និស្ស័យ​អាច​ឱ្យ​យើង​ជួប​ ក៏​អាច​ឱ្យ​យើង​បែក

  • 2016-08-12 17:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ទាំង​អស់​គ្នា​ជឿ​លើ​និស្ស័យ​ឬទេ?

តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក ​ដែល​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​នេះ?

ខ្ញុំ​សូម​រៀបរាប់​ដំណើរ​រឿង​ដែល​កើតឡើង​ផ្ទាល់​ចំពោះ​ខ្ញុំបាទ​ដូចតទៅ​នេះ... ​ដំបូង​ឡើយ​ស្នេហា​របស់​យើង​ទាំងពីរ​នាក់​គឺ​បាន​ចាប់​ផ្ដើម​ឡើង​​ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​នៅ​ការដ្ឋាន​សាងសង់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​នៅ​ខេត្ត​កំពត​ នៅ​ឯ​ស្រុកកំណើត​របស់ខ្ញុំ។

 

ការពិត​ខ្ញុំ​និង​គេ​ក្លាយ​ជា​មិត្ត​នឹង​គ្នា​តាម​បណ្ដាញ​សង្គម​យូរ​មក​ហើយ​​ គ្រាន់តែ​មិនដែល​បាន​លេង​ជាមួយគ្នា​ និស្ស័យ​ក៏បាន​ទាញ​យើង​ទាំងពីរ​ឱ្យ​ស្គាល់​គ្នា​ដោយ​ចៃដន្យ។ ​ មាន​ថ្ងៃមួយ​នោះ Facebook បាន alert ខ្ញុំ​ចំពោះ​រូបថត​មួយ​សន្លឹក​ដែល​ខ្ញុំ​បាន​បង្ហោះ​​កាល​ពី​ឆ្នាំ ២០១៣។ រូប​នោះ​គឺ​ពេល​ខ្ញុំ​កំពុង​ដេក​នៅ​ក្នុង​កន្លែងធ្វើការ​មួយ​កន្លែង​ ដោយ​រូប​នោះ​បាន Tag ឱ្យ​នាង​តែ​ម្នាក់​គត់។ ​ ឃើញ​ដូច​នោះ​ខ្ញុំ​ក៏​ឆ្ងល់​រួច​ក៏បាន​ចុច​ឈ្មោះ​នារី​ម្នាក់​នោះ​មើល។ នៅ​លើ​ Profile នារី​នោះ​គេ​ដាក់​រូប​ស្អាត​បែប​សិច​ស៊ី​បន្តិច​ ដោយសារតែ​ឃើញ​បែប​នោះ​ខ្ញុំ​ក៏​សាក​ផ្ញើ​សារ​តាម Messengerទៅលេង​ ហើយក៏​មិនដែល​គិត​ទេ​ថា​នាង​​នឹង​តប​មកវិញ។ ​តែ​ខុស​ពី​ការ​គិត នាង​ក៏​តប​មកវិញ​! ពេល​នោះ​ហើយ ខ្ញុំ​និង​នាង​ក៏បាន​ចាប់​ផ្ដើម​ស្គាល់​គ្នា។

 

បន្ទាប់​មក​ទៀត​ ខ្ញុំ​បាន​ចាប់​ផ្ដើម ជជែក​លេង​ជាមួយ​គេ​ តាម​បណ្ដាញ​សង្គម ​Facebook​ រហូត​ ដោយ​កាល​នោះ​នាង​បាន​ដាក់​រូប ​Profile​ ក្លែងក្លាយ​ (តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​ជា​រូប​ក្លែងក្លាយ​ទេ) ដោយ​ខ្ញុំ​បាន​ជជែក​ ជាមួយ​នាង​រាល់​ថ្ងៃ​ ពេល​ខ្លះ​តេ​ទៅ​នាង​តាម​ Messenger ក៏​មាន​ ព្រោះ​ថា​នាង​មិន​ព្រម​ឱ្យ​លេខ​ទូរសព្ទ​មក​ខ្ញុំ​ទេ ទោះ​បី​ជា​ព្យាយាម​សុំ​នាង​យ៉ាង​ណា​ក៏​ដោយ​ (ប្រហែល​គិត​ថា​គេ​ជា​ស្រី​ស្អាត​ហើយ​មើល​ទៅ)។

 

ទោះ​បី​យ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មុខ​ក្រាស់​បន្ត​ធ្វើ​បែបនេះ​រហូត គឺ​រយៈ​ពេល​ប្រហែល​ជិត​បី​ខែ(តាំងពី​ខែ​មេសា​ដល់​ខែ​មិថុនា ឆ្នាំ២០១៤) ទើប​គេ​ព្រម​ឱ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ។ ទីបំផុត​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៤ ពេលនោះ​ហើយ​ដែល​ជា​ពេល​នាង​ព្រម​ទទួលយក​ការ​ស្រលាញ់​ពី​ខ្ញុំ ទាំង​ដែល​ពួក​យើង​ទាំងពីរ​មិនដែល​បាន​ជួប​មុខ​គ្នា​សោះ​សូម្បី​តែ​ម្ដង។ ហើយ​មុន​ពេល​ដែល​យើង​ស្រលាញ់​គ្នា គេ​បាន​ផ្ញើ​រូប​ជាច្រើន​ដែល​មិន​មែន​ជា​រូប​ពិត​​ជា​ច្រើន​ដែល​មិន​មែន​ជា​រូប​ពិត ធ្វើ​ឱ្យ​ខ្ញុំ​លង់​ចង់​ងាប់ ព្រោះតែ​ស្អាត​ពេក។

 

ហេតុតែ​មិន​ដឹង​ត្រូវ​គេ​បោក​ឡើង​វិលក្បុង ក៏​សុខចិត្ត​ឱ្យ​គេ​បោក​មួយ​គ្រា​សិន​ចុះ។ យើង​នៅតែ​បន្ត​ទំនាក់ទំនង​គ្នា​បែបនេះ​រហូត ពេលខ្លះ​និយាយ​ទូរសព្ទ​សឹងតែ​ដាច់​យប់​ក៏​មាន​ដែរ ព្រោះ​ស្រលាញ់​គ្នា​ថ្មីថ្មោង​ចឹង​ហើយ។

 

ក្រោយពី​ស្គាល់​គ្នា​មិន​បាន​យូរ​ប៉ុន្មាន នារី​ម្នាក់​នោះ​បាន​ប្រាប់​ថា មាន​គេ​មក​ចង់​ចូល​ស្ដី​ដណ្ដឹង​​នាង។ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ត្រូវ​គេ​យក​បេះដូង​ចេញពី​ខ្លួន​បាត់​ចឹង! ព្រោះ​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រលាញ់ មាន​គេ​ចូល​ស្ដី​ដណ្ដឹង តែ​ចុងក្រោយ​នារី​ម្នាក់​នោះ​ក៏​មិនបាន​យល់ព្រម​ជាមួយ​ម៉ាក់​គេ​ទេ។

 

ពួក​យើង​ក៏​បន្ត​ការ​ស្រលាញ់​បន្ត​ទៀត។ មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ ព្រោះតែ​ចង់​ជួប​មុខ និង​ដើម្បី​បាន​នៅ​ក្បែរ​មនុស្ស​ដែល​ស្រលាញ់។ ការ​រំពឹង​ទុក​របស់​ខ្ញុំ​មិន​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដូច​ការ​ប៉ង​នោះ​ឡើយ ព្រោះថា​គេ​កើត​ក្នុង​គ្រួសារ​អ្នកមាន ហើយ​ម៉ាក់​ប៉ា គេ​តឹងរ៉ឹង​ចំពោះ​កូន​ណាស់​។

 

ដំបូង​ឡើយ​ខ្ញុំ​ព្យាយាម​សុំ​ជួប​គេ ប៉ុន្តែ​ត្រូវ​គេ​បដិសេធ​រហូត ថា​មិន​ទំនេរ មិន​អាច​ចេញ​បាន តែ​ការពិត​គេ​កុហក​ខ្ញុំ ដោយសារតែ​គេ​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ រូបថត​ក្លែងក្លាយ​ទើប​គេ​មិន​ហ៊ាន​ជួប ទោះបី​ខ្ញុំ​ព្យាយាម​សុំ​ជួប​យ៉ាងណាក៏ដោយ។

 

រហូត​មាន​ថ្ងៃមួយ​គេ បាន​សារភាព​ថា បើ​គេ​កុហក​ខ្ញុំ តើ​ខ្ញុំ​នៅ​ស្រលាញ់​គេ​ទៀត​ឬ​អត់? ស្អប់​គេ​អត់? នាង​សួរ​ខ្ញុំ​បែបនេះ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រាប់​នាង​ថា ខ្ញុំ​ស្អប់​បំផុត​អ្នកណា​ដែល​បោកប្រាស់​ខ្ញុំ។ ស្រាប់តែ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ភ្លាម​ថា​ហេតុអ្វី​បានជា​នាង​សួរ​បែបនេះ ខ្ញុំ​ក៏​សួរ​បញ្ជាក់​ទៅ​នាង​ថា តើ​នាង​កុហក​ខ្ញុំ​ដោយសារ​ប្រើប្រាស់​គណនេយ្យ Facebook ក្លែងក្លាយ​មែន​ទេ?

 

ពេលនោះ​នាង​ក៏​ផ្ញើ​រូប​ពិត​របស់​នាង​មក​ឱ្យ​ខ្ញុំ​មើល ជា​ការ​ពិត​ណាស់​រូប​ពិត​និង​រូប​ក្នុង ​Facebook ​ពិតជា​ខុសគ្នា​ឆ្ងាយ​មែន តែ​មិន​ដឹង​យ៉ាងម៉េច នៅ​ពេល​ឃើញ​រូប​នោះ​ក៏​នៅតែ​ស្រលាញ់ ទោះបីជា​​ធ្លាប់​និយាយ​ប្រាប់​គេ​ដោយ​ផ្ទាល់​មាត់​ហើយ​ថា​ខ្ញុំ​ស្អប់​មនុស្ស​ជំពូក​នោះ។

 

តែ​ផ្ទុយទៅវិញ​ ទោះបី​ដឹង​ថា​នាង​កុហក​ហើយ ក៏​នៅតែ​ស្រលាញ់​នាង ព្រោះថា​ការ​ស្រលាញ់​មិនបាន​ឃើញ​ពី​ចំណុច​អាក្រក់​របស់​គេ​ឡើយ ហើយក៏​អាច​មកពី​ខ្ញុំ​ជា​មនុស្ស​មិនសូវ​យក​ចិត្ត​ទុក​ដាក់​លើ​មុខមាត់​ប៉ុន្មាន​នោះ​ដែរ។ ទោះបីជា​យើង​ទាំងពីរ​នាក់​មិនដែល​បាន​ជួប​មុខ​ក៏ដោយ ចុងក្រោយ​ខ្ញុំ​នៅតែ​សម្រេច​ចិត្ត​ជ្រើស​យក​នាង​ដដែល ​ហើយ​យើង​នៅតែ​បន្ត​ទាក់ទង​គ្នា​រហូត គ្រាន់តែ​មិនសូវ​ដូច​មុន ព្រោះ​ហាក់​អន់ចិត្ត​បន្តិចបន្តួច។ ក្រោយមក​ទំនាក់ទំនង​ពួក​យើង​ចាប់​ផ្ដើម​ជា​ល្អ​ឡើងវិញ​ ដោយសារ​នាង​សន្យា​ថា​នឹង​ព្រម​ចេញ​ក្រៅ​ជួប​ខ្ញុំ​ទើប​ខ្ញុំ​ព្រម​ទទួល ហើយ​អភ័យ​ឱ្យ​នាង ហើយ​នៅតែ​បន្ត​និយាយ​គ្នា​លេង​ជាមួយ​នាង​រហូត​មក។

 

(រូបតំណាង)

 

