CEO ក្រុមហ៊ុនធំៗទទួលបៀវត្សរ៍ត្រឹម១ដុល្លារមែន តែកុំមើលចំណូល
- 2014-09-19 16:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO ក្រុមហ៊ុនធំៗទទួលបៀវត្សរ៍ត្រឹម១ដុល្លារមែន តែកុំមើលចំណូល
ចន្លោះមិនឃើញ
ជាទូទៅយើងតែងតែគិតថាអ្នកដែលមានតំណែងធំៗនៅក្នុងក្រុមហ៊ុននីមួយៗ សុទ្ធតែទទួលបានបៀវត្សរ៍ច្រើនសន្ធឹកសន្ធាប់ជាពិសេសគឺអ្នកដែលមានតំណែងជានាយកប្រតិបត្តិហ្នឹងតែម្ដង។ តែខុសស្រឡះ នាយកប្រតិបត្តិទាំង១០រូបខាងក្រោមនេះវិញបែរជាទទួលបានបៀវត្សរ៍ត្រឹម១ដុល្លារប៉ុណ្ណោះ តែពួកគាត់ទទួលបានប្រាក់សំណង ប្រាក់លើកទឹកចិត្ត និងភាគហ៊ុនតបមកវិញនៅដំណាច់ឆ្នាំរាប់លានដុល្លារឯណោះ។
១. នាយកប្រតិបត្តិក្រុមហ៊ុនWhole Foods លោកJohn Mackey
កាលពីឆ្នាំមុនលោកសម្រេចបោះបង់ភាគហ៊ុន និងប្រាក់រង្វាន់ហើយទទួលយកបៀវត្សរ៍ត្រឹមតែ១ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែលោកទទួលបានប្រាក់ថែទាំសុខភាព និងកាតបញ្ចុះតម្លៃពេលទិញឥវ៉ាន់ដែលសមល្មមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
២. Richard Kinder នាយកប្រតិបត្តិក្រុមហ៊ុនKinder Morgan
កាលពីឆ្នាំ២០១២ភាគហ៊ុនរបស់ Kinder ហក់ឡើងដល់ទៅ១ពាន់លានដុល្លារ ដែលនេះជាចំណែកដ៏ក្រាស់ក្រែលដែលលោកទទួលបានវិញក្រោយធ្វើការដើម្បីបៀរវត្សរ៍ត្រឹមតែ១ដុល្លារប៉ុណ្ណោះតាំងពីឆ្នាំ ២០០៧ មក (មិនគិតថ្លៃសុខភាព សំណង ប្រាក់លើកទឹកចិត្ត និងធានារ៉ាប់រងផ្សេងទៀត)។
៣. Sergey Brin សហស្ថាបនិកក្រុមហ៊ុនGoogle
Brin ទទួលបានបៀវត្សរ៍ប្រចាំឆ្នាំត្រឹមតែ១ដុល្លារតាំងពីក្រុមហ៊ុន Google ចូលប្រឡូកក្នុងទីផ្សារមូលប័ត្រជាសាធារណ(IPO)តាំងពីឆ្នាំ ២០០៤មកម្ល៉េះ។ តែបើមើលពីភាគហ៊ុនវិញគឺមានដល់ទៅ ២៧ភាគរយនៃភាគហ៊ុនសរុបតិចជាងនាយកប្រតិបត្តិលោក Larry Page តិចតួចប៉ុណ្ណោះ។ ហើយសព្វថ្ងៃបើលោក បើកហ៊ុននោះជាសាច់ប្រាក់វិញគឺលោកអាចទទួលបានជាសាច់ប្រាក់ជិត ១៤ ពាន់លានដុល្លារឯណោះ។ ៤. នាយកប្រតិបត្តិក្រុមហ៊ុនGoogle លោកLarry Page
លោកក៏ទទួលបានបៀវត្សរ៍ត្រឹម១ដុល្លារដូចស្ថាបនិក Brin ដែរ។ លោកមានភាគហ៊ុន Class B របស់ Google រហូតដល់ទៅ ៤២ភាគរយ (ច្រើនជាងBrin)។ សព្វថ្ងៃភាគហ៊ុន បើគិតជាសាច់ប្រាក់ហ៊ុនរបស់លោកមានតម្លៃដល់ទៅជាង១៤ពាន់លានដុល្លារ។
៥. Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook
ក្នុងឆ្នាំ២០១៣ ស្ថាបនិកម្នាក់នេះបានកាត់បៀវត្សរ៍ប្រចាំឆ្នាំរបស់ខ្លួនឲ្យនៅសល់តែ១ដុល្លារប៉ុណ្ណោះ បន្ទាប់ពីលោករកប្រាក់ចំណូលបាន២លានដុល្លារនៅមួយឆ្នាំមុន។ ប៉ុន្តែភាគហ៊ុននិងប្រាក់សំណងសរុបដែល Zuckerberg ទទួលបានប្រចាំឆ្នាំគឺស្មើនឹង ៦៥៣ ១៦៥ដុល្លារអាមេរិក។
៦. នាយកប្រតិបត្តិក្រុមហ៊ុន Sears Holdings លោក Eddie Lampert
- បៀវត្សរ៍ត្រឹមតែ ១ដុល្លារ - ភាគហ៊ុន និងប្រាក់សំណងសរុបប្រចាំឆ្នាំដែលផ្ដល់ដោយក្រុមហ៊ុនមានចំនួន ៤,៣លានដុល្លារ។
៧. នាយកប្រតិបត្តិក្រុមហ៊ុនAkamai Technologies លោក Tom Leighton
- បៀវត្សរ៍ ១ដុល្លារ - ប្រាក់រង្វាន់លើកទឹកចិត្ត ២ដុល្លារ - ភាគហ៊ុននិង ប្រាក់សំណងប្រចាំឆ្នាំសរុបចំនួន ៧,៦លានដុល្លារ។
៨. នាយកប្រតិបត្តិក្រុមហ៊ុន Hewlett-Packard លោកស្រី Meg Whitman
- បៀវត្សរ៍ ១ដុល្លារ - ប្រាក់រង្វាន់ប្រចាំឆ្នាំ ២៦ម៉ឺនដុល្លារ - ភាគហ៊ុននិង ប្រាក់សំណងសរុបចំនួន ១៧,៤លានដុល្លារ - ប្រាក់ចំណូលប្រចាំឆ្នាំសរុប ១៧,៦លានដុល្លារ។
៩. នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោកLarry Ellison
- បៀវត្សរ៍ ១ដុល្លារ - ប្រាក់រង្វាន់ប្រចាំឆ្នាំ ១១២៦ដុល្លារ - ភាគហ៊ុននិង ប្រាក់សំណងប្រចាំឆ្នាំសរុបចំនួន ៧៨,៤លានដុល្លារ។
១០. ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Urban Outfitters លោក Richard Hayne
- បៀវត្សរ៍ ១ដុល្លារ - ប្រាក់រង្វាន់ប្រចាំឆ្នាំ ៤ម៉ឺនដុល្លារ - ភាគហ៊ុននិង ប្រាក់សំណងសរុបចំនួន ២៨៤៨៦ដុល្លារ - ចំណូលសរុបប្រចាំឆ្នាំ ៦៨៤៨៧ដុល្លារ៕
ចុចអាន៖ សហគ្រិនបច្ចេកវិទ្យាវ័យក្មេងទាំង៨ ដែលគួរឲ្យស្ងើចសរសើរ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ money.cnn