អនុស្សាវរីយ៍មួយនៅប្រទេសថៃ
- 2016-07-29 13:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុស្សាវរីយ៍មួយនៅប្រទេសថៃ
ចន្លោះមិនឃើញ
កាលពីឆ្នាំមុនខ្ញុំបានទៅលេងប្រទេសថៃ ជាមួយអ្នកផ្ទះ ហើយ guide គាត់បាននាំទៅលេង Underwater world ដែលជាអាងចិញ្ចឹមត្រីមួយស្ថិតនៅខេត្តឈុនបូរី អាចឱ្យភ្ញៀវទេសចរដើរមើលត្រីពីខាងក្រោមអាងកញ្ចក់បាន។ ហើយនៅទីនោះខ្ញុំបានជួបរឿងហួសចិត្តមួយ!
ភាសាថៃខ្ញុំមិនអាចយកជាការបានទេ បើទោះបីជារៀនអស់រយៈពេលមួយឆ្នាំក៏ដោយ ពេលកំពុងដើរមើលក៏មានបុរសម្នាក់ស្ពាយកាមេរ៉ា ដើរតាមភ្ញៀវ។ គ្រាន់តែមើលក៏ដឹងថាជាអ្នកប្រមាញ់រូប ផ្ដិតភ្លាម ដាក់តាំងភ្លែត ហើយបើភ្ញៀវទេសចរណាចង់បានរូបខ្លួនឯងទាល់តែបង់ប្រាក់ឱ្យអ្នកថតនោះ។
ដំបូងខ្ញុំស្មានតែមាននៅភូមិវប្បធម៌សៀមរាប ព្រោះកាលទៅលេងប៉ុន្មានឆ្នាំមុនមានអ្នកឆ្មក់ថតរូបអស់មួយម៉ឺនពីរពាន់ម្ដងហើយ តែនៅថៃក៏មានដែរ។
មុនមកមើលត្រីក្រោមទឹកនេះ ខ្ញុំអស់១០០បាតម្ដងហើយនៅឯភ្នំព្រះ ចឹងគ្មានលុយឯណាមកទិញរូបទៀតទេ ម្យ៉ាងបើឃើញរូបខ្លួនឯងគេដាក់តាំងហើយ មិនយកក៏មិនកើត ហើយណាមួយរូបថតឆ្មក់ចឹង មុខខ្ញុំវាមិនសូវស្អាតទេ។
ទិដ្ឋភាពនៅUnderwater world
ដូច្នេះខ្ញុំក៏រកនឹកពាក្យជាភាសាថៃដើម្បីទុកប្រាប់ បុរសអ្នកដើរថតរូបនោះ កុំឱ្យថតរូបខ្ញុំ ព្រោះមានតែភាសាថៃទេ ទើបស្រួល បើនិយាយអង់គ្លេសខ្លាចគេមិនយល់ ព្រោះនៅហ្នឹង អ្នកខ្លះអត់ចេះអង់គ្លេសទេ។
ដើរផងរកនឹកផង គ្មានបានមើលត្រី មើលស្អីទេ គិតតែគិតថាពាក្យ «កុំ» ថៃថាយ៉ាងម៉េច? «ថត» ថៃថាយ៉ាងម៉េច? «រូប» ថៃថាយ៉ាងម៉េច? «ខ្ញុំ»ថៃថាយ៉ាងម៉េច? ការពិតទៅពាក្យអស់ហ្នឹងធ្លាប់រៀនអស់ហើយ តែក៏ប្រគេនឱ្យគ្រូវិញដែរ។ រកនឹកទម្រាំឃើញ ខ្ញុំក៏ដើរទៅកាន់បុរសអ្នកថតរូបនោះ ដែលកំពុងតែភ្លឹបភ្លែតៗចាំឆ្មក់ថតរូបខ្ញុំ៖ «យ៉ាថាយផាបឆាន់ណៈ!» «បាទ?» គាត់បែរជាឆ្លើយថា«បាទ»ហើយធ្វើមុខស្លឺដាក់ខ្ញុំទៀត! «ពូឯងខ្មែរទេ?» ខ្ញុំសួរ «បាទ! ខ្ញុំខ្មែរតើ!» «ងាប់!... ហើយម៉ាង៉ៃមិនមាត់អីម៉ាមាត់ ខ្ញុំណេះស្មានតែថៃខំនិយាយថៃ...» «ខ្ញុំស្មានតែចែឯងថៃតើ! មានដឹងថាខ្មែរណា...»
ទាំងអ្នកផ្ទះ និង ពូថតរូបនោះនាំគ្នាសើចហួសចិត្ត! ខ្ញុំឯណេះខំអង្គុយរកនឹកពាក្យចង់ផ្ទុះខួរ ដល់និយាយទៅយ៉ាងឡូយ... គាត់ថាគាត់ខ្មែរសោះ។
មុនពេលទៅដល់សណ្ឋាគារបាងកកឡានបានឈប់នៅនៅស្រះកែវដើម្បីបានញ៉ាំអាហារសម្រន់បន្តិចបន្តួច។ នៅទីនោះមានអ្នកលក់ដូរជាច្រើនជាជនជាតិថៃខ្លះចេះអង់គ្លេស ខ្លះមិនចេះ ទាល់តែធ្វើកាយវិការទើបយល់ន័យគ្នា ហើយខ្លះទៀតជាខ្មែរដែលក៏ងាយស្រួលសម្រាប់ទេសចរដែលចេះថៃមហាឆ្អិនឆ្អៅដូចខ្ញុំ។
កូនក្មេងក៏ស្គាល់អារម្មណ៍ស្រឡាញ់ឬមិនស្រឡាញ់ដែរ
អត្ថបទ៖ ភ្លេចភ្លាំង
រូបថត៖ ផ្ដល់ឱ្យ
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា