និស្ស័យពិតជាមានមែនឬ?
- 2016-08-08 16:59:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្ស័យពិតជាមានមែនឬ?
ចន្លោះមិនឃើញ
ខ្ញុំតែងតែឆ្ងល់ចំពោះពាក្យថានិស្ស័យ តើវាពិតជាកើតមានមែនឬអត់? ចំពោះខ្ញុំ មិនដឹងនិស្ស័យឬមិននិស្ស័យ ព្រោះខ្ញុំដូចជាស្រពេចស្រពិល មិនសូវច្បាស់។
កាលនៅស្រុកកំណើតអាយុ៥ឆ្នាំ ម៉ាក់បានឱ្យខ្ញុំចូលរៀននៅសាលាមតេយ្យមួយនៅក្នុងភូមិ ដោយមានឡានសាលាដឹកទៅដឹកម៉ោរាល់ថ្ងៃ។ ក្មេងៗនៅលើឡានទាំងអស់ ឱ្យតែបានឡើងលើឡានដឹងតែចាប់គូគ្នាពិភាក្សារឿងឈីងចាំង ព្រោះជំនាន់ហ្នឹងប៉ុស្តិ៍ទូរទស្សន៍ចាក់រឿងឈីងចាំងរាល់ថ្ងៃ។ គ្រប់គ្នាមានដៃគូជជែកអស់ហើយ លើកលែងតែក្មេងស្រីម្នាក់អាយុស្របាលខ្ញុំដែរ អង្គុយមុខស្ងួត ខ្ញុំក៏ហៅនាងឱ្យមកជជែកលេងដែរ តែនាងថាផ្ទះនាងអត់មានទូរទស្សន៍ទេ។ គ្រាន់តែនាងថាប៉ុណ្ណឹងក្មេងៗនៅលើឡានរួមទាំងខ្ញុំនាំគ្នាសើចចំអកឱ្យនាង។ នាងយំហើយនិយាយថា «ហ្អែងចាំមើលអញប្រាប់teacher!»។ គ្រាន់តែនាងនិយាយប៉ុណ្ណឹង ម្នាក់ៗស្ងាត់មាត់ច្រៀប ព្រោះខ្លាចនាងប្ដឹងអ្នកគ្រូ។ ពេលទៅដល់សាលា កូនសិស្សទាំងអស់ចុះពីលើឡានហើយដើរទៅទិញនំ សិនទើបចូលថ្នាក់ ហើយកាលនោះគេល្បីណាស់នំដាយណូស័រ។ ខ្ញុំក៏ឃើញនាងរេរាៗទិញនឹងគេដែរ តែមិនមែនទិញនំដាយណូស័រទេ បែរជាទិញបាយមួយថង់ទៅវិញ។ ពេលចេញលេងខ្ញុំឃើញនាងអង្គុយញ៉ាំបាយទៅលើទោង ខ្ញុំក៏ចូលទៅនិយាយលេងជាមួយនាង នាងក៏ប្រាប់ខ្ញុំថា ការពិតនាងចង់ទិញនំដាយណូស័រដែរ តែមីងអ្នកលក់បែរជាហុចបាយមួយថង់ឱ្យទៅវិញ។
(រូបតំណាង)
ខ្ញុំឮហើយសើចហួសចិត្ត បើមិនចង់បានម៉េចមិនប្រាប់គេ? ពេលឃើញខ្ញុំសើចនាងសម្លក់ខ្ញុំហើយនិយាយថា«សើចៗ ចាប់ដកធ្មេញចោលឡូវ!»។ ថារួចនាងដើរចេញបាត់ចោលទាំងបាយទៀតផង។ ក្រោយៗមក ខ្ញុំមិនសូវដែលឃើញនាងទេ ប្រហែលនាងឈប់រៀនបាត់ហើយមើលទៅ ហើយមកទល់សព្វថ្ងៃគឺមិនដែលឃើញតែម្ដង។ តែ....
កាលពីប៉ុន្មានថ្ងៃមុនខ្ញុំនឹងមិត្តភ័ក្ដិទៅមើលកុន ហើយពេលឈរតម្រង់ជួរទិញរបស់ញ៉ាំ ខ្ញុំឃើញស្រីៗបួននាក់ឈរពីមុខខ្ញុំ ដោយមានម្នាក់ស្រីនោះមើលទៅទាក់ចិត្តខ្ញុំមែនទែន។ អ្វីដែលធ្វើឱ្យខ្ញុំរឹតតែភ្ញាក់ផ្អើលនឹងឆ្ងល់មិនបាត់គឺខ្ញុំឮនាងនិយាយលលេងនឹងមិត្តភ័ក្ដិដែលសើចដាក់នាងថា «សើចៗ ចាប់ដកធ្មេញចោលឡូវ!»។ ឮឃ្លានេះហើយធ្វើឱ្យខ្ញុំនឹកដល់ក្មេងស្រីម្នាក់នោះ តើនាងឬមិនមែន? ខ្ញុំប្រុងចូលទៅសួរដែរតែ ខ្លាចគេចោទយើងថាអូសក្រឡា។ ណាមួយ បើសួរក៏មិនដឹងសួរថាម៉េច ព្រោះខ្ញុំមិនចាំឈ្មោះនាងផង។ ដូច្នេះហើយ ខ្ញុំក៏បណ្ដោយឱ្យនាងដើរចេញពីខ្ញុំជាលើកទីពីរ។
តើនេះជានិស្ស័យមែនទេ? តើស្រីស្អាតនឹងក្មេងស្រីនោះជាមនុស្សតែមួយឬ? ហើយខ្ញុំអាចមានសង្ឃឹមជួបនាងជាលើកទីពីរអត់?
អត្ថបទ៖ ភារុណ
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា