ខ្ញុំ​ជឿ​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ តែ​ទី​បំផុត...

  • 2016-07-15 17:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​មួយ​បាន​បង្រៀន​ឱ្យ​ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់​ ធ្វើ​ឱ្យ​ភាព​រឹង​មាំ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ។ ​ខ្ញុំ​ជា​​មនុស្ស​ស្រី​ម្នាក់​ដែល​បរាជ័យ​ក្នុង​រឿង​ស្នេហា​ជាច្រើន​លើក​ ជា​ច្រើន​សារ​​ក៏​ព្រោះ​តែ​ចង់​មាន​ស្នេហ៍​ ​និង​មិន​ចង់​ឯកា​ត​ទៅ​ទៀត។ រាល់ថ្ងៃ​មាន​ត្រឹម​​Facebook ជា​មិត្ត​របស់​មនុស្ស​ម្នាក់​នេះ ​ហើយ​ចូលចិត្ត​មើល​Profile​គេ ​និង Comment ប៉ុណ្ណោះ​ ព្រោះ​មិន​​ដឹង​ថា​ត្រូវ​​ធ្វើ​អី​! ឆាត​ក៏​គ្មាន​អ្នកលេង! ​ចៃដន្យ​អី​ បាន​មើល​ឃើញ​ comment ប្រុស​ម្នាក់​ក្នុង​ ប្រធាន​បទ​មួយ​​ដែល​​គេ​ផុស​លើ​​​facebook។ ម្នាក់​ហ្នឹង​និយាយ​អី​ចេញ​មក​ដូច​ទើស​ត្រចៀក​ម៉េច​ទេ... ខ្ញុំ​ក៏​ចូល​មើល​Profile គេ​ហើយ​ add Friendទៀត​... ​(កុំ​ជោរ​ប៉ិ!) ល្ងាច​តិច​​គេ​ accept ​ខ្ញុំ​ភ្លាម​! ​ហើយ​ឆាត​មក​ទៀត! ​(ចាប់អារម្មណ៍​គេ​ម៉ង​មុខ​ហ្នឹង!) យើង​លេង​ជាមួយគ្នា​ សួរ​​គ្នា​ទៅវិញទៅមក​រឿង​ផ្ទាល់​ខ្លួន​ ហើយក៏​មានរឿង​ស្នេហា​ខ្លះ​ដែរ។ ថ្ងៃមួយ​គេ​បាន​សារភាព​ប្រាប់​ថា​ ​គេ​ស្រលាញ់​ខ្ញុំ​ ឯ​ខ្ញុំ​តាម​ពិត​ទៅ​ ក៏​មាន​ចិត្ត​ស្រលាញ់​គេ​ដែរ ដូច្នេះ​​ក៏​ព្រម​ទៅ ហើយ​​យើង​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​នៅ​​ថ្ងៃ​ទី១២ ​ខែ​មេសា​។ ពេល​ចូលឆ្នាំ​ខ្មែរ ខ្ញុំ​​មកលេង​ផ្ទះ​នៅ​ខេត្ត​... ពួក​យើង​សង្សារ​គ្នា​​មែន​ តែ​អត់​ទាន់​ជួប​មុខ​គ្នា​អី​បន្តិច​ណា​ទេ។ ពេល​និយាយ​ទូរសព្ទ​ គេ​ចង់​ឱ្យ​មក​ភ្នំពេញ​វិញ​លឿន​ៗ ព្រោះ​​ចង់​ជួប​មុខ។ ​គ្រប់​ពេល​ ​គេ​តែង​បារម្ភ​ SMSមក​គ្រប់​ពេល​ ឱ្យ​ទៅ​ណា​មក​ណា​មើលថែ​ខ្លួន​ផង។ ​ពេល​ទៅ​ដល់​ភ្នំពេញ​វិញ​អត់​ទាន់​បាន​ជួប​គ្នា​ភ្លាម​ទេ ព្រោះ​ជាប់​ប្រលង​នៅ​សាលា ​ប៉ុន្តែ​យើង​បា​នរក​ពេល​ជួប​គ្នា​ឱ្យ​ទាល់​តែ​បាន​។ គេ​ហៅ​ទៅ​ផឹក​​អី​នៅ​ Chattime។ ពេល​ទៅ​ដល់​​ ដូច​ជា​រាង​ភ័យ​ដែរ​ ​ប៉ុន្តែ​គេ​នៅ​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ពីរ​នាក់​ទៀត ទើប​មិន​សូវ​អី​វិញ។ ជួប​គេ​​លើកដំបូង