សិស្សបាក់ឌុបឆ្នាំនេះថាគណិតវិទ្យាពិបាកខ្លាំង តែសង្ឃឹមជាប់ច្រើន
- 2016-08-24 02:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សបាក់ឌុបឆ្នាំនេះថាគណិតវិទ្យាពិបាកខ្លាំង តែសង្ឃឹមជាប់ច្រើន
ចន្លោះមិនឃើញ
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ បានបញ្ចប់ហើយ នៅឡើយចាំអ៊ុតតែលទ្ធផលប៉ុណ្ណោះ។ បេក្ខជនភាគច្រើនដែលប្រលងថ្នាក់វិទ្យាសាស្ត្រពិត បានបញ្ជាក់ថា មុខគណិតវិទ្យាពិតជាពិបាកខ្លាំង ប៉ុន្តែសង្ឃឹមជាប់ច្រើន ព្រោះវិញ្ញាសាផ្សេងទៀតងាយស្រួលធ្វើបានល្អ។
បេក្ខជនឈ្មោះ ប៊ុនធៀន សុផានិត បាននិយាយថា៖ "បាទបង! ខ្ញុំមានសង្ឃឹមច្រើន ប្រហែលជា ៧០ភាគរយដែរ តែគណិតវិទ្យា អនុគមន៍ ពិបាកសម្រាប់ខ្ញុំ បើសម្រាប់គេផ្សេងខ្ញុំអត់ដឹងដែរ។ បើមុខវិជ្ជា ៦ទៀតស្រួលល្មមអាចធ្វើបាន"។ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សេរីភាពរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការប្រលងឆ្នាំនេះ គឺតឹងខ្លាំង មិនអនុញ្ញាតឲ្យងាកមើលគ្នាឡើយ។
ចំណែកបេក្ខជនម្នាក់ទៀតឈ្មោះ ដាវីត ដានិតា បានលើកឡើងថា៖ "និយាយទៅ មិនតឹង ក៏មិនធូរ លក្ខណៈរបៀបសិស្សមធ្យម... គីមីវិទ្យា និងគណិតវិទ្យា ពិបាកខ្លាំងជាងគេ ហើយខ្ញុំសង្ឃឹមជាប់ ៦០ ទៅ ៧០ភាគរយប៉ុណ្ណោះ"។ សម្រាប់និទ្ទេសវិញ យុវសិស្សរូបនេះមិនហ៊ានសង្ឃឹមខ្ពស់ឡើយ ដោយប្រាថ្នាត្រឹមជាប់ប៉ុណ្ណោះ។
ចំណែកសិស្សជាច្រើនផ្សេងទៀត ក៏អះអាងដូចគ្នា គឺគណិតវិទ្យាពិតជាពិបាកយកពិន្ទុខ្លាំងណាស់ បើប្រៀបធៀបទៅនឹងវិញ្ញាសាដទៃ។ យ៉ាងណាក្ដី ពួកគេសុទ្ធតែបង្ហាញសុទិដ្ឋិនិយមថានឹងអាចជាប់ច្រើន ដោយសារមុខវិជ្ជាផ្សេងទៀត ជាពិសេសគឺវិញ្ញាសាបែបអក្សរសាស្ត្រសុទ្ធតែធ្វើបានពេញទាំងអស់៕
អត្ថបទ៖ គង់ វិសាល