នៅ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ​២០១៥ ជា​កាលបរិច្ឆេទ​ដែល​ខ្ញុំ​ត្រូវ​ទទួល​សញ្ញាប័ត្រ​ពេលនោះ​ដែរ ខ្ញុំ​បាន​ប្រាប់​ទៅ ក្រុម​គ្រួសារ​របស់ខ្ញុំ ហើយ​ពួកគាត់​ក៏​បាន​មក​ចូលរួម​អបអរ​ខ្ញុំ​ផង​ដែរ ព្រោះ​វា​ជា​ថ្ងៃ​ពិសេស​របស់ខ្ញុំ។ វា​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ក្រៃលែង អ្វី​ដែល​ពិសេស​លើស​ពី​នេះ​ទៅ​ទៀត​ មនុស្សម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​គេ ហើយ​នាង​ក៏​ស្រលាញ់​ខ្ញុំ (ប៉ុន្តែ​មុន​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ទទួល​សញ្ញាប័ត្រ យើង​ទាំងពីរ​នាក់​ឈ្លោះ​គ្នា​តិចតួច) នាង​ក៏បាន​បង្ហាញមុខ​ឡើង​ចំពោះ​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ។ ដំបូង​ឡើយ ​ខ្ញុំ​មិនបាន​ស្គាល់​នាង​ទេ ព្រោះ​ធ្លាប់​ឃើញ​តែ​នៅ​ក្នុង​រូបថត តែ​ការ​ពិត​នៅ​ខាងក្រៅ នាង​ស្អាត​ជាង​ក្នុង​រូបថត​ខ្លាំង​ណាស់! ​រាង​ខ្ពស់​ស្រលះ​មិន​ចាញ់​តារា​បង្ហាញ​ម៉ូដ​ប៉ុន្មាន​ទេ មុខ​នាង​កាន់តែ​ញញឹម​ កាន់តែ​ស្រស់​ស្អាត ជាហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​មើល​នាង​មិន​ស្គាល់។ និយាយ​​ពី​ពេលនោះ​វិញ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​ថតរូប​ជាមួយ​គ្រួសារ ស្រាប់តែ​នាង​ដើរមក​សំដៅ​រក​ខ្ញុំ ដោយ​ដៃ​កាន់​នូវ​ផ្កា​កុលាប​មួយ​បាច់​យ៉ាង​ធំ ហើយ​ទឹកមុខ​ញញឹម​ដាក់​ខ្ញុំ រួច​ហុច​ផ្កា​នោះ​ឱ្យ​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះ​ខ្ញុំ​មិនដែល​ស្គាល់​នារី​ណា ស្អាត​ចឹង​ទេ ហើយក៏​មិនដែល​គិត​ដែរ​ថា​នឹង​មាន​មនុស្ស​ម្នាក់ មក​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​ពិសេស​របស់ខ្ញុំ​បែបនេះ​ឡើយ។ ពេល​នោះ​ខ្ញុំ​ក៏​សួរ​នាង​ថា​គឺជា​នាង​មែន​ទេ ហើយ​នាង​ក៏​ញញឹម​រួច​ងក់ក្បាល ខ្ញុំ​ចង់​ប្រាប់​ថា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​មនុស្ស​សំខាន់​ម្នាក់​នោះ សម្រាប់​វត្តមាន​ក្នុង​ថ្ងៃ​ដ៏​មានន័យ​នេះ។ ពេល​នោះ​ដែរ​ក៏​មាន​រឿង​គួរ​ឱ្យ​អស់សំណើច​ផង​ដែរ ដោយសារ​ពេល​ដែល​គេ​ដើរ​មក​រក​ខ្ញុំ ខ្លួនប្រាណ​របស់​គេ​ញ័រ​ដូច​រញ្ជួយ​ផែនដី​អញ្ចឹង​ ព្រោះតែ​វា​ជា​លើកទីមួយ​ដែល​យើង​ទាំងពីរ​នាក់​ជួប​គ្នា។ ​ពេលនោះ​ដែរ​នាង​បាន​ធ្វើ​ឱ្យ​ម៉ាក់ប៉ា​និង​ប្អូនស្រី​ខ្ញុំ​ឆ្ងល់​ជា​ខ្លាំង។ ក្រោយពី​ដឹង​ថា​ជា​នាង​រួចមក ម៉ាក់​ក៏បាន​ប្រាប់​ឱ្យ​យើង​ទាំងពីរ​នាក់​ថតរូប​ជាមួយគ្នា ទៅ​ទុកជា​អនុស្សាវរីយ៍ ទាំង​ដែល​ខ្លួនប្រាណ​នាង​នៅ​ញ័រទទ្រើក​ដូច​មាន​រញ្ជួយ​ផែនដី​អញ្ចឹង​។ ចាប់​តាំងពី​ថ្ងៃ​នោះ​មក ទំនាក់ទំនង​របស់​យើង​កាន់តែ​ស្អិត​ល្មួត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​និយាយ​ជាមួយគ្នា​មិន​លោះ​មួយថ្ងៃ​ឡើយ គ្រាន់តែ​យើង​មិន​មាន​ពេលវេលា​ជួប​គ្នា​ ក្រោម​ហេតុផល​គ្រួសារ​តឹងរ៉ឹង។ ខ្ញុំ​ក៏​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​នាង ​ព្រោះ​មិន​ចង់​ឱ្យ​ទំនាក់ទំនង​យើង​ប្រេះស្រាំ​ព្រោះតែ​រឿង​នេះ។ យ៉ាងណា​មិញ​នាង ក៏​បាន​ឆ្លៀត​ពេល​ទំនេរ ពី​ដើរ​ផ្សារ​មក​ជួប ខ្ញុំ​និង​ញ៉ាំ​អាហារ​ជាមួយ​គ្នា​បាន​២​ទៅ ៣​ដង​ដែរ តែ​មិនបាន​រយៈ​ពេល​យូរ​ទេ ព្រោះ​នាង​មក​ជា​មួយ​បងស្រី​​ចុងភៅ​ប្រចាំ​គ្រួសារ។ ជា​ការ​ពិត​ នាង​ចូលចិត្ត​ស្លៀកពាក់​សំលៀកបំពាក់​សិច​ស៊ី​ណាស់ ហើយ​តែងតែ​ត្រូវ​ខ្ញុំ​ស្ដី​ឱ្យ​ជា​ញយ​ៗ។ មាន​ពេល​មួយ​នោះ​ ក្រោយពេល​ញ៉ាំ​អី​រួច ​នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្ញុំ ដោយសារ​សំពត់​នាង​ខ្លី ខ្ញុំ​ក៏​បាន​ដោះអាវ​ក្រៅ​របស់ខ្ញុំ​ឱ្យ​នាង​គ្រប​ជើង​របស់​នាង ដើម្បី​កុំ​ឱ្យ​អ្នក​ផ្សេង​គេ​មើល​រួច​ក៏​ឌុប​នាង​ទៅ​រក​បងស្រី​ចុងភៅ​វិញ។ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​គូ​ស្នេហ៍​តែងតែ​មានរឿង​ឈ្លោះ​គ្នា​ជា​ញយ​ៗ។ សម្រាប់​ពួក​យើង​វិញ​ ពេល​និយាយ​ទូរស័ព្ទ​លើក​ណា​ក៏​ឈ្លោះ​គ្នា​ដែរ មាន​ពេលខ្លះ​ដល់​ថ្នាក់​ប្រើ​ពាក្យ​បែក​គ្នា​ជាច្រើន​លើ​ក​ច្រើន​សារ​ទៀត​ផង តែ​ពួក​យើង​នៅតែ​មិន​អាច​បែក​គ្នា​បាន ព្រោះ​ចិត្ត​ស្រលាញ់​មាន​ចំពោះ​គ្នា​ខ្លាំង ។

