អ្នក​ស្រី ជា សុផល្លា តស៊ូ​ពី​បុគ្គលិក​ធម្មតា រហូត​មាន​ក្រុមហ៊ុន៨

  • 2016-07-28 17:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ​របស់​អ្នក​ជំនួញ សុទ្ធតែ​កើត​ចេញ​ពី​ការ​តស៊ូ ព្យាយាម​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់។ ចំណែក​អ្នក​ស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Emerald+ ក៏​មិន​ខុស​គ្នា​ដែរ គឺ​ចាប់​ផ្ដើម​ដំបូង​ពី​បុគ្គលិក​ធម្មតា​ម្នាក់ រហូត​មាន​ក្រុមហ៊ុន៨ កំពុង​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ។ ​​

 

 

ជីវិត​ឯកជន

អ្នក​ស្រី ជា សុផល្លា មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ទើប​មាន​អំណោយ​ផល​ស្រាប់​ទាំង​ការ​សិក្សា និង​ការ​ធ្វើ​ជំនួញ។ នៅ​ឆ្នាំ​១៩៩៨ អ្នក​ស្រី បាន​ចាប់​ផ្ដើម​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ឈាង សុភក្ដិ និង​មាន​ទំនាក់​ទំនង​ស្វែង​យល់​ចិត្ត​គ្នា ​រហូត​សម្រេច​ចិត្ត​ក្រាប​ផ្ទឹម​រៀប​ការ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦។ ជីវិត​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​នេះ បង្កើត​បាន​​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ជា​ចំណង​ដៃ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

 

 

ការ​សិក្សា

អ្នក​ស្រី ជា សុផល្លា ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​សិក្សា​ច្រើន មិន​ថា​នៅ​ក្នុង​ប្រទេស ឬ​នៅ​ក្រៅ​ប្រទេស​ឡើយ។ បន្ទាប់​ពី​ជោគជ័យ​លើ​ការ​សិក្សា​បន្ត​បន្ទាប់​តាំង​ពី​កម្រិត​បឋមសិក្សា រហូត​ដល់​បរិញ្ញាបត្រ អ្នក​ស្រី​បាន​បន្ត​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ក្នុង​ឆ្នាំ​២០០៤។

 

ក្រៅ​ពី​ការ​សិក្សា​ខាង​លើ អ្នក​ស្រី ជា សុផល្លា ក៏​ធ្លាប់​បាន​ឆ្លង​កាត់​វគ្គ​បំប៉ន​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស ដូច​ជា​ការ​គ្រប់​គ្រង​អចលនទ្រព្យ Property Management ​នៅ​ប្រទេស​សិង្ហបុរី និង​វគ្គ​សិក្សា​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​គម្រោង Facilities Planning and Project Management ពី​ចក្រភព​អង់គ្លេស ព្រម​ទាំង​វគ្គ​សិក្សា​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ Global Leadership ពី​ប្រទេស​ជប៉ុន។

 

 

ប្រវត្តិ​ការងារ

នៅ​ក្នុង​ឆ្នាំ​២០០២ អ្នក​ស្រី ជា សុផល្លា បាន​ចាប់​ផ្ដើម​ធ្វើការ​ជា​ជំនួយ​ការ​គណនេយ្យ​នៅ​ក្រុមហ៊ុន Istana Import & Export ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​នាំ​ចេញ​ឡាន​ធំ​ជាង​គេ។ ការ​តស៊ូ និង​ភាព​អំណត់​ក្នុង​ការងារ បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ឡើង​តំណែង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ដដែល។ ប៉ុន្តែ​ដើម្បី​បទ​ពិសោធន៍​ថ្មី​ក្នុង​ជីវិត អ្នក​ស្រី​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ក្រុមហ៊ុន​ខាង​លើ​ក្នុង​ឆ្នាំ​២០០៦។

 

​ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ​២០១៥ ​អ្នក​ស្រី ជា សុផល្លា បាន​ចាប់​ផ្ដើម​ការងារ​បន្ទាប់​ជា​អនុប្រធាន​ផ្នែក​គណនេយ្យ Deputy Finance ​នៅ​ក្រុមហ៊ុន Metfone និង​ឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​លក់ Director of Corporate Sale នៅ​ក្រុមហ៊ុន​ដដែល។ ទោះ​យ៉ាង​ណា អ្នក​ស្រី​គិត​ថា​ការ​ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​សម​ប្រកប​ចំពោះ​ជីវិត ទើប​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ចាប់​ផ្ដើម​ជំនួញ​ពេញ​លេញ។

 

ការ​បង្កើត​ជំនួញ​ដោយ​ខ្លួន​ឯង

ការ​ចាប់​ផ្ដើម​រក​ស៊ី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ហើយ​អ្វី​ដែល​ត្រូវ​គិត​ខ្លាំង​បំផុត​គឺ​ដើម​ទុន។ អ្នក​ស្រី ជា សុផល្លា មាន​ដើម​ទុន​ត្រឹម​តែ ៣៥០០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ចាប់​ផ្ដើម​បើក​ក្រុមហ៊ុន ហើយ​វា​ជា​ញើស​ឈាម​ដែល​អ្នក​ស្រី​ខំ​សន្សំ​ក្នុង​នាម​ជា​បុគ្គលិក​ធម្មតា​ម្នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

 

MOB Corporation គឺ​ជា​ក្រុមហ៊ុន​ដំបូង​របស់​អ្នក​ស្រី ជា សុផល្លា ដែល​បើក​សម្ពោធ​ក្នុង​ឆ្នាំ​២០១៣។ នៅ​ក្នុង​ឆ្នាំ២០១៤ អ្នក​ស្រី ជា សុផល្លា បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន ២​ទៀត ក្នុង​នាម​ជា​ដៃ​គូ គឺ 360 Ads & Event Management និង 360 Printing ដែល​ទទួល​បាន​ជោគ​ជ័យ​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ដើម​ទុន​ច្រើន​បង្គួរ។

 

នៅ​ឆ្នាំ​២០១៥ សហគ្រិន​នារី​រូប​នេះ បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន Emerald+ Property ដែល​ជា​ក្រុមហ៊ុន​ចំណាយ​ដើម​ទុន​ធំ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​អស់។ បន្ទាប់​មក​ក្នុង​ឆ្នាំ​​ដដែល អ្នក​ស្រី ជា សុផល្លា បាន​ចាប់​ផ្ដើម​បើក​ហាង The Place Salon Spa មួយ​ទៀត ព្រម​ទាំង​ចាប់​ផ្ដើម​ជា​ដៃគូ​សហការ​បើក​ក្រុមហ៊ុន Emerald Hub។

 

ភាព​ជោគជ័យ​លើ​ក្រុមហ៊ុន​ទាំង ៦​ខាង​លើ បាន​ធ្វើ​អ្នក​ស្រី ជា សុផល្លា ចាប់​ផ្ដើម​បើក​ក្រុមហ៊ុន Emerald Architecture and Land Scaping ព្រម​ទាំង​ចាប់​ផ្ដើម​ភាព​ជា​ដៃគូ​ក្នុង​ការ​បើក​ក្រុមហ៊ុន Battambong Restaurant & Bar ក្នុង​ឆ្នាំ​២០១៦ នេះ​ទៀត។ សរុប​ក្រុមហ៊ុន​ទាំង៨ កំពុង​ដំណើរការ​ជា​ធម្មតា។

 

 

ជោគជ័យ​ខ្លាំង​ទទួល​បាន​ពាន៣ ក្នុង​ឆ្នាំ​២០១៦

លោក​ស្រី ជា សុផល្លា ជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ ១០ នាក់​ផ្សេង​ទៀត ដែល​បាន​ទទួល​ពាន Outstanding ASEAN Women Entrepreneur Award ពី​កម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើក​ទី ២ ឆ្នាំ ​២០១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ការ​ទទួល​បាន​ពាន​រង្វាន់​នេះ គឺ​ដោយសារ​​អ្នក​ស្រី ជា សុផល្លា មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ជំនួញ ព្រម​ទាំង​មាន​ឯកសារ​ទាក់ទង​ហិរញ្ញវត្ថុ សញ្ញាប័ត្រ ការងារ​សង្គម​គ្រប់​គ្រាន់ បូក​រួម​ទាំង​ការងារ​លើក​កម្ពស់​​ស្ត្រី​ជា​ដើម។