ខ្ញុំ​ក៏​លង់​គេ​លើស​ដើម​​បាត់​ទៅ​ហើយ។ ពេល​ចេញពី​កន្លែង​ហ្នឹង​ ខ្ញុំ​ត្រូវ​ទៅ​សាលារៀន​ថ្មី​ ប៉ុន្តែ​អត់​ស្គាល់​ ដូច្នេះ​​គេ​ក៏​ជូន​ខ្ញុំ​ទៅ​។ ពេលវេលា​ជួប​គ្នា​ថ្ងៃ​នោះ​គឺ​​តិច ​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​វា​ហាក់​ប្លែក​ពី​ស្នេហា​មុន​ៗ​ ព្រោះ​មាន​ទាំង​ការ​យកចិត្តទុកដាក់​និង​ភាព​កក់ក្ដៅ​គ្រប់​ពេល។ លើក​ទី​ពីរ​យើង​ទៅ​មើល​កុន​ជាមួយគ្នា​តែ​ពីរ​នាក់ ​គេ​យកចិត្ត​ខ្ញុំ​ដូច​កូនក្មេង​​ចឹង​ ហើយ​វា​ជា​ក្ដី​សុខ​​ដែល​​ខ្ញុំ​ទទួល​បាន​លើកទីមួយ​ពី​ស្នេហា​។ ពេល​ចេញ​មកវិញ​ យើង​ដើរ​កាន់​ដៃ​គ្នា​តាម​ផ្លូវ​ ​ក្នុង​ចិត្ត​លួច​ប្រាថ្នា​ចង់​មាន​ពេល​បែបនេះ​តទៅទៀត។ រាល់ថ្ងៃ​​ពួក​យើង​មិនសូវ​នៅ​ជិត​គ្នា​ទេ​ ប៉ុន្តែ​ដូច​នៅ​ក្បែរ​គ្នា​ខ្លាំង​ណាស់​ចឹង! ​យើង​មិន​ដែល​លាក់​បាំង​នឹង​គ្នា​នោះ​ទេ តែង​តែ​ប្រាប់​គ្នា​គ្រប់​រឿង ឯ​ជួន​កាល​ក៏​និយាយ​គ្នា​រហូត​គេង​លក់​រៀង​ខ្លួន។ ទោះបីជា​ខ្ញុំ​ដើរលេង​ទៅ​ណា​​មក​ណា​ជាមួយ​មិត្តភ័ក្ដិ ​ក៏​ខ្ញុំ​ប្រាប់​គេ​ដែរ​ គេ​តែងតែ​ចាំ​ខ្ញុំ​ជានិច្ច​មិន​ថា​យប់​ម៉ោង​ណា​​ក៏​ដោយ​។ តែ​ថ្ងៃមួយ​មាន​មនុស្ស​ម្នាក់​បាន​ប្រាប់​ថា ​កុំ​ឱ្យ​ស្រលាញ់​មនុស្ស​ប្រុស​ម្នាក់​ហ្នឹង​​ទៀត​អី! ​គេ​អត់​ល្អ​ទេ! ​សង្សារ​វិញ​ដូរ​រហូត​... ម្ដង​ស្រលាញ់​ម្នាក់​នេះ​ ម្ដង​ស្រលាញ់​ម្នាក់​នោះ។ គ្រប់​ពាក្យ​សម្ដី​ទាំងអស់​ វា​ផ្ទុយ​ពី​ទង្វើ​ដែល​ខ្ញុំ​ទទួល​បាន​ពី​គេ​ ដូច្នេះ​ខ្ញុំ​នៅតែ​ជឿជាក់​លើ​ក្ដី​ស្រលាញ់​ដែល​កើតមាន ​ទោះ​វា​ជា​ការ​ពិត​ក៏​ខ្ញុំ​ជឿ​ថា​គេ​អាច​នឹង​ផ្លាស់ប្ដូរ​បាន។ ប៉ុន្តែ​គ្រប់យ៉ាង​ប្រៀប​ដូច​សុបិន​! ស្នេហា​​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​បាន​ប្រែប្រួល។​គេ​ចាប់​ផ្ដើម​មិនសូវ​ខល ​មិនសូវ​ឆាត​មក​ដូច​មុន ​រវល់​គ្មាន​ពេលវេលា​សម្រាប់​សង្សារ​ខ្លួនឯង​ ប៉ុន្តែ​វា​គ្រាន់​ជា​លេស​ប៉ុណ្ណោះ​ដើម្បី​ចាកចេញ​ពី​មនុស្ស​ម្នាក់​ដែល​ជឿ​ទុក​ចិត្ត​គេ។ ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​ភាព​ព្រងើយកន្តើយ​នេះ​ទៀត​បានទេ ​ខ្ញុំ​ក៏បាន​សួរ​គេ​ហេតុអ្វី​ធ្វើ​បែបនេះ​? គេ​បាន​ពន្យល់​ពី​ចិត្ត​គេ​គ្រប់យ៉ាង ​គេ​ថា​គេ​​អស់ចិត្ត​ស្រលាញ់​ខ្ញុំ​​ហើយ​ ​សុំ​បញ្ចប់​ទំនាក់ទំនង​នេះ​មក​ត្រឹម​ជា​មិត្ត​វិញ។