 

ដោយហេតុថា​ពេលណា​ចង់​ឃើញ​មុខ​នាង​ យើង​ក៏​ប្រើ​ប្រព័ន្ធ​វីដេអូខល​ជា រឿយ​ៗ ហើយ​ខ្ញុំ​តែងតែ​ហៅ​នាង​ថា​ស្រី​ល្ងង់​ឬ​ស្រី មុខ​ចាស់ ព្រោះ​នាង​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ​ដែរ តែ​នាង​មិនដែល​ចេះ​ខឹង​ងរង៉ក់​នឹង​រឿង​ទាំងនេះ​ទេ ទើប​ខ្ញុំ​កាន់តែ​ស្រលាញ់​នាង​ខ្លាំង​ឡើង​ៗ។ ​ស្រលាញ់​គ្នា​គឺជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ក៏​ពិតមែន ​តែ​បើ​គ្រួសារ​មិន​ពេញចិត្ត​ទោះ​ស្រលាញ់​ប៉ុនណា​ក៏​គង់តែ​ត្រូវ​រង្គោះរង្គើ​ដែរ។ ក្រោយពេល​អ្នកផ្ទះ​របស់​គេ​ដឹង​រឿង​របស់​យើង​ទាំងពីរ ម៉ាក់​របស់​គេ​មិន​ពេញចិត្ត​ឱ្យ​ពួក​យើង​ស្រលាញ់​គ្នា​ទេ ព្រោះ​ម៉ាក់​របស់​គេ​ពេញចិត្ត​នឹង​បុរស​ម្នាក់ទៀត​ដែល​ជា​កូន​អ្នកមាន ហើយ​ជា​អ្នក​ស្គាល់​គ្នា​ទៀត​ផង។ ព្រោះតែ​ហេតុនេះ បាន​រុញច្រាន​ឱ្យ​ទំនាក់ទំនង​របស់​យើង​ទាំងពីរ​មាន​ភាព​រង្គោះរង្គើ​មិន​ឈប់​មិន​ឈរ​ ព្រោះ​ការ​ប្រឹងប្រែង​របស់​យើង​ត្រូវ​បាន​រារាំង​ដោយ​គ្រួសារ​ខាង​ស្រី ហើយ​យើង​តែង​ឈ្លោះ​គ្នា​ជា​ញឹកញាប់​នៅ​ពេល​ដែល​និយាយ​ដល់​រឿង​រៀបចំ​អនាគត​ជាមួយគ្នា ព្រោះ​នាង​បាន​ត្រឹម​តែ​ឆ្លើយ​ថា​អត់​ដឹង ហើយ​នាង​នឹង​ធ្វើ​តាម​បំណង​ម៉ាក់​របស់​នាង ទោះបីជា​នាង​ស្រលាញ់​ខ្ញុំ​យ៉ាងណាក៏ដោយ ហើយ​ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​គ្រួសារ​គេ​ឈ្លោះ​គ្នា​ដោយសារ​ខ្ញុំ ។

 

ក្រោយពេល​មានរឿង​នេះ​កើតឡើង  ខ្ញុំ​តែងតែ​គិត​ថា​តើ​ខ្ញុំ​ត្រូវ​តស៊ូ​ដើម្បី​អ្វី បើ​ក្តី​សង្ឃឹម​របស់ខ្ញុំ​ស្ទើរតែ​មិន​មាន​ផង ព្រោះ​ភាគី​ខាង​ស្រី​មិន​មាន​ឆន្ទៈ បន្ត​ដំណើរ​ជាមួយ​ខ្ញុំ​ផង។ អ្វី​ដែល​នាង​អាច​ឆ្លើយ​គឺ ពាក្យ​ថាអត់​ដឹង​ពាក្យ​មួយ​ម៉ាត់​នេះ ​គឺ​ធ្វើ​ឱ្យ​ខ្ញុំ​អន់ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អនាគត​ខ្លួនឯង ហេតុអ្វី​ខ្លួនឯង​មិន​អាច​កំណត់ ​មិន​ដឹង​ថា​ត្រូវ​ដើរ​យ៉ាងម៉េច​នោះ?

 

