រឿង​រ៉ាវ ៦​យ៉ាង របស់​ក្រុម​អ្នក​លេង​ជប៉ុន Yakuza ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2016-08-11 13:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Yakuza» គឺជា​ក្រុម​អ្នកលេង​ជប៉ុន​ដ៏​ធំ និង​មាន​ឥទ្ធិពល​បំផុត​មួយ​នៅលើ​ពិភពលោក។ ក្រុម​មួយនេះ​ត្រូវ​បាន​ការពារ និង​លាក់បាំង នៅ​ពី​ក្រោយ​ស្រទាប់​នៃ​អាជីវកម្ម​ស្របច្បាប់​ជាច្រើន។ ទោះ​បី​ជា​ពួកគេ​ត្រូវ​បាន​សាធារណជន​ជប៉ុន​ទូទៅ​មើលងាយ ប៉ុន្តែ​វត្តមាន​របស់​ពួកគេ​ត្រូវ​បាន​ទទួល​យក ជាផ្នែក​មួយ​ដែល​មិន​អាច​គេច​ផុត នៃ​ជីវិត​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន។ ប្រវត្តិសាស្ត្រ​របស់ Yakuza មាន​រយៈពេល​យូរ និង​សម្បូរបែប​ជាមួយ​នឹង​ប្រពៃណី និង​វិសាលភាព​ជាច្រើន​សតវត្ស។

 

ក្រុម​អ្នកលេង​មួយនេះ​បាន​ដំណើរ​ការ ជា​ប្រព័ន្ធ​យ៉ាង​ស្មុគស្មាញ​មិន​គួរ​ឲ្យ​ជឿ ដែល​បាន​រៀបចំ​ដូច​ជា ក្រុមហ៊ុន ឬ ទីភ្នាក់ងារ​ធម្មតា។ ពួកគេ​គ្រប់គ្រង​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ស្របច្បាប់ ដោយ​គ្មាន​ការ​ជួប ឬ​ឆ្លងកាត់​ជាមួយ​ក្រុម​អ្នក​លេង Yakuza។ ទោះ​ជា​យ៉ាង​ណា មាន​រឿងរ៉ាវ​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង ក្រុម​អ្នក​លេង​ដ៏​អស្ចារ្យ​របស់​ប្រទេស​ជប៉ុន​មួយនេះ ដែល​មនុស្ស​ភាគច្រើន​មិន​ដែល​បាន​ដឹង។

 

១) ដើម​កំណើត​នៃ​ឈ្មោះ «Yakuza»

 

 

មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​ពាក្យ​ថា «Yakuza» ប៉ុន្តែ​មនុស្ស​មិន​ច្រើន​ទេ ដែល​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​មួយ​នេះ។ ដើម​កំណើត​នៃ​ក្រុម​អ្នកលេង Yakuza គឺ​មាន​ការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង ទៅ​នឹង​ការ​លេង​ល្បែង​បៀ​មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា «Oicho-Kabu» (Japanese Blackjack)។ វា​គឺ​ជា​ការ​បូក​តម្លៃ​នៃ​សន្លឹកបៀ ៣សន្លឹក​ចូល​គ្នា ហើយ​យក​ខ្ទង់​ចុងក្រោយ​នៃ​លទ្ធផល​នោះ​ធ្វើ​ជា​ពិន្ទុ។ ស្តាប់​មើល​ទៅ​ហាក់បី​ដូចជា​មាន​ភាពស្មុគស្មាញ​ខ្លាំងណាស់ ប៉ុន្តែ​ការ​ពិត​វា​សាមញ្ញ​បំផុត។ ឧទាហរណ៍ ៨ + ៩ + ៣ = ២០។ ខ្ទង់​ចុងក្រោយ​នៃ​លទ្ធផល គឺលេខ ០ ដូច្នេះ​ពិន្ទុ​របស់​អ្នក​គឺ ០ ធ្វើ​ឲ្យ​ក្តារ​ដែល​អ្នកលេង​នោះ​អាក្រក់​បំផុត។ នៅ​ក្នុង​ភាសា​ជប៉ុន លេខ៨ គឺ «Ya» លេខ៩ គឺ «Ku» និង​លេខ៣ គឺ «Za»។ នៅ​ពេល​ដែល​យើង​ផ្តុំ​វា​ចូលគ្នា យើង​បាន «Ya-Ku-Za» ឬ «Yakuza» ដែល​ជា​ក្តារ​អាក្រក់​បំផុត នៅ​ក្នុង​បៀ Blackjack ជប៉ុន។

