ល្ងាចនេះ ណាហ្គាវើល​ ប៉ះ​ Three Star​ វគ្គ​ជម្រុះ​​ AFC Cup 2017 នៅម៉ុងហ្គោលី

  • 2016-08-23 13:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ណាហ្គាវើល​​ ​នឹង​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ក្នុង​យុទ្ធនាការ​ជម្រុះ​ AFC Cup 2017 ក្នុង​ពូល​ B ​ប៉ះ​ក្រុម​ខ្លាំង​​របស់​ប្រទេស​នេប៉ាល់ Three Star Club ​នៅ​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលី​នា​វេលា​ម៉ោង៤:០០ (​ម៉ោង​នៅ​កម្ពុជា)។ ​តើ​ណាហ្គាវើល​អាច​យក​បាន​ ៣​ពិន្ទុ​ពី​ Three Star Clup ​បាន​អត់​?

 

 

​​ក្លឹប Three Star Clup ​ទើប​តែ​យក​ឈ្នះ​​ក្រុម​របស់​ម្ចាស់​ផ្ទះ Erchim ២-០ ​កាល​ពី​​២​ថ្ងៃ​មុន​ ​ដើម្បី​ឈរ​កំពូល​តារាង​​ពូល B បណ្ដោះអាសន្ន។ ប៉ុន្តែ​ល្ងាច​នេះ​ពួក​គេ​នឹង​​ត្រូវ​ជួប​ក្រុម​របស់​កម្ពុជា ណាហ្គាវើល​ ដែល​ទើប​ប្រកួត​ដំបូង។​​ ​បើ​ឈ្នះ​​ការ​ប្រកួត​ល្ងាច​​នេះ មាន​ន័យ​ថា ​ក្រុម​របស់​នេប៉ាល់​មួយ​នេះ នឹង​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២បន្ត​ទៀត​​​ប្រចាំ​ពូល​ B។

 

​​លោក មាស ចាន់​ណា ​គ្រូ​បង្គោល​ក្លឹប​​ណាហ្គាវើល​ធ្លាប់​បាន​ឲ្យ​​ដឹង​​ថា ​ដៃ​គូ​ល្ងាច​នេះ និង​ដៃ​គូ​បន្ទាប់​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​B​នៃ​ពាន​រង្វាន់​ខាង​លើ​ មាន​កម្រិត​​​មិន​លើស​​ណាហ្គាវើល​ប៉ុន្មាន​ឡើយ។ ​ដូច្នេះ​ការ​ប្រកួត​ល្ងាច​នេះ​ក្រុម​របស់​លោក មិន​មាន​ការ​ព្រួយ​បារម្ភ​​ច្រើន​ទេ។

 

​​ណាហ្គាវើល​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Cup 2017 ​នេះ ជំនួស​ក្រុម​​ភ្នំពេញ​ក្រោន​ ដែល​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​ដក​សិទ្ធិចូល​រួម​​​។ ​ប្រកួត​ចុង​ក្រោយ​របស់​ណាហ្គាវើល​ត្រូវ​​ប៉ះ​​ម្ចាស់​ផ្ទះ​ Erchim ​នា​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង៤:០០​ (​ម៉ោង​នៅ​កម្ពុជា)៕

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​