រៀប​ការ​ហើយ គួរ​ឆែក​កាបូប​ប្ដី​ឬ​អត់?

  • 2016-07-28 16:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​​មាន​គ្រួសារ​ប្ដី​ប្រពន្ធ​ចៀស​មិន​ផុត​នោះ​ឡើយ។ នារី​ជា​ប្រពន្ធ​មួយ​ចំនួន​មិន​ច្បាស់​ថា​ គប្បី​ឆែក​កាបូប​លុយ​ប្ដី​ឬ​អត់ ដែល​ខ្លះ​យល់​ថា​ការ​ធ្វើ​បែប​នេះ​ហាក់​មិន​ឲ្យ​តម្លៃ​លើ​ការ​ទុក​ចិត្ត​គ្នា។

 

 

 

​​​សម្រាប់​អ្នក​នាង​ សុ​ផា ប្រាប់​ថា​ អ្នក​នា​ង​មិន​ដែល​ឆែក​កាបូប​ប្ដី​ទេ ព្រោះ​យល់​ថា​ជា​រឿ​ង​មិន​ល្អ​។ ប្ដី​គេ​បើក​ប្រាក់​ខែ​ឲ្យ​​អស់​ៗ​ហើយ​ ទៅ​ឆែក​កាបូប​គេ​ទៀត​ គឺ​ជា​រឿង​មិន​សម​រម្យ​ឡើយ។

 

អ្នក​រស់​នៅ​ម្ដុំ​វត្ត​សន្សំ​កុសល​រូប​នេះ​ បន្ត​ថា៖ "ខ្ញុំ​គិត​ថា​ធ្វើ​ចឹង​ដូច​បំពាន​គេ​ពេក​ ។ ​បើ​គេ​ដឹង​គេ​គិត​ថា​យើ​ង​ជា​នារី​មុខ​លុយ​មិន​ខាន​ ព្រោះ​សូម្បី​ប្រាក់​មួយ​សេន​មួយ​រៀល​ក៏​ចង់​ដឹង​ពី​ប្ដី​ដែរ"។

 

មិន​ខុស​គ្នា​ប៉ុន្មាន លោក​ដេ​វីត ប្រាប់​ថា​ បើ​លោក​មាន​ប្រពន្ធ​ ក៏​លោក​មិន​ចូល​ចិត្ត​នារី​ណា​ឆែក​កាបូប​ប្ដី​ដែរ។ កំលោះ​អាយុ​២៤​ឆ្នាំ បញ្ចេញ​មតិ​ថា ធ្វើ​បែប​នេះ​គឺ​បង្ហាញ​ពី​ការ​មិន​គោរព​សិទ្ធ​​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​មិន​ខុស​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ដូច្នោះ​ដែរ​។ ពេល​ខ្លះ​ប្ដី​ត្រូវ​ចាយ​ ឬ​ជួប​ជុំ​មិត្តភ័ក្ដិ​មាន​កាហ្វេ​គុយ​ទាវ​តិចតួច​អី​ហើយ ដល់​ប្រពន្ធ​ឆែក​ហើយ​ឃើញ​បាត់​លុយ​មក​សូរ​ ។ ​ប្ដី​ត្រូវ​ឆ្លើយ​លម្អិត​ជម្រាប​ប្រពន្ធ​សូម្បី​រឿង​ចឹង​ៗ​ទៀត គឺ​ជីវិត​អាពាហ៍ពិពាហ៍​កាន់​តែ​យ៉ាប់​យឺន​ទៅ​ៗ​មិន​ខាន។

 

ងាក​មក​បុរស​ទើប​រៀប​ការ​រួច​ជាង​កន្លះ​ឆ្នាំ លោក សា​និត​ និយាយ​ថា​លោក​មិន​ខ្វល់​រឿង​ឆែក​កាបូប​លុយ​នោះ​ទេ។ បើ​សិន​ប្រពន្ធ​ឆែក​ក៏បាន​ មិន​ក៏​បាន​ ហើយ​បើ​មក​ទាន់​នាង​ឆែក​ទៀត ក៏​មិន​ខឹង​ប្រពន្ធ​ដែរ។

 

 

 

លោក​ថា​ រាល់​ថ្ងៃ​ពេល​ចេញ​ពី​ធ្វើ​ការ ​ដឹង​តែ​ដក​កាបូប​លុយ​ដាក់​លើ​តុ​គ្រប់​ពេល​។ សម្រាប់​ប្រពន្ធ​លោក​ពេល​ខ្លះ​នាង​បើក​មើល ពេល​ខ្លះ​អត់​ផង​ដែរ។ ចំពោះ​លោក យល់​ថា​ធ្វើ​បែប​នេះ​មិន​ជា​រឿង​អា​ក្រក់​ទេ ព្រោះ​អាច​ឲ្យ​ភរិយា​ដឹង​ច្បាស់​ពី​ការ​ចាយ​វាយ​របស់​ប្ដី​បាន។ ​​

ចំណែក​​កញ្ញា​ រចនា អ្នក​លក់​សំលៀក​បំពាក់​តាម Online វិញ​ បញ្ចេញ​ទស្សនៈ​ថា កញ្ញា​នឹង​ឆែក​កាបូប​លុយ​ប្តី​ ដោយសារ​នេះ​ជា​រឿង​ល្អ។

 

“​បើ​ខ្ញុំ​មាន​គ្រួសារ ខ្ញុំ​នឹង​ឆែក​ ព្រោះ​កុំ​ឲ្យ​ប្ដី​ពេល​អស់​លុយ​ហារ​មាត់​សុំ​យើង​ដូច​ក្មេង​សុំ​លុយ​ម៉ែ​ទៅ​រៀន​ គេ​ធំ​ហើយ​។ ណាមួយ​យើ​ង​ជា​ប្រពន្ធ​គួរ​តែ​យល់"។ រចនា​បញ្ជាក់។ កញ្ញា​បន្ត​ថា បើ​បើក​ទៅ​ឃើញ​ឃើញ​សល់​ប្រាក់​តិចតួច ប្រពន្ធ​គួរ​លួច​ដាក់​ថែម​ខ្លះ​ទៅ​ ព្រោះ​ជួន​កាល​ប្តី​ម៉ូតូ​បែក​កង់ ឬ​មាន​ធុរៈ​អី​ គឺ​គេ​មាន​ប្រាក់​ជាប់​ខ្លួន​ទុក​ដោះ​ស្រាយ​តែ​ម្ដង។ ម្យ៉ាង​ទៀត ក៏​បង្ហាញ​ថា ភរិយា​ចេះ​យល់​ទុក្ខធុរៈ​ប្តី​ កុំ​ចាំតែ​អី​តិច​ប្តី​ហារ​មាត់​ប្រាប់​ ទើប​ប្រពន្ធ​ដឹង​នោះ គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ​ទេ។

 

  ការ​ឆែក​កាបូប​ប្ដី​ជា​រឿង​ល្អ​ ឬ​អត់​ សម្រាប់​អ្នក​ស្រី និទ្ទ្រា រៀប​ការ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ ប្រាប់​ថា វា​មាន​គុណ​សម្បត្តិ​និង​គុណវិបត្តិ​ផ្សេង​គ្នា ហើយ​អា​ស្រ័យ​លើ​ប្ដី​ជា​មនុស្ស​ប្រកាន់​ច្រើន​ឬ​អត់។

 

អ្នក​ស្រី​ថា រឿង​ល្អ​នោះ​គឺ​ថា​ ប្រពន្ធ​អាច​ដឹង​ពី​​តម្រូវ​ការ​ចំណាយ​​របស់​ប្ដី​ពិត​ប្រាកដ។ បើ​ប្ដី​ចាយ​ឆាប់​អស់​មិន​សម​ទំនង​ គឺ​ប្រពន្ធ​ដឹង​ភ្លាម។សម្រាប់​រឿង​មិន​ល្អ​ បុរស​ខ្លះ​គេ​ប្រកាន់​ណាស់​រឿង​ឆែក​អី​ហ្នឹង ព្រោះ​គេ​យល់​ថា បើ​គេ​មាន​គេ​នឹង​ឲ្យ​ កុំ​លួច​បើក​មើល​សូម្បី​ប្រាក់​ក្នុង​កាបូប​ដូច្នេះ។ យ៉ាងណា​អ្នក​ស្រី​ បញ្ជាក់​ថា​ ​ការ​បើក​មើល​កាបូប​លុយ​ប្តី​ ក៏​ជា​រឿង​ល្អ​ផង​ដែរ៕

 

ចុះ​អ្នក​វិញ​ នឹង​ឆែក​កាបូប​របស់​ប្ដី​ឬ​ទេ?

 

សូមអាន  រឿង​​​​៨​​យ៉ាង​ងាយ​ៗ​ ដែល​បុរស​អាច​ធ្វើ​ឲ្យ​ភរិយា​​សប្បាយ​ចិត្

 

អត្ថបទ៖ លឹម សុ​នា​ ​​​​

អត្ថបទពេញនិយម