​នៅ​ពេល​ដែល​ខ្ញុំ​កាន់តែ​សួរ គឺ​សំឡេង​ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ទៅ ព្រោះ​ខ្ញុំ​មិន​ចង់បាន​អនាគត​មួយ​ដែល​មិន​ច្បាស់លាស់​ឡើយ ខ្ញុំ​ចង់​ឱ្យ​នាង​មាន​ជំហរ​មួយ​ខ្លួនឯង ទើប​ខ្ញុំ​តែង​ដាស់តឿន​នាង​ជា​រឿយៗ។ ការ​ព្យាយាម​ដាស់​តឿន​របស់​ខ្ញុំ ​គឺ​កាន់តែ​ធ្វើ​ឱ្យ​នាង​មាន​សំពាធ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត  រហូត​ពេលខ្លះ​នាង​យំ​ស្ទើរ​រាល់ថ្ងៃ (បងស្រី​ចុងភៅ​ប្រាប់​ខ្ញុំ) មិនសូវ​ញ៉ាំ​បាយ​ហើយ​តែង​ឈ្លោះ​ជាមួយ​ម៉ាក់​របស់​គេ។ ឮ​បែបនេះ​ទើប​ខ្ញុំ​ដឹង​ថា ហេតុអ្វី​ខ្ញុំ​អាត្មា​និយម​បែបនេះ? ធ្វើ​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឈឺចាប់ មិន​ស្រាកស្រាន្ត មិនដែល​យល់​ពី​គេ តែ​ខ្ញុំ​គិត​ថាបើ​អ្នកជា​ខ្ញុំ​ពេលនោះ​ក៏​គិត​ដូច​ខ្ញុំ​អីចឹង​ដែរ។

 

ដោយសារតែ​ការរារាំង​មិន​ព្រម​បន្ធូរបន្ថយ​ដល់​ពួក​យើង ខ្ញុំ​ក៏​សម្រេចចិត្ត​ធ្វើ​ទង្វើ​អាក្រក់​មួយ​ដើម្បី​ឱ្យ​នាង​ចាប់​ផ្តើម​ស្អប់​ខ្ញុំ ហើយ​បំភ្លេច​ខ្ញុំ​ឱ្យ​បាន​ដើម្បី​កុំ​ឱ្យ​គ្រួសារ​នាង​មាន​បញ្ហា​ដោយសារ​ខ្ញុំ។ ​ខ្ញុំ​បាន​ទៅ​ទាក់​ទង​នឹង​នារី​ម្នាក់​ផ្សេងទៀត ក្នុង​គោលបំណង​ឱ្យ​នាង​យល់​ច្រឡំ និង​អស់ចិត្ត​ពី​ខ្ញុំ តែ​នាង​មិន​ដឹង​ដោយ​ឃើញ​ផ្ទាល់​ទេ គឺ​នាង​ឃើញ​រូបភាព​របស់ខ្ញុំ​និង​នារី​ម្នាក់​នោះ​ក្នុង Messengerព្រោះ​ខ្ញុំ​ធ្លាប់​ឱ្យ​លេខ​សំងាត់​ទៅ​នាង ​ទើប​នាង​អាច​មើល​ឃើញ​រាល់​ការ​ផ្ញើ​សារ​របស់​ខ្ញុំ តែ​ការពិត​រូប​ទាំងនោះ​ជា​រូប​ដែល​ខ្ញុំ​ផ្ញើ​ឌឺ ឱ្យ​មិត្តភ័ក្ដិ​ខ្ញុំ​មើល​លេង​ប៉ុណ្ណោះ តែ​នាង​បែរជា​គិត​ថា​រូប​ទាំងនោះ​គឺ​ខ្ញុំ​ក្បត់​នាង ។

 

ក្រោយ​បកស្រាយ​ប្រាប់​ហើយ ​នាង​នៅ​តែ​មិន​ស្ដាប់ ​ខ្ញុំ​ក៏​ចាក់​បណ្ដោយ​តែ​ម្ដង​ទៅ ថា​ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​នារី​ម្នាក់​នោះ ព្រោះ​ខ្ញុំ​ក៏​កំពុងតែ​ចង់​ឱ្យ នាង​កាត់ចិត្ត ហើយ​ព្រម​តាម​គ្រួសារ​របស់​គេ​រៀបការ​នឹង​មនុស្ស​ដែល​ម៉ាក់​គេ​ពេញចិត្ត ដែល​មិន​មែនជា​ខ្ញុំ។ ក្រោយពេល​ទង្វើ​របស់ខ្ញុំ​បាន​ធ្វើឱ្យ​នាង​ស្អប់​ខ្ញុំ​ដោយ​ជោគជ័យ វា​បែរ​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​វិប្បដិសារី និង​ខូចចិត្ត​ជា​ខ្លាំង។

ចាប់​តាំងពី​ថ្ងៃ​ដែល​ពួក​យើង​បែក​គ្នា​មក​ថ្ងៃ​ទី១ ខែកញ្ញា​ឆ្នាំ២០១៥ ខ្ញុំ​តែងតែ​នឹក​គេ​មិន​លោះ​ពេល ព្រោះ​គ្រប់​រូបភាព រូបថត​និង​អ្វី​ៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​នៅ​ថ្មី​ៗ​សម្រាប់​ខ្ញុំ​នៅឡើយ។ មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​បាន​បង្កើត​គណនេយ្យ Facebook ក្លែងក្លាយ​ ​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​នាង ថែម​ទាំង​បាន ផ្ញើ​សារ​ទៅ​នាង​ជា​រឿយ​ៗ​ទាំង​ដឹង​ថា​នាង​នឹង​មិន​ឆ្លើយតប។ ក្រោយពេល​បែក​គ្នា​រយៈពេល​ប្រមាណ​១​ឆ្នាំ មកនេះ​ខ្ញុំ​ព្យាយាម​រក​មនុស្ស​ស្រី​ម្នាក់​ដើម្បី​ស្រលាញ់ និង ដើម្បី​បំភ្លេច​អតីតកាល​ចោល​តែ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ឡើយ​ ព្រោះ​ចិត្ត​ខ្ញុំ​នៅតែ​ដិតដាម​រូប​នាង​និង​នៅ​តែ​ស្រលាញ់​នាង ហើយ​មាន​ពេលខ្លះ​ខ្ញុំ​តែងតែ​ឃើញ​នាង​ចូល​មក​ក្នុង​សុបិន​របស់ខ្ញុំ កាន់តែ​យល់​សប្តិ​កាន់តែ​នឹក​នាង​ខ្លាំង​ឡើង ហើយ​នៅតែ​ចង់​ឱ្យ​នាង​ត្រលប់​មក​រក​ខ្ញុំ​វិញ។ ​ទោះបី​ពេលវេលា​នោះ​នៅ​យូរ​ប៉ុនណា​ក៏ដោយ ឱ្យ​តែ​គ្រួសារ​នាង​អនុញ្ញាត​ឱ្យ​យើង​ស្រលាញ់​គ្នា​វិញ ខ្ញុំ​នឹង​នៅតែ​រក្សា​ចិត្ត​មួយ​នេះ​រង់ចាំ​នាង ដោយ​មិន​ព្រម​ទទួលយក​អ្នកណា​ផ្សេង​ឡើយ ​ហើយក៏​ចង់​សូម​ឱ្យ​នាង​អភ័យទោស​នូវ​រាល់​កំហុស​ ដែល​ខ្ញុំ​បាន​ធ្វើ​មិនល្អ​ទៅលើ​នាង។

ខ្ញុំ​មាន​សំនួរ​មួយ​ដែល​ខ្ញុំ​ចង់​សួរ​ទៅ។

សំនួរ​នោះ​គឺ តើ​នាង​នៅ​ស្រលាញ់​ខ្ញុំ​ទេ?

 

ជា​ចុង​ក្រោយ​ខ្ញុំ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​ចង់​និយាយ ខ្ញុំ​នៅ​តែ​ស្រលាញ់​នាង​គ្មាន​ថ្ងៃ​ផ្លាស់​ប្ដូរ​ ហើយ​នឹង​ស្រលាញ់​ជា​រៀង​រហូត។ ខ្ញុំ​សរសេរ​អត្ថបទ​មួយ​នេះ​ឡើង មិន​សង្ឃឹមថា​នាង​នឹង​បាន​ឃើញ​ ហើយ​អាន​វា​ទេ តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​នឹង​នាង​ថា ខ្ញុំ​នឹង​ដាក់​បញ្ចូល​ល​អត្ថបទ​មួយ​នេះ​លើ​អ៊ីនធើណេ​ត ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​នាង​នឹង​បាន​ឃើញ!

 

អានអត្ថបទ៖ និស្ស័យពិតជាមានមែនឬ?

អត្ថបទ៖ ប្រិយមិត្ត​Sabay

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

 

អត្ថបទថ្មី