តើ​ខ្ញុំ​អាច​ទទួលយក​បានទេ? ខ្ញុំ​មិន​ព្រម​ទេ! ​ខ្ញុំ​បាន​សុំ​ឱកាស​កែប្រែ ​បើ​ខ្ញុំ​មាន​កំហុស​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​បែបនេះ។ ​ គេ​បាន​បន្ត​ក្នុងនាម​ជា​សង្សារ​ទៀត​... ​ (ព្រោះ​ទឹកភ្នែក​ខ្ញុំ​មែន​ទេ?)

 

(រូបតំណាង)

​ប៉ុន្តែ... ​មិន​ប៉ុន្មាន​ថ្ងៃក្រោយ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​មក​ផ្ទះ​នៅ​ខេត្ត ​គេ​បាន​ខល​មក​ប្រាប់​ថា​ នៅ​តែ​មាន​រឿង​និយាយ​ជាមួយ​ខ្ញុំ​ តែ​ចាំ​ខ្ញុំ​ដល់​ផ្ទះ​សិន​។ ពេល​ទៅ​ដល់​ផ្ទះ​ហើយ​ខ្ញុំ​ខល​ទៅ​គេ​... ​រឿង​ដដែល​បាន​ត្រឡប់​មក​វិញ​ហើយ​ គេ​នៅតែ​ទាមទារ​បញ្ចប់​វា។ ចុងក្រោយ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ព្រម​បញ្ចប់​ទំនាក់ទំនង​មួយ​នេះ ​ទាំង​ដែល​បេះដូង​នៅតែ​ត្រូវការ​គេ? យើង​បាន​បែក​គ្នា​ក្នុង​ថ្ងៃ​ដែល​យើង​ស្រលាញ់​គ្នា។ គេ​អាច​នឹង​សប្បាយចិត្ត​នឹង​មាន​អ្នកថ្មី ​គេ​មាន​អ្នកថ្មី​ ហើយក៏​ផ្លាស់ប្ដូរ​។ ចំណែក​ខ្ញុំ​វិញ​ក៏បាន​ប្ដូរ​ដែរ តែ​ផ្លាស់ប្ដូរ​ខ្លួនឯង! ​ខ្ញុំ​មិនដែល​បើក​ចិត្ត​​ទទួល​អ្នកណាម្នាក់​ទៀត​ឡើយ​មក​ដល់​ពេល​នេះ... ​ជិត​2​ឆ្នាំ​ហើយ ​ដែល​ខ្ញុំ​​ឃុំឃាំង​បេះដូង​ខ្លួន​ឯង ​ឱ្យ​​នៅតែ​ម្នាក់ឯង​បែបនេះ​ព្រោះតែ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​រឹងមាំ​។ ខ្ញុំ​​នៅ​ម្នាក់ឯង​ដើម្បី​បំភ្លេច​រឿង​គ្រប់យ៉ាង​តែ​នៅតែ​មិន​អាច​ភ្លេច​ឡើយ! មក​ដល់​ពេល​នេះ​ខ្ញុំ​ ​នៅតែ​ចងចាំ​គេ​ទុក​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច​...

 

ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន

 

អត្ថបទ៖ អ្នក​អាន​Sabay​ម្នាក់

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា