មូលហេតុតម្លៃ Note 7 នៅខ្មែរធូរថ្លៃជាងបរទេស
- 2016-08-12 21:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុតម្លៃ Note 7 នៅខ្មែរធូរថ្លៃជាងបរទេស
ចន្លោះមិនឃើញ
Galaxy Note 7 នៅលើទីផ្សារកម្ពុជាមានតម្លៃប្រមាណ ៧៧០ ដុល្លារ ធូរថ្លៃជាងបណ្ដាប្រទេសធំៗរហូតដល់ទៅជាង ១០០ ដុល្លារ។ ជុំវិញតម្លៃនេះ អ្នកប្រើប្រាស់ក្នុងស្រុកមានការងឿងឆ្ងល់ហេតុអីបានជា Note 7 នៅខ្មែរ ធូរថ្លៃជាងបណ្ដាប្រទេសដទៃ។
ប្រធានទំនាក់ទំនងរបស់ Samsung ប្រចាំប្រទេសកម្ពុជា អះអាងថា តម្លៃ Note 7 នៅលើទីផ្សារប្រទេសកម្ពុជាធូរថ្លៃជាងបណ្ដាប្រទេសដទៃរហូតដល់ជាង ១០០ ដុល្លារ គឺដោយសារ Operation Cost ក្នុងស្រុកទាបជាងបរទេស។
លោកថា ជាក់ស្តែង តម្លៃពលកម្ម ទំនិញ និងការបង់ថ្លៃសេវាផ្សេងៗក្នុងប្រទេសកម្ពុជា ហាក់នៅទាបជាងប្រទេសផ្សេង រួមទាំងប្រទេសជិតខាងកម្ពុជាផងដែរ។ ចំណែកឯបណ្ដាប្រទេសអ្នកមាននៅតំបន់អឺរ៉ុប និងអាស៊ីមួយចំនួន តម្លៃពលកម្ម និងការបង់ថ្លៃសេវាគ្រប់ប្រភេទ ខ្ពស់ជាងនៅកម្ពុជា ជាហេតុនាំឲ្យតម្លៃ Note 7 ថ្លៃទៅតាមនោះ ដើម្បីឲ្យមានភាពសមាមាត្រ។
សំនួរដែល Sabay បានសួរ "តើតម្លៃនេះទាក់ទងទៅនឹងការប្រើបន្ទះឈីបនិង Specs លើសគ្នាតាមបណ្ដាប្រទេសឬយ៉ាងណា? ខាង Samsung អះអាងថា វាមិនមែនជាការពិតនោះទេ ព្រោះ Note 7 (ស្តង់ដារអន្តរជាតិ) ផលិតចេញមកពីរោងចក្រតែមួយ មានគុណភាពដូចគ្នាទាំងអស់ ទោះបីផលិតនៅវៀតណាមឬរោងចក្រ Foxconn នៅចិនក៏ដោយ។
យ៉ាងណានិយាយរឿងពន្ធ លោក សុខ ឡេង ពុំអាចបញ្ជាក់បាននោះទេ ដោយវាអាស្រ័យតាមប្រទស តែលោកលើកឧទាហរណ៍ជាក់ស្ដែងនៅសិង្ហបុរី តម្លៃពន្ធថ្លៃ ជាមូលហេតុធ្វើឲ្យ Note 7 នៅទីនោះថ្លៃជាងនៅកម្ពុជា។
Note 7 ដែលជាម៉ូដែលរំលងពីលេខ ៦ (Note 6) នេះ ភ្ជាប់មកជាមួយមុខងារស្កេនប្រស្រីភ្នែក បច្ចេកវិទ្យាការពារជ្រាបទឹក IP68 និងរន្ធដោតកាសថ្មីប្រភេទ USB Type C។ រាងអេក្រង់របស់ Note 7 កោងស្ទើរតែដូចគ្នាទាំងស្រុងនិង S7 Edge។ កាលបរិច្ឆេទដាក់លក់លើទីផ្សារប្រទេសកម្ពុជាគឺនៅថ្ងៃទី ២០ សីហា ក្នុងតម្លៃ ៧៧០ ដុល្លារ៕
អត្ថបទ៖ ប៉ែត ផាន់និត