 

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ អ្នក​ស្រី ជា សុផល្លា បាន​​ទទួល​ពាន​រង្វាន់ ២​ទៀត​ពី​សមាគម Socrates នៅ​ប្រទេស​អាល្លឺម៉ង់។ ពាន​រង្វាន់​ទាំង២ នោះ​គឺ Best Enterprise សម្រាប់​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​ និង Manager of the year ជា​លក្ខណៈ​បុគ្គល។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​សហការ​ពី​បណ្ដា​ប្រទេស​ ចំនួន២៦ នៅ​លើ​ពិភពលោក​ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​រៀន​បន្ថែម​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

 

ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay លោក​ស្រី ជា សុផល្លា បាន​រៀបរាប់​ថា ការ​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​របស់​សមាគម Socrates នៅ​ទីក្រុង BAD EMS ប្រទេស​អាល្លឺម៉ង់ គឺ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ព្រោះ​លោក​ស្រី​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​សមាគម​នេះ​ទេ​ពី​មុន​មក។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា សហគ្រិន​បរទេស​ដែល​ចូលរួម​កម្ម​វិធី​ខាង​លើ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បន្ទាប់​ពី​លោក​ស្រី​បាន​ធ្វើ​បទ​បង្ហាញ​ពី​ក្រុមហ៊ុន ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ផ្ទាល់។

 

 

មេរៀន​ជីវិត

បើ​និយាយ​ទៅ ក្នុង​ឆាក​ជីវិត​របស់​អ្នក​ស្រី ជា សុផល្លា ភាគ​ច្រើន​ទទួល​បាន​ជោគ​ជ័យ គ្មាន​ពាក្យ​ថា​បរាជ័យ​ជា​ដុំ​កំភួន​ឡើយ ព្រោះ​អ្នក​ស្រី​តែង​តែ​យក​ការ​ព្យាយាម​ដាក់​ខ្លួន​ជា​និច្ច។ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​មាន​សំណាង​ម្នាក់ ព្រោះ​ទាំង​ការ​សិក្សា ទាំង​ការងារ ជំនួញ និង​គ្រួសារ មិន​ទាន់​មាន​បរាជ័យ ដែល​អាច​រាប់​បាន​ថា​ជា​មេរៀន​ជីវិត​ឡើយ។

 

យ៉ាង​ណា​ក្ដី អ្នក​ស្រី ជា សុផល្លា បាន​បញ្ជាក់​ថា ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ច្រើន ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​ដែល​ដាក់​ចិត្ត​លើ​ជំនួញ។ អ្នក​ស្រី ត្រូវ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដែល​មនុស្ស​ប្រុស​ធ្វើ ព្រោះ​ដើម្បី​ជោគជ័យ​មុន​ក្លាយ​ជា​សហគ្រិន​ម្នាក់។ ការ​ព្យាយាម​ដើរ​តួនាទី​ជា​មេ​ផង ជា​កូន​ចៅ​ផង គឺ​អ្នក​ស្រី​ធ្លាប់​ឆ្លង​កាត់​ទាំង​អស់។

 

ជា​សហគ្រិន​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ច្រើន អ្នក​ស្រី ជា សុផល្លា បាន​បង្ហាញ​ផ្លូវ​ឲ្យ​អ្នក​ចង់​ចាប់​ផ្ដើម​ជំនួញ​ក្រោយ​ៗ​ទៀត គិត​ខ្លាំង​ទៅ​លើ​ដើម​ទុន ព្រោះ​វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ លើស​ពី​នេះ ត្រូវ​មាន​ភាព​ជឿ​ជាក់​ទៅ​លើ​ដៃគូ ទើប​អាច​ដំណើរ​ការ​រលូន​ទៅ​មុខ។ ចំណែក​ការ​តស៊ូ​ពិត​ជា​មិន​អាច​រំលង​បាន​ឡើយ ព្រោះ​វា​ហាក់​ដូច​ជា​ក្បូន​រុញ​ច្រាន​ទូក​លើ​ជល​សា​ឲ្យ​លឿន​លយ​ឲ្យ​ទៅ​មុខ​យ៉ាង​ដូច្នោះ​ដែរ៕

 

 

​​អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី