក៏​ចង់​​បន្ត​ប្រើ​ភាសា​អង់គ្លេស​​​ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ​ថែម​ ទៀត។ លើស​ពី​នេះ ​​​ក៏​ចង់​សាក​ល្បង​​​រស់​​នៅ​​ម្នាក់​ឯង​​ឆ្ងាយ​ពី​គ្រួសារ  និង​ ចង់​បង្កើត​មិត្តភ័ក្ដិ​ថ្មីៗ​ ដើម្បី​ជា​ផល​ប្រយោជន៍​ និង​ ចែក​រំលែក​ចំណេះ​ដឹង​​ជា​មួយ​គ្នា​ទៅវិញ​ទៅ​មក។ ​​ការ​​ស្រូប​យក​ប្រព័ន្ធ​សិក្សា​ថ្មី​​ក៏​ជា​រឿង​សំខាន់​ ​​ដែល​​​ខ្ញុំ​​​​ត្រូវ​តែ​ចាប់​យក​​​ឲ្យ​ខាន​តែ​បាន។

Sabay៖ តើ​​កញ្ញា​​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​តាំង​ពី​ពេល​ណា​មក? ​សិក្សា​ជា​ភាសា​​អង់គ្លេស​ឬ ភាសា​ថៃ?

ស្រីល័ក្ខ៖ ខ្ញុំ​សិក្សា​នៅ​ប្រទេស​​ថៃ​ ​ប្រហែល​ជា​​កន្លះ​ឆ្នាំ​ហើយ ​​បើ​គិត​ដល់​ពេល​នេះ។ ​ដោយ​សារ​​ ​សាកល​វិទ្យាល័យ​នេះ​​ជា​សាលា​អន្តរជាតិ​ ដូច្នេះ​​ការ​បង្ហាត់​បង្រៀន​មិន​មែន​​ជា​ភាសា​ថៃ​ទេ គឺ​ ភាសា​អង់គ្លេស​ទាំង​អស់។

 

Sabay៖ តើ​​​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ចូល​​ដល់​ថ្នាក់​រៀន​ដំបូង? ​​មាន​​និស្សិត​បរទេស​ប៉ុន្មាន​​​នាក់ ​និង​និស្សិត​​ខ្មែរ​ប៉ុន្មាន​នាក់​​ដែល​កំពុង​សិក្សា​ជា​មួយ​កញ្ញា?

ស្រីល័ក្ខ៖ ខ្ញុំ​មាន​អារម្មណ៍​ថា​​​ប្លែក​​ខុស​​ពី​​នៅ​កម្ពុជា។ ​​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​ចូល​ដល់​សាលា​ដំបូង។ ​​​មិត្ត​រួម​ថ្នាក់​ខ្ញុំ​ ​ជួន​កាល​មាន​​​សិស្ស​បរទេស​ជាង​ ​១០ ​នាក់ ហើយ​ជួន​កាល​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ​ ​​ព្រោះ​យើង​ចូល​រៀន​ទៅ​តាម​មុខ​វិជ្ជា​​ដែល​ចុះ​ឈ្មោះ​ចូល​​​​រៀន​​។ ​ប៉ុន្តែ​​ក៏​មាន​និស្សិត​ខ្មែរ​ពីរ​បី​រូប​ដែរ ​​ដែល​​​ចុះ​ឈ្មោះ​ចូល​រៀន​មុខ​វិជ្ជា​ដូច​​​​ខ្ញុំ​​ ​​បើ​សរុប​ប្រហែល​ជា​មាន​​និស្សិត​​ពី​ខ្មែរ​ទៅ​​​ ៣០ នាក់​នៅ​សាកល​វិទ្យាល័យ​ Assumption ទាំង​មូល ។

 

Sabay៖  មាន​​ធ្លាប់​​គិត​​​ទេ ​ចុះ​បើ​អត់​មាន​​និស្សិត​ខ្មែរ​ តើ​នៅ​តែ​ចង់​​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​​ ឬ​ យ៉ាង​ណា?

ស្រីល័ក្ខ៖ ចាស៎​ តាម​ពិត​ទៅ​ បើ​អត់​មាន​​និស្សិត​​ខ្មែរ​ ក៏​ខ្ញុំ​ត្រូវ​តែ​​មក​សិក្សា​ដែរ​ព្រោះ​ជា​បំណង​របស់​ខ្ញុំ​ដើម្បី​​​ទទួល​ បាន​ចំណេះ​​ពី​ក្រៅ​ប្រទេស។ Sabay៖  ​កញ្ញា​​នៅ​​ឆ្ងាយ​ពី​គ្រួសារ​ជា​ទី​ស្រលាញ់​​ តើ​កញ្ញា​គ្រប់​គ្រង​អារម្មណ៍​បែប​​ម៉េច​នៅ​ពេល​​នឹក​ផ្ទះ​ម្ដងៗ?

ស្រីល័ក្ខ៖ ការ ​ពិត​ទៅ​​​​អារម្មណ៍​នៅ​​តែ​នឹក​គ្រួសារ​ជា​និច្ច​។ ​ប៉ុន្តែ​ពេល​ខ្ញុំ​នឹក​ផ្ទះ​​ម្ដង​ៗ ​ខ្ញុំ​តែង​បបួល​មិត្តភ័ក្ដិ​ជិតស្និទ្ធ​​​ខ្មែរ​ ឬ​ ថៃ​ទៅ​​ដើរ​លេង​ផ្សារ​​ ឬ​ ​ក៏​​និយាយ​តាម​ Skype ឬ​ Facebook ទៅ​​គ្រួ​សារ​ខ្ញុំ​នៅ​​ស្រុក​ខ្មែរ​ ឬ​ ជា​មួយ​មិត្តភ័ក្ដិ​ជា​ដើម។ ​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ​​ខ្លះ​ ឬ​ ​ចម្អិន​អាហារ​​ ​ឬ​​ការ​ស្រាវជ្រាវ​ អ៊ិនធីណែត ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​បំបាត់​ជំងឺ​នឹក​​​ក្រុម​គ្រួសារ​ខ្លាំង​​ដែរ។

 

Sabay៖  ឭ​​សូរ​ថា​ គ្រួសារ​​សុទ្ធ​តែ​​បម្រើ​ការងារ​​ផ្នែក​ថែ​ទាំ​ សុខភាព ហើយ​ ​បង​ស្រី​ជា​ពេទ្យ​ទៀត​ ហេតុ​អ្វី​បាន​ជ្រើស​រើស​យក​ជំនាញ​ ​មុខ​​​ពាណិជ្ជកម្ម​​អន្តរជាតិ​ទៅ​វិញ?

ស្រីល័ក្ខ៖ ត្រឹម​ត្រូវ​ណាស់ ​គ្រួសារ​របស់​ខ្ញុំ​ធ្វើ​ការងារ​ខាង​ផ្នែក​ថែ​ទាំ​សុខភាព​ ​ប៉ុន្តែ​ខ្ញុំ​​ជ្រើស​រើស​ជំនាញ​នេះ ​​​​ក៏​ព្រោះ​តែ​ខ្ញុំ​ ​​​ចង់​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង។ ​តាម​ការ​​ស្រមៃ​របស់​ខ្ញុំ​ ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​ ​ទំនង​ជា​​ផ្ដល់​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​ សម្រាប់​​មនុស្ស។ ទោះ​ជា​យ៉ាង​ណា ​​​​ខ្ញុំ​មិន​​ឆ្លើយ​ថា​​យ៉ាង​ណា​ទេ​ ​ប៉ុន្តែ​ត្រូវ​​រង់​ចាំ​មើល​ទីផ្សារ​ក្នុង​រយៈ​ពេល​​ ៤​ឆ្នាំ​ទៅ​មុខ​ទៀត។  មុន​នឹង​ចូល​​ទៅ​បង្កើត​​ជំនួញ​ខ្លួន​​ឯង​ ​ខ្ញុំ​ក៏​នឹង​ត្រៀម​ខ្លួន​​ធ្វើ​ការ​ឲ្យ​គេ​មួយ​​រយៈ​​ពេល​​សិន​បើ​សិន​ជា​ អាច។ Sabay៖  ​សិក្សា​តាម​បែប​ប្រព័ន្ធ​ក្រេឌីត​​ ​តើ​អាច​ប្រាប់​បាន​ទេ​​​នៅ​សាកល​វិទ្យា​នោះ ​រៀន​ប៉ុន្មាន​​ក្រេឌីត​ទើប​ចប់? ​ចុះ​កញ្ញា​ សង្ឃឹម​ថា​អាច​ចប់​មុន​ ៤​ ឆ្នាំ​ទេ?

​ស្រីល័ក្ខ៖ ដើម្បី​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ ខ្ញុំ​ត្រូវ​​​បញ្ចប់​​ ១៤២​ ក្រេឌីត ​ហើយ​ ខ្ញុំ​សង្ឃឹម​ថា​បញ្ចប់​​ឲ្យ​បាន​មុន​ ​​​​​៤​ឆ្នាំ។ មិន​មែន​តែ​ខ្ញុំ​ទេ​ ប៉ុន្តែ​​និស្សិត​ផ្សេង​​ៗ​ទៀត​​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ប្រសិន​​បើ​យើង​ ខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា។ ​ទោះ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ក្រេឌីត​​នៅ​ឡើយ​​ព្រោះ​ទើប​ចាប់​ផ្ដើម​​​​​ សិក្សា​ឆមាស​ទី១ ប៉ុន្តែ​​ ​រូប​ខ្ញុំ​ផ្ទាល់​​​ត្រូវ​តែ​​​ព្យាយាម​​ឲ្យ​ខ្លាំង​តាម​តែ​អាច​ធ្វើ​ទៅ​ បាន​ដើម្បី​ឲ្យ​​បាន​ចប់​លឿន។

 

Sabay៖ ​បន្ទាប់​ពី​បញ្ចប់​​បរិញ្ញាបត្រ​ តើ​កញ្ញា​នឹង​មក​​ធ្វើ​​ការ​នៅ​កម្ពុជា ឬ​ ​យ៉ាង​ណា? ហេតុ​អ្វី?

ស្រីល័ក្ខ៖ ពេល ​បញ្ចប់​ការ​សិក្សា​ ខ្ញុំ​ចង់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​សិន។ ​ខ្ញុំ​មិន​មាន​ន័យ​ថា​ មិន​ត្រលប់​មក​ធ្វើ​ការ​នៅ​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ ​​​ខ្ញុំ​ចង់​ទទួល​បាន​បទ​ពិសោធន៍​នៅ​​ថៃ​ សិន ​ហើយ​បន្ទាប់​មក​ត្រូវ​​យក​មក​ចែក​រំលែក​នៅ​​កម្ពុជា​នា​ឆ្នាំ​បន្ទាប់។

 

 

 

Sabay៖ ​កន្លង​មក នៅ​ប្រទេស​ថៃ​តែង​តែ​​ឃើញ​ធ្វើ​បាតុកម្ម​ជា​ញឹក​ញាប់​ ចុះ​មាន​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​កញ្ញា​ ឬ​ទេ?

ស្រីល័ក្ខ៖ បាតុកម្ម​​​នា​ពេល​កន្លង​មក​នោះ ធ្វើ​ឡើង​នៅ​​ក្រុង​បាងកក ប៉ុន្តែ​សាកល​វិទ្យាល័យ​របស់​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ បាងកក​ ពោល​ Assumption University ​​សាខា Bang na។ ​ប៉ុន្តែ​ ខ្ញុំ​​ក៏​បារម្ភ​ខ្លះ​ដែរ​​​​ចំពោះ​​​បញ្ហា​នេះ។ ​ទោះ​ជា​យ៉ាង​ណា​ សាកល​វិទ្យាល័យ​មិន​បាន​​​រអាក់រអួល​ទេ​ ​​​និង​ដំណើរ​ការ​សិក្សា​នៅ​ធម្មតា​រហូត​មក។

​ ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ ​ក្នុង​ផ្នត់​គំនិត​ទូ​ទៅ​ ​​គេ​ថា​ថៃ​​ហាក់​ស្អប់​ខ្មែរ​ ប៉ុន្តែ​មិត្តភ័ក្ដិ​​​​របស់​ខ្ញុំ​ជន​ជាតិ​ថៃ​​ គឺ​មិន​ព្រងើយ​កន្តើយ​ឬ​ ធ្វើ​ឫកពារ​​ដាក់​ខ្ញុំ​ឡើយ។  ផ្ទុយ​ទៅ​វិញ​ ពួក​គេ​រួសរាយ​រាក់​ទាក់ និង ចេះ​ជួយ​យក​អាសា​​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

​ ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ Assumption University គឺ​បង់​ថ្លៃ​ទៅ​តាម​មុខវិជ្ជា​​ដែល​​​និស្សិត​ចុះ​ឈ្មោះ​។ ដូច្នេះ​ការ​ចុះ​​ឈ្មោះ​រៀន​តិច​មុខវិជ្ជា​​​នោះ​ ​ការ​ចំណាយ​​គឺ​អាច​តិច​ ប៉ុន្តែ​អាច​​រៀន​ចប់​​យឺត​ជាង​អ្នក​​ចុះ​ឈ្មោះ​រៀន​ច្រើន​មុខ​វិជ្ជា៕​

 

-ចង់​ដឹង​ថា​ យុវជន​ខ្មែរ​ណា​ខ្លះ​បាន​អាហារ​រូប​ករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ​ចុច​ត្រង់​នេះ

 

អត្ថបទ៖ ឆន ទិត្យ រូបថត៖ ផ្តល់​ឱ្យ​

អត្ថបទពេញនិយម