យុវតីខ្មែរសរសេរតែងសេចក្ដីប្រកួតអន្តរជាតិឈ្នះជយលាភី!
- 2014-10-01 21:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីខ្មែរសរសេរតែងសេចក្ដីប្រកួតអន្តរជាតិឈ្នះជយលាភី!
ចន្លោះមិនឃើញ
នេះជាមោទនភាពមួយ ដែលនិស្សិតខ្មែរមួយរូបធ្លាប់បញ្ចេញសមត្ថភាពក្នុងការសរសេរតែងសេចក្ដី ទៅប្រកួតប្រជែងជាមួយនឹងនិស្សិតដទៃទៀត មកពី៣០ប្រទេស ដែលមានបេក្ខភាពចូលរួមប្រកួតជាង៨០០នាក់ឯណោះ រហូតបានឈានទៅវគ្គផ្ដាច់ព្រ័ត្រ ហើយជាប់ក្នុងជម្រើស១០នាក់ចុងក្រោយស្ទើរមិនគួរឲ្យជឿ។
កញ្ញា ស៊ូ ហ្សូលីដា អាយុ២២ឆ្នាំ ជាបេក្ខនារីខ្មែរមួយរូប ដែលបានចូលរួមបញ្ចេញស្នាដៃ ក្នុងការសរសេរតែងសេចក្ដីលំដាប់ពិភពលោកនោះ។ អតីតនិស្សិតនៃសាលាភាសាបរទេស និងសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ បានប្រាប់ថា៖ “កម្មវិធីដែលនាងខ្ញុំបានចូលរួមប្រកួតនោះ គឺជាការប្រកួតប្រជែងតែងសេចក្ដីអន្តរជាតិ ក្នុងកម្មវិធីមួយឈ្មោះថា Akili Initiative មានទីតាំងនៅទីក្រុង Brooklyn សហរដ្ឋអាមេរិក”។
ខ្លាំងនៅខ្មែរហើយ ពូកែនៅលើឆាកអន្តរជាតិទៀត
មិន ត្រឹមតែជាអតីតនិស្សិតពូកែនៅសាកលវិទ្យាល័យប៉ុណ្ណោះទេ កាលនៅរៀន និស្សិតឆ្នើមសប្បុរស កូនកាត់ចិនរូបនេះ ក៏ធ្លាប់ដណ្ដើមបានពានក្នុងការប្រកួតប្រជែងនៅក្នុងប្រទេសផង ដែរ។ កាលពីឆ្នាំមុន ហ្សូលីដា ធ្លាប់បានទទួលបានជយលាភីលេខ១ ផ្នែក Best Speaker ដែល រៀបចំឡើងដោយ IFL Debate Club ហើយឆ្នាំដដែលនោះដែរ កញ្ញា និងមិត្តភ័ក្តិ ក៏បានឈ្នះពានរង្វាន់ ក្នុងការប្រកួតទាក់ទងនឹង Business Plan Champion ដែលរៀបចំដោយ AIESEC។ សព្វថ្ងៃ កញ្ញា ហ្សូលីដា ក៏ជាគ្រូបង្រៀននៅសាលាភាសាបរទេស (IFL) ផងដែរ។
ឃើញគេប្រកាសព័ត៌មានពីការប្រកួតនេះតែពីរថ្ងៃមុនពេលផុត deadline តែអាចធ្វើបាន ហ្សូលីដា បានថ្លែងថា តាមពិតទៅ វាជាការសម្រេចចិត្តដ៏ប្រថុចញ៉ុចបំផុត ព្រោះថាកញ្ញាបានឃើញព័ត៌មានពីការប្រឡងនេះតែពីរថ្ងៃមុនពេល ផុតកំណត់ឈប់ទទួលតែប៉ុណ្ណោះ ហើយព័ត៌មានដែលទទួលបានទៀតសោត គឺកញ្ញាឃើញដោយចៃដន្យ តាមរយៈមិត្តភ័ក្តិបង្ហោះនៅលើ Facebook ។ ដោយសារតែទាក់ទងទៅនឹងការសរសេរតែងសេចក្ដីភាសាអង់គ្លេស ជាចំណង់ចំណូលចិត្តរបស់ញ្ញាស្រាប់ ទើបកញ្ញាសម្រេចចិត្តសរសេរតែងសេចក្ដីផ្ញើទៅប្រកួត។
“នេះជាការប្រកួតប្រជែងមួយដ៏ស្វិតស្វាញបំផុត។ ខ្លួនខ្ញុំផ្ទាល់ក៏សឹងតែមិនជឿដែរថា អាចក្លាយជាបេក្ខភាពជម្រើស១០នាក់ចុងក្រោយ ក្នុងចំណោមបេក្ខភាពដែលចូលរួមប្រកួតរាប់រយនាក់ជុំវិញពិភពលោក”។ កញ្ញា ស៊ូ ហ្សូលីដា បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
ខិតខំសរសេរសំណេរផ្ញើទៅគណៈកម្មការបានទាន់ពេល ទោះសល់តែពីរថ្ងៃផុតកំណត់ក៏ដោយ
