ប្រៀបសមត្ថភាពគ្នាទុកជាមុន រវាង iPhone 7 និង Galaxy Note 7
- 2016-07-27 17:49:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបសមត្ថភាពគ្នាទុកជាមុន រវាង iPhone 7 និង Galaxy Note 7
ចន្លោះមិនឃើញ
រយៈពេលជាច្រើនខែមកនេះ មានពាក្យចចាមអារ៉ាមលេចធ្លាយជាច្រើនទាក់ទងនឹង iPhone និង Galaxy Note ជំនាន់ថ្មី ដោយមានពាក្យចចាមអារ៉ាមខ្លះទំនងជាអាចទុកចិត្តបាន។ ផ្អែកតាមពាក្យចចាមអារ៉ាមទាំងនោះ នាំគ្នាមកប្រៀបធៀបទុកជាមុន រវាង iPhone 7 និង Galaxy Note 7 មុនពេលការប្រកាសផ្លូវការចូលមកដល់។
@ ការរចនារូបរាង
តាមការលេចធ្លាយរូបរាង Galaxy Note 7 នាពេលកន្លងមក សង្កេតឃើញថាការរចនារូបរាងនៅតែរក្សាលក្ខណៈស្រដៀងគ្នាទៅនឹង Galaxy S6 និង S6 Edge ដែលបានបង្ហាញវត្តមានជិត ២ ឆ្នាំ មកហើយ។
ចំពោះ iPhone ជំនាន់ថ្មីវិញក៏ឃើញថារូបរាងនៅតែស្រដៀងនឹង iPhone 6 ដដែលគ្រាន់តែមានចំណុចកែប្រែមួយចំនួនតូចដូចជា ខ្សែអង់តែនប្ដូរទីតាំង, ឡេនកាមេរ៉ាផ្លាស់ប្ដូរទំហំ។ ដោយឡែកចំពោះឈ្មោះ iPhone 7 អាចនឹងត្រូវជំនួសដោយ iPhone 6 SE វិញ ដោយសារតែវាមានលក្ខណៈស្រដៀងគ្នានឹង iPhone 6 ពេក។
@ ដំណើរការ
ត្បិតថាការរចនារូបរាងរបស់ Note 7 មិនខុសប្លែកខ្លាំងពីទូរសព្ទជំនាន់មុនរបស់ Samsung ប៉ុន្តែចំពោះគ្រឿងបន្លាស់ខាងក្នុងវិញ រំពឹងថានឹងធ្វើឲ្យកាន់តែខ្លាំងជាងមុន។ Note ជំនាន់ថ្មីនេះរំពឹងថាដើរដោយបន្ទះ Chip Snapdragon 821 សម្រាប់ដាក់លក់នៅអាមេរិក និង បន្ទះ Chip Exynos 8893 សម្រាប់ដាក់លក់នៅតំបន់ដទៃទៀត។ ការបែងចែកប្រភេទបន្ទះ Chip ទៅតាមតំបន់នេះមិនមានអ្វីប្លែកនោះឡើយ ព្រោះថាម៉ូដែល S7/S7 Edge ក៏មានការបែងចែកដូចនេះដែរ ហើយបើតាមការធ្វើតេស្តបង្ហាញថាម៉ូដែល Exynos ដំណើរការបានល្អជាង និង បានយូរជាងបន្តិច។
ផ្ទុយទៅវិញនៅលើ iPhone ជំនាន់ថ្មីរំពឹងថានឹងប្រើបន្ទះ Chip A10 ហើយបើយោងតាមព័ត៌មានលេចធ្លាយបង្ហាញថាបន្ទះ Chip ជំនាន់ថ្មីនេះមានល្បឿនលឿនជាងបន្ទះ Chip A9 ២០%។
@ ប្រព័ន្ធប្រតិបត្តិការ
Apple បានត្រៀមរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 10 សម្រាប់ iPhone ជំនាន់ថ្មី ដោយមានបន្ថែមមុខងារពិសេសៗ និង ថ្មីៗមួយចំនួន ជួយសម្រួលឲ្យការប្រើប្រាស់បានកាន់តែប្រសើរឡើង។
