ណាសាបារម្ភពីអាចម៍ផ្កាយទំហំយក្ស អាចបុកផែនដីនៅសតវត្សទី ២២
- 2016-08-02 20:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាសាបារម្ភពីអាចម៍ផ្កាយទំហំយក្ស អាចបុកផែនដីនៅសតវត្សទី ២២
ចន្លោះមិនឃើញ
ភ្នាក់ងារអវកាសណាសានឹងបញ្ជូនយានអវកាសតម្លៃ ៨០០ លានដុល្លារ ដើម្បីសិក្សាពីអាចម៍ផ្កាយ Bennu ដែលអាចហោះបុកផែនដីនៅចុងសតវត្សទី ២២។
យានអវកាសដែលនឹងបញ្ជូនទៅមានឈ្មោះថា OSRIS-REx ដោយគ្រោងបង្ហោះនៅខែ កញ្ញា ខាងមុខ ហើយនឹងចុះចតលើអាចម៍ផ្កាយ Bennu នៅក្នុងឆ្នាំ ២០១៨។ យាននេះនឹងចំណាយរយៈពេល ១ ឆ្នាំនៅលើផ្ទៃរបស់ Bennu ដើម្បីប្រមូលគំរូនៃថ្មរបស់អាចម៍ផ្កាយ មុនពេលដែលវាហោះត្រឡប់ទៅផែនដីវិញនៅឆ្នាំ ២០២៣។
និយាយពីអាចម៍ផ្កាយ Bennu វាតែងហោះកាត់គន្លងគោចររបស់ផែនដីនៅរៀងរាល់ ៦ ឆ្នាំម្ដង ហើយគេកំណត់ថាវានឹងហោះកាត់ចន្លោះផែនដី និង ព្រះចន្ទ នៅឆ្នាំ ២១៣៥។ នៅពេលនោះអ្នកវិទ្យាសាស្ត្រព្រួយបារម្ភថាគន្លងរបស់អាចម៍ផ្កាយដែលមានផ្ទៃទំហំ ៥០០ ម៉ែត្រនេះ អាចនឹងត្រូវកន្ត្រាក់ដោយកម្លាំងទំនាញរបស់ផែនដី នៅពេលអាចម៍ផ្កាយនេះហោះកាត់ ដែលបណ្ដាលឲ្យវាហោះបុកផែនដីនៅពេលក្រោយ។
ក្រុមតារាសាស្ត្រពិបាកព្យាករណ៍ណាស់ថាការស្ថិតនៅរបស់អាចម៍ផ្កាយ Bennu នៅចន្លោះផែនដី និង ព្រះចន្ទ នឹងប៉ះពាល់ដល់ដំណើរគោចររបស់អាចម៍ផ្កាយនេះខ្លាំងយ៉ាងណានោះ ប៉ុន្តែលោក Dante Lauretta សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Arizona បានប៉ាន់ស្មានថា វានឹងបង្កើតជាគ្រោះមហន្តរាយមួយដល់ផែនដី។ លោកបន្ថែមថា៖ "ឱកាសនៃការប៉ះទង្គិចអាចកើតមាន ១/២៧០០ នៅចន្លោះឆ្នាំ ២១៧៥ និង ២១៩៦"។
អាចម៍ផ្កាយ Bennu ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងល្បឿនជាមធ្យម ១០១ ៣៨៨ គ.ម/ម៉ ហើយការប៉ះទង្គិចរវាង Bennuជាមួយផែនដី ស្រដៀងនឹងការបំផ្ទុះកម្លាំងរំសេវ ៣ ពាន់លានតោន៕
ចុចអាន៖ NASA បិទការផ្សាយផ្ទាល់ភ្លាមៗ ពេលឃើញយានចម្លែកហោះចូលផែនដី
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail