កូនក្មេងក៏ស្គាល់អារម្មណ៍ស្រឡាញ់ឬមិនស្រឡាញ់ដែរ
- 2016-07-22 14:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្មេងក៏ស្គាល់អារម្មណ៍ស្រឡាញ់ឬមិនស្រឡាញ់ដែរ
ចន្លោះមិនឃើញ
ការពិតទៅ មិនមែនមានតែមនុស្សធំទេដែលស្គាល់អ្វីទៅស្រឡាញ់ អ្វីទៅមិនស្រឡាញ់ សូម្បីតែកូនក្មេងរៀនថ្នាក់ទីបីក៏ដឹងអារម្មណ៍នេះដែរ។
កាលនោះខ្ញុំរៀនថ្នាក់ទី៧ ហើយនាងរៀនថ្នាក់ទីបី បើគិតទៅគឺអាយុប្រហែល៨-៩ឆ្នាំអីហ្នឹង។ នាងនៅជាប់ផ្ទះយាយតាខ្ញុំឯបាសិទ្ធិ។ ចំណែកខ្ញុំនៅភ្នំពេញ តែប៉ាម៉ាក់ខ្ញុំឧស្សាហ៍ទៅលេងផ្ទះយាយតាណាស់ ស្ទើរតែរាល់អាទិត្យទៅហើយ។
អ្នកផ្ទះយាយតាខ្ញុំនិងអ្នកផ្ទះនាង រាប់អានគ្នាស្និទ្ធស្នាលក្នុងនាមជាអ្នកភូមិផងរបងជាមួយ។ ចាស់ៗស្រឡាញ់គ្នាពេក ទើបយាយខ្ញុំឧស្សាហ៍ព្រលយសម្ដីដាក់ប៉ាម៉ាក់នាងថា គាត់ចង់បាននាងជាចៅប្រសា។ ពេលនោះខ្ញុំចង់ភ្ញាក់នឹងយាយរបស់ខ្ញុំទៀតដែល និយាយបែបនេះមុខខ្ញុំ មុខប៉ាម៉ាក់នាង ហើយពីមុខនាងទៀត។
ខ្ញុំជាក្មេងអៀនប្រៀនច្រើន តែនាងពេលនោះដូចជាមិនទាន់ដឹងអីនៅឡើយទេ គឺនៅលេងបាញ់ឃ្លីជាមួយប្អូនប្រុសខ្ញុំអាយុ៦ឆ្នាំ។ ក្មេងស្រីតែចូលចិត្តលេងល្បែងក្មេងប្រុស។
តាំងពីពេលនោះមក យាយខ្ញុំហៅនាងថាចៅប្រសាពេញៗមាត់ ទាំងដែលខ្ញុំនិងនាងមិនសូវនិយាយរកគ្នាឡើយ។ នាងនិយាយរកខ្ញុំ តែពេលដែលនាងចង់លេងជាមួយប្អូនប្រុសខ្ញុំប៉ុណ្ណោះ។
ថ្ងៃមួយខ្ញុំមិនបានទៅលេងផ្ទះយាយតាទេ គឺទៅតែប៉ាម៉ាក់និងប្អូនប្រុសប៉ុណ្ណោះ។ ស្អែកព្រឹកឡើង ទើបពួកគាត់ត្រឡប់មកវិញ ឯប្អូនប្រុសខ្ញុំក៏ដកក្រដាសសៀវភៅបត់ឆ្មូលញ៉ុកមួយ ចេញពីហោប៉ៅវា ហើយប្រាប់ថា នាងផ្ញើមកឱ្យខ្ញុំ។
ខ្ញុំឆ្ងល់ថាជាក្រដាសអី? ពេលមិនទាន់លាមើល ខ្ញុំគិតថាប្រហែលជារូបគំនូរ ព្រោះឮល្ហៀងៗថានាងចូលចិត្តគូររូប។ តែពេលបើកមើល តាមពិតជាសំបុត្រសោះ! ខ្ញុំមិនបានចាំគ្រប់ពាក្យពេចន៍ក្នុងសំបុត្រនោះទេ គ្រាន់តែចាំន័យរួមថា «នាងមិនបានស្រឡាញ់ខ្ញុំទេ សុំខ្ញុំកាត់ចិត្តទៅ!»។
ខ្ញុំអានហើយ សើចមិនចេញ យំមិនចេញ តែហួសចិត្ត! អក្សរក្នុងសំបុត្រនោះមិនស្អាតនោះទេ តែរឿងពីរយ៉ាងដែលខ្ញុំសរសើរនាង ទីមួយគឺអក្ខរាវិរុទ្ធនាងសរសេរត្រូវស្ទើរមួយរយភាគរយ។ ទីពីរគឺទើបតែថ្នាក់ទីបីសោះ ចេះសរសេរសំបុត្រស្នេហា បដិសេធស្នេហ៍ ទាំងដែលខ្ញុំមិនដែលទៅសុំស្នេហ៍នាងម្ដងណាសោះ! គ្រប់យ៉ាងគឺចាស់ៗចេះតែបង្អាប់ក្មេងៗលេង។
អង្គុយឆ្ងល់ថា កូនហ្នឹងមើលរឿងច្រើនពេកមិនដឹង? ទើបអាយុប៉ុណ្ណឹងសោះ ចេះអីណា... តាំងពីបានសំបុត្រនោះមក ខ្ញុំមិនសូវទៅលេងផ្ទះតាយាយទេ ទោះទៅម្ដងម្កាលក៏មិនដែលឃើញនាងដែរ ព្រោះឱ្យតែឮថាខ្ញុំមកលេងនាងដឹងតែគេចមុខ សូម្បីតែប្អូនខ្ញុំក៏នាងមិនមកលេងជាមួយដែរ។
ពេលខ្ញុំរៀនថ្នាក់ទី៩ ជាអកុសល លោកយាយបានចែកឋាន ហើយតាបានលក់ដីនៅបាសិទ្ធ ហើយគាត់បានមករស់នៅជាមួយប៉ាម៉ាក់នៅភ្នំពេញ។ ដូច្នេះ៧ឆ្នាំមកនេះខ្ញុំមិនបានឃើញនាងសូម្បីតែម្ដង! ការពិតទៅខ្ញុំមិនបានស្រឡាញ់នាងអីនោះទេ ហើយសូម្បីតែនឹកនាង ចង់ឃើញនាងក៏មិនដែលដែរ!
តែទើបតែប៉ុន្មានថ្ងៃមុន ខ្ញុំអានខ្ញុំអត្ថបទមួយរបស់ Sabay ទាក់ទងនឹងរឿងសរសេរសំបុត្រសារភាពស្នេហ៍ដាក់កន្ត្រកកង់ ទើបធ្វើឱ្យខ្ញុំនឹកឃើញដល់ក្មេងស្រីនោះ! ឥឡូវប៉ុនណាណីហើយក៏មិនដឹង មិនដែលអើតសូម្បីតែម្ដង។
ខ្ញុំចង់ប្រាប់ថាខ្ញុំហួសចិត្ត នឹកឃើញពេលណាសើចពេលហ្នឹង!
ខ្ញុំជឿថាគេនឹងផ្លាស់ប្ដូរ តែទីបំផុត…
អត្ថបទ៖ លៀងមានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា