Apple ប្រកាស iPhone 7 ផ្លូវការ​ថ្ងៃ ៧ កញ្ញា

  • 2016-08-30 14:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន iPhone 7 ជិត​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ដោយ Apple ប្រកាស​ថ្ងៃ ៧ កញ្ញា ជា​ព្រឹត្តិការណ៍ បើក​មុខ iPhone 7 ដែល​គ្រប់គ្នា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា។

 

 

យ៉ាងណា​ចំពោះ​ឈ្មោះ iPhone ជំនាន់​ក្រោយ មិន​ទាន់​ដឹង​ច្បាស់​ថា តើ iPhone 7, iPhone 6SE ឬ iPhone 6SE Plus។ ប៉ុន្តែ​បើ​តាម​ចចាមអារ៉ាម​ហូរហែ​កន្លង​មក​នេះ Apple នឹង​ប្រកាស iPhone ស៊េរី​ថ្មី​ពីរ​ម៉ូដែល​ឈ្មោះ iPhone 7 និង iPhone 7 Plus កាមេរ៉ា​ក្រោយ​ភ្លោះ។

 

iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល នឹង​បំពាក់​ដោយ​ឈីប A10, ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 ដែល​មាន​មុខងារ​ថ្មីៗ​និង​ប្លែក​មក​ជាមួយ ហើយ​ក៏​ឮ​ថា​មាន​មុខងារ​ការពារ​ជ្រាប​ទឹក​ផង​ដែរ។

 

 

គ្មាន​រន្ធ​ដោតកាស​ទំហំ ៣,៥ ម.ម, កាមេរ៉ា​ភ្លោះ​សម្រាប់​ម៉ូដែល 7 Plus, មេម៉ូរី​ទំហំ 256GB, និង​ថាមពល​ថ្ម​ធំ​ជាង​មុន ជា​ព័ត៌មាន​ចចាមអារ៉ាម​ពេញ​និយម​ជាងគេ ហើយ​​ក៏​ជា​លក្ខណៈ​ពិសេស​​គ្រប់គ្នា​ជឿ​ថា​នឹង​បំពាក់​លើ iPhone ស៊េរី​ថ្មី។

 

ក្រៅ​ពី iPhone ស៊េរី​ថ្មី Apple Watch 2 ក៏​ប្រហែល​ប្រកាស​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ។ លក្ខណៈ​ពិសេស Apple Watch 2 ទំនង​មាន​មុខងារ​ការពារ​ជ្រាប​ទឹក​កាន់​តែ​ប្រសើរ​ និង​អាច​តាមដាន​រាល់​ចលនា​ហែល​ទឹក​បាន។

 

 

តើ iPhone 7 ឬ Apple Watch ដែល​អ្នក​ចង់​ឃើញ​ជាង​គេ? ថា​មិន​ត្រូវ Apple មាន​របស់​ពិសេស​ផ្សេង​បន្ថែម​ទៀត ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល។ Sabay នឹង​ផ្តល់​ព័ត៌មាន​ភ្លាមៗ​ទាក់ទង​នឹង iPhone ជំនាន់​ក្រោយ ដល់​ប្រិយមិត្ត។

 

រង់​ចាំ​តាមដាន​ទាំងអស់​គ្នា​នៅ​​ថ្ងៃ​ទី ៧ កញ្ញា ម៉ោង ១០ ព្រឹក នៅ​អាមេរិក ត្រូវ​នឹង​ម៉ោង ១២យប់​​ឆ្លង​ចូល​ថ្ងៃ​ទី ៨ កញ្ញា​នៅ​កម្ពុជា។

 

ប្រែសម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ GSMArena