គ្រាន់ តែដឹងថា ជិតដល់ថ្ងៃគេឈប់ទទួលពាក្យ កញ្ញាបានខិតខំសរសេរអត្ថបទតែងសេចក្ដីនោះរហូតរួចរាល់ ហើយប្រញាប់ផ្ញើទៅឲ្យគណៈកម្មការគេត្រួតពិនិត្យ ព្រោះខ្លាចយឺតពេល។ ណាមួយទាក់ទងទៅនឹងប្រធានបទដែលត្រូវយកមកសរសេរនោះ ក៏ត្រូវតែគិតគូរដែរ។ ” What is the most important health problem facing youth today, and why? ” គឺជាប្រធានបទដែលគេតម្រូវឲ្យបេក្ខជនសរសេរ។ កញ្ញា ស៊ូ ហ្សូលីដាជឿថា ប្រធានបទដែលខ្លួនបានសរសេរនេះ ប្រហែលជាអាចនឹងប្លែកពីគេ ទើបមានគេចាប់អារម្មណ៍ច្រើនបែបនេះ។
ជ្រើសរើសយកប្រធានបទមួយដែលគ្មានអ្នកណានឹកស្មានដល់
កញ្ញា ស៊ូ ហ្សូលីដាគិតថា នឹងមានបេក្ខជនជាច្រើនដែលសរសេរទាក់ទងទៅនឹងប្រធានបទដូចជា បញ្ហាជំងឺអេដស៍ បញ្ហាចរាចរណ៍ បញ្ហាស្ត្រី ឬការអប់រំជាដើម។ ហេតុនេះហើយទើបកញ្ញានឹកឃើញប្រធានបទមួយដែលខុសពីគេ ហើយវាក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញា ចង់ចែករំលែកឲ្យគេបានដឹងផង។ ប្រធានបទនោះនិយាយអំពី “ការធ្វើទុក្ខបុកម្នេញខាងផ្លូវកាយ និងផ្លូវចិត្ត” ដែលភាសាអង់គ្លេសថា “Bullying”។ ប្រធានបទមួយនេះ កញ្ញាបានសរសេរទាក់ទងទៅនឹងតថភាពពិតដែលយុវជនកម្ពុជាមួយចំនួន កំពុងតែជួបប្រទះ រួមបញ្ចូលទាំងឧទាហរណ៍ផ្ទាល់ខ្លួនរបស់កញ្ញាផងដែរ។
លក្ខខណ្ឌនៃការដាក់ពិន្ទុមិនមែនងាយស្រួលទេ
ក្នុងការសរសេរអត្ថបទ គេតម្រូវឲ្យសរសេរច្រើនបំផុតត្រឹម៥០០ពាក្យ ហើយពិន្ទុនៃការដាក់ឲ្យ គឺគេបោះឆ្នោតជាសាធារណៈនៅលើអ៊ីនធឺណិត ត្រឹមតែ១៥% ប៉ុណ្ណោះ ចំណែកឯ៨៥%ទៀតស្ថិតនៅលើគណៈកម្មការជាអ្នកផ្ដល់ឲ្យ ដោយគេផ្ទៀងផ្ទាត់ទៅលើកម្រិតនៃភាសាអង់គ្លេស និងអត្ថន័យខ្លឹមសារដែលកញ្ញាសរសេរ។ ហ្សូលីដា បានបន្ថែមទៀតថា៖ “ខ្ញុំសង្កេតឃើញថា មានអ្នកបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាយ៉ាងច្រើន”។ នាងខ្ញុំនៅតែមានអារម្មណ៍រំភើបរីករាយជាខ្លាំង នៅពេលដែលឃើញមានការគាំទ្រយ៉ាងច្រើនបែបនេះ ហើយក៏សូមអរគុណចំពោះការគាំទ្រនេះផងដែរ។
ទោះមិនជាប់ក៏មិនថ្វី ព្រោះបានលើកមុខមាត់កម្ពុជា
លទ្ធផលបានចេញកាលពីពេលកន្លងទៅឃើញថា កញ្ញាបានជាប់ក្នុងចំណោមបេក្ខជនទាំង១០រូបនោះ។ ប៉ុន្តែនៅមានឱកាសធំមួយទៀត នោះគឺបេក្ខជនម្នាក់ក្នុងចំណោមជយលាភីទាំង១០រូបនោះ នឹងត្រូវជ្រើសរើសឲ្យធ្វើដំណើរទៅចូលរួមសន្និសីទយុវជន ពិភពលោក ឆ្នាំ២០១៤ ឯប្រទេសស្រីលង្កា ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ ប៉ុន្តែជាអកុសល ឱកាសនោះបានទៅលើបេក្ខជនជនជាតិឥណ្ឌាបាត់ទៅហើយ។
“តែ យ៉ាងហោចណាស់ ខ្ញុំអាចជាប់ជាជម្រើស១០នាក់ចុងក្រោយនៅក្នុងកម្មវិធី ហើយបានជួយលើកស្ទួយឲ្យវិស័យអប់រំរបស់កម្ពុជាមានមុខលើឆាក អន្តរជាតិផងដែរ។ ខ្ញុំសង្ឃឹមថាយុវជនខ្មែរជំនាន់ក្រោយអាចមានសមត្ថភាពលើកស្ទួយ ការអប់រំនៅកម្ពុជាឲ្យបានល្បីឈ្មោះផងដែរ”។ កញ្ញា ស៊ូ ហ្សូលីដា រៀបរាប់ជាចុងក្រោយដូច្នេះ។
កញ្ញាក៏សូមថ្លែងអំណរគុណដល់ ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ រួមទាំងមិត្តភ័ក្ដិ ព្រមទាំងប្រជាជនកម្ពុជាផងដែរ ដែលបានគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់កញ្ញាយ៉ាងពេញទំហឹង៕
-អានពីជីវិតនិស្សិតខ្មែរជាប់អាហារូបករណ៍បរទេសដ៏ច្រើនសន្ធឹកសន្ធាប់ ចុចត្រង់នេះ
អត្ថបទ៖ យិន សំបូរ