 

២) ស្នាម​សាក់​របស់​ពួក​គេ គឺ​សាក់​ដោយ​ដៃ

 

 

យើង​អាច​សម្គាល់​សមាជិក​របស់​ក្រុម​អ្នក​លេង Yakuza បាន​ភ្លាមៗ តាម​រយៈ​ស្នាម​សាក់​ពេញ​ដង​ខ្លួន​របស់​ពួកគេ បើទោះបី​ជា​ពួក​គេ​ពាក់​អាវ​ដៃ​វែង និង​មាន ក ខ្ពស់ ដើម្បី​បិទបាំង​ក៏ដោយ។ រាងកាយ​ទាំងមូល​របស់​ពួកគេ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ស្នាមសាក់ លើកលែង​តែ​ត្រង់​កណ្តាល​ដើមទ្រូង និង​ពោះ​ចុះ​មក​ក្រោម​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ជំងឺថ្លើម។ ការ​ធ្វើ​បែបនេះ​ក៏​អាច​ឲ្យ​ពួកគេ​ពាក់​រ៉ូប​បែប​ប្រពៃណី​ជប៉ុន ដោយ​គ្មាន​ការ​សង្ស័យ​ទៀតផង។ រូបសាក់​ទាំងនោះ​អាច​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទម្រាំ​តែ​រួចរាល់ ខណៈ​ដំណើរ​ការ​សាក់ គឺ​ពិត​ជា​លំបាក​ខ្លាំង។ ពួកគេ​ប្រើប្រាស់​បច្ចេកទេស​សាក់​តាម​បែបប្រពៃណី ដែល​មាន​អាយុ​កាល​រាប់​រយ​សតវត្ស និង​សាក់​ដោយ​ដៃ​ផ្ទាល់​តែម្តង។ ម្ជុល​តូច​ដ៏​មុត​ស្រួច​សម្រាប់​សាក់ ដែល​ធ្វើ​ឡើង​ពី​ឫស្សី ត្រូវ​បាន​ចាក់​បញ្ចូល​ម្តង​ហើយ​ម្តង​ទៀត រហូត​ទាល់​តែ​ការ​សាក់​រួចរាល់។

 

៣) ប្រពន្ធ​របស់​ពួកគេ​ក៏​ចាក់​សាក់​ដែរ

 

 

ស្រ្តី​ជា​ប្រពន្ធ​របស់​សមាជិក​ក្រុម​អ្នក​លេង Yakuza ត្រូវ​ទទួល​តួនាទី​មើល​ថែរក្សា​កូន ចម្អិន​អាហារ និង​គោរព​ប្តី។ ជាង​នេះ​ទៅ​ទៀត ពួកនាង​ត្រូវ​ចាក់​សាក់​ពេញ​រាយកាយ ដូច​ប្តី​របស់​ខ្លួន​ដែរ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភក្តីភាព​ចំពោះ​ប្តី និង​ក្រុម​អ្នក​លេង Yakuza ទាំង​មូល​តែម្តង។ ការ​ចាក់​សាក់​បែបនេះ ត្រូវ​បាន​គេ​រើសអើង​យ៉ាងខ្លាំង ហើយ​ពួកនាង​មិន​អាច​ទៅ​ហែលទឹក ឬ​ងូតទឹក នៅ​កន្លែង​សាធារណ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ វា​ហាក់បី​ដូចជា​ប្រកាស​ប្រាប់​ពិភពលោក​ថា ពួកនាង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នក​លេង Yakuza អីចឹង។

 

៤) សមាជិក​ក្នុង​ក្រុម​អ្នកលេង Yakuza ត្រូវ​បង្ខំ​ឲ្យ​កាត់​ម្រាម​ដៃ​ខ្លួន​ឯង

 

 

វិធី​មួយ​ដើម្បី​សម្គាល់​មើល​សមាជិក​ក្រុម​អ្នក​លេង Yakuza គឺ​ត្រូវ​មើល​លើ​ស្នាម​សាក់ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ស្លៀកពាក់​បាំង​ជិត​ខ្លួន​ប្រាណ ក៏​នៅ​មាន​វិធី​មួយ​ទៀត​ដែរ គឺ​មើល​ម្រាមដៃ​របស់​ពួកគេ។ សមាជិក​ក្រុម​អ្នក​លេង Yakuza ជាច្រើន​បាន​បាត់បង់​ម្រាមដៃ ក៏ព្រោះតែ​ពួកគេ​ស្ម័គ្រចិត្ត​កាត់​វា​ចេញ​ដោយ​ខ្លួនឯង នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ឲ្យ​មាន​កំហុស។ ការ​កាត់​ម្រាមដៃ​បែបនេះ​ត្រូវ​បាន​គេ​ហៅ​ថា «Yubitsume» ដែល​ប្រែ​មក​ថា «ធ្វើឲ្យម្រាមដៃខ្លី» ដោយ​សមាជិក​ដែល​ល្មើស ឬ​សាង​កំហុស ត្រូវ​ដាក់​ដៃ​នៅ​លើ​តុ ដែល​គ្រប​ក្រណាត់​ពណ៌​ស រួច​កាត់​ម្រាមដៃ ត្រឹម​គន្លាក់​ម្រាមដៃ​ខាងលើ ចេញ​តែម្តង។ បន្ទាប់​មក​សមាជិក​នោះ​ត្រូវ​ខ្ចប់​ម្រាមដៃ​ឲ្យ​បាន​រៀបរយ និង​ជូន​ទៅ​ឲ្យ​មេ​របស់​គេ​ទុក​ជា​កាដូ។ នៅ​ពេល​ដែល​មេ​គេ​ទទួល​យក​កាដូ​នោះ មាន​ន័យ​ថា​ការ​សុំ​អភ័យ​ទោស​ត្រូវ​បាន​ទទួល​យក។ ម្រាមដៃ​ដំបូង​បង្អស់​ដែល​ត្រូវ​កាត់ គឺ «ម្រាម​កូនដៃ»។ ប្រសិនបើ​តម្រូវ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​បន្ថែម​ទៀត សមាជិក​នោះ​ត្រូវ​តែ​បន្ត​កាត់​ម្រាមដៃ​ជា​បំណែក មួយ​គន្លាក់​ម្តងៗ រហូត​ទាល់​តែ​ដាច់​ម្រាមដៃ​នោះ។ បន្ទាប់​មក សមាជិក​នោះ​ត្រូវ​បន្ត​ទៅ​កាត់​ម្រាមដៃ នៃ​ដៃ​ម្ខាង​ទៀត រហូត​ទាល់តែ​មេ​ទទួល​យក​ការ​សុំ​អភ័យទោស។

 

៥) Yakuza នឹង​រក​ប្រាក់​ចំណេញ​ពី ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០

 

 

ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០។ នេះ​គឺ​ជា​ព័ត៌មាន​ល្អ​សម្រាប់​ក្រុម​អ្នក​លេង Yakuza ដោយសារ​តែ​ពួកគេ​គ្រប់គ្រង​អាជីវកម្ម​ផ្នែក​សំណង់​ច្រើន នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​សំណង់​អាគារ​ថ្មីៗ​ជាច្រើន​នឹង​ត្រូវ​សាងសង់​ឡើង ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ។ ភស្តុតាង​ដែល​បញ្ជាក់​ថា​នឹង​មាន​ការ​ចូល​រួម​ពី ក្រុម​អ្នក​លេង Yakuza ត្រូវ​បាន​បែកធ្លាយ​កាល​ពី​ឆ្នាំ២០១៥ ដោយ​រូបថត​ជាច្រើន​សន្លឹក​បាន​បង្ហាញ​ឲ្យ​ឃើញ អនុប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន លោក Hidetoshi Tanaka (ខាងឆ្វេង) អង្គុយ និង​ញញឹម ជាមួយ​នឹង​មេ Yakuza លោក Shinobu Tsukasa (ខាងស្តាំ) ដែល​ជា​ប្រធាន​គ្រប់គ្រង​អង្គភាព​ធំ​បំផុត របស់​ក្រុម​អ្នក​លេង Yakuza មាន​ឈ្មោះ​ថា «Yamaguchi-Gumi»។ ការ​ចំណាយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៥០ពាន់​លាន​ដុល្លារ ខណៈ​ក្រុម​អ្នក​លេង Yakuza បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រមូល​យក​ប្រាក់​ចំណេញ​ពី​ការសាងសង់​ទាំងអស់ ប្រមាណ​ជា ៥ភាគរយ។

 

៦) Yakuza គ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស ក្នុង​ប្រទេសជប៉ុន

 

 

វា​គឺ​ជា​ការ​ពិត​ដែល​ក្រុម​អ្នក​លេង Yakuza គ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ជា​ប្រភព​ប្រាក់ចំណូល​ធំ​បំផុត​របស់​ពួកគេ​ផងដែរ។ រឿង​អាសអាភាស គឺ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វីដេអូ​រឿង​អាសអាភាស​ភាគច្រើន​ត្រូវ​បាន​បិទបាំង (Censored) ប៉ុន្តែ​ក្រុម​អ្នក​លេង Yakuza បាន​ចាត់ទុក​វា​ជា​មោឃៈ ហើយ​ចែកចាយ​ដោយ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ជប៉ុន​តែម្តង។ ពួកគេ​ថែមទាំង​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ឧស្សាហកម្ម​នៅ​អាមេរិក និង​នាំ​យក​នារី​ដែល​មិនមែន​ជា​ជនជាតិ​ជប៉ុន មក​សម្តែង​ក្នុង​វីដេអូ​អាសអាភាស​របស់​ពួកគេ​ទៀតផង។ ប៉ុន្តែ​នារី​ទាំងនោះ​ភាគច្រើន​ត្រូវ​គេ​ធ្វើ​បាប គំរាម​យក​ប្រាក់ និង​រំលោភ​បំពាន។ ពួកគេ​លួងលោម​នារីៗ ឲ្យ​មក​កាន់​ប្រទេស​ជប៉ុន ដោយ​សន្យា​ថា​ផ្តល់​ប្រាក់​កម្រៃ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ពួកនាង​មក​ដល់ លិខិត​ឆ្លង​ដែន​របស់​ពួក​នាង​ត្រូវ​បាន​ដក​ហូត និង​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​តួសម្តែង​ក្នុង​រឿង​អាសអាភាស អ្នក​រាំស្រាត ឬ ស្រី​លក់​ខ្លួន​ជាដើម ខណៈ​នារី​មួយ​ចំនួន​ត្រូវ​បាន​គេ​លក់​ឲ្យ​ធ្វើ​ជា​ទាសករ​ទៀតផង។ ជាង​នេះ​ទៅ​ទៀត សហជីព​របស់​ក្រុម​អ្នក​លេង Yakuza មួយ​ចំនួន ផ្តោត​ទៅ​លើ​ការ​ជួញដូរ​មនុស្ស​ស្ទើរ​តែ​ទាំងស្រុង។ នារី​វ័យ​ក្មេង​មក​ពី​ប្រទេស​ហ្វីលីពីន គឺ​ជា​គោលដៅ​ធំ​មួយ​សម្រាប់​សហជីព Yakuza ទាំងនោះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ therichest

អត្ថបទថ្មី