ដោយឡែកចំពោះ Galaxy Note 7 វិញនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ហើយរំពឹងថានឹងអាចអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ភ្លាមៗនៅពេលដែលប្រព័ន្ធប្រតិបត្តិការនេះបញ្ចេញឲ្យប្រើជាផ្លូវការ។
@ កាមេរ៉ាខាងក្រោយ
Galaxy Note 7 នឹងបំពាក់កាមេរ៉ាកម្រិត ១២ MP ដែលមានបំពាក់បច្ចេកវិទ្យា Dual Pixel auto-focus ដូចជាកាមេរ៉ាលើ Galaxy S7/S7 Edge អាច focus បានរហ័ស និង មាន Aperture ទំហំតូចចាប់យករូបភាពបានច្បាស់ល្អនៅទីងងឹត។
Apple នៅតែប្រើប្រាស់កាមេរ៉ាកម្រិត ១២ MP នៅ iPhone 7 ចំណែកឯលើ iPhone 7 Plus វិញរាងខុសប្លែកបន្តិច ដោយអាចនឹងមានបំពាក់បច្ចេកវិទ្យាកាមេរ៉ាភ្លោះ។
@ ថាមពលថ្ម
ពាក្យចចាមអារ៉ាមពីថាមពលថ្ម Note 7 មានច្រើនខុសគ្នាដោយរំពឹងថាអាចនឹងមានចន្លោះពី ៣៦០០-៤០០០ mAh ចំណែកឯ iPhone 7 និង 7 Plus វិញទំនងជារក្សាថាមពលថ្មនៅដដែលដូច iPhone 6s/6s Plus ដែលមានទំហំ ១៧១៥ mAh និង ២៧៥០ mAh។
@ ចំណុចពិសេស
Note 7 នឹងជាទូរសព្ទ Android ដំបូងគេដែលមានបំពាក់បច្ចេកវិទ្យាដោះសោទូរសព្ទដោយស្កេនប្រស្រីភ្នែក (Iris Scanner) ហើយនឹងជាទូរសព្ទ Samsung លំដាប់កំពូលដំបូងគេដែលប្រើប្រាស់រន្ធ USB-C។ លើសពីនេះវាក៏ជាត្រកូល Note ដំបូងគេដែលមានបំពាក់បច្ចេកវិទ្យាធន់នឹងការជ្រាបទឹក និង ធូលីដី កម្រិត IP68 ផងដែរ។
@ តម្លៃនិងកាលបរិច្ឆេទប្រកាស
ព័ត៌មានផ្លូវការពី Samsung បានបញ្ជាក់ថា Galaxy Note 7 នឹងប្រកាសនៅថ្ងៃទី ២ សីហា ខាងមុខនេះហើយ ចំណែកឯ iPhone ជំនាន់ថ្មីរំពឹងថានឹងប្រកាសនាថ្ងៃទី ១២ កញ្ញា។
ចំពោះតម្លៃ Note 7 អាចមានចាប់ពីខ្ទង់ ៨០០ ដុល្លារ ឡើងទៅ ស្របពេកដែល iPhone ជំនាន់ថ្មីអាចនឹងមានតម្លៃចាប់ពី ៦៥០ ដុល្លារ ឡើងទៅសម្រាប់ម៉ូដែលធម្មតា និង ៧៥០ ដុល្លារ ឡើងទៅសម្រាប់ម៉ូដែល Plus។
តាមការប្រៀបធៀបខាងលើដែលផ្អែកតាមពាក្យចចាមអារ៉ាម ឃើញថាទូរសព្ទទាំងពីរម៉ូដែលសុទ្ធសឹងតែមានសមត្ថភាពខ្លាំង អាចបំពេញតាមតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្នបាន៕
ចុចអាន៖ iPhone ជំនាន់ថ្មី មានឈ្មោះជា iPhone 6SE វិញ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena