រក​ឃើញ​ក្មេង​ប្រុស​១០ឆ្នាំ​ មាន​IQ​ខ្ពស់​ជាង​អ្នកប្រាជ្ញ​ Enstein និង Hawking

  • 2016-08-30 20:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​​ទើប​ ១០​ឆ្នាំ ជនជាតិ​ឥណ្ឌា​ រៀន​ទៅ​​ទីក្រុង​ឡុងដ៍ ​ប្រទេស​អង់គ្លេស ត្រូវ​គេ​ដឹង​ថា​​មាន​ IQ ខួរក្បាល​​​​ខ្ពស់​​ជាង​បិតា​ទ្រឹស្ដី​​រូបវិទ្យា​ជនជាតិ​អាល្លឺម៉ង់​ Albert Einstein និង​អ្នក​វិទ្យាសាស្ត្រ​​​​ល្បី​ឈ្មោះ​អង់គ្លេស​បច្ចុប្បន្ន Stephen Hawking ​ទៅទៀត។

 

Albert Einstein (ឆ្វេង), Dhruv (កណ្ដាល), Stephen Hawking (ស្ដាំ)

 

កុមារ​រូប​នេះ​មាន​ឈ្មោះ​ Dhruv Talati កំពុង​រស់​នៅ និង​សិក្សា​រៀន​សូត្រ​ក្នុង​ទីក្រុង​ឡុងដ៍ ដោយ​រូប​គេ​ទើប​​តេស្ដ​សមត្ថភាព IQ ខួរក្បាល​​​របស់​អង្គការ​អន្តរជាតិ Mensa ប្រចាំ​ទីក្រុង​ឡុងដ៍​ និង​ទទួល​បាន​ពិន្ទុ​​ដល់ទៅ​ ១៦២។

 

Dhruv បាន​តេស្ត​វិញ្ញាសា​ដ៏​លំបាក​ប្រភេទ Cattell III B Paper របស់​​អង្គការ​ Mensa កាល​ពីខែ​​​កក្កដា​​ឆ្នាំ​ ២០១៦​ថ្មីៗនេះ​​​ និង​ធ្វើ​បាន​ពិន្ទុ​ ១៦២​ ដោយ​វ៉ា​ដាច់​ពិន្ទុ​របស់ Einstein និងHawking ដែល​ធ្លាប់​ទទួល​បាន ​១៦០​ពិន្ទុ​ប៉ុណ្ណោះ។ ចំពោះ​មនុស្ស​វ័យ​ជំទង់​ភាគ​ច្រើន​ ​កម្រិត​ពិន្ទុ​ IQ ជា​មធ្យម​របស់​ពួក​​គេ​មាន​១០០​ពិន្ទុ ខណៈ​​ពិន្ទុ​​​​លើស​ពី​១៤០​ត្រូវ​បាន​ចាត់​ទុក​​ថា​មនុស្ស​ឆ្លាត។

 

​បច្ចុប្បន្ន​ កុមារ​ Dhruv បាន​​ចូល​សិក្សា​​​ក្នុង​ក្លឹប​ពិសេស​ Elite Club ដែល​ប្រមូលផ្ដុំ​ដោយ​​ជើង​ខ្លាំង​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​​គេ​ដាក់​ឈ្មោះ​ក្រុម​នេះ​​​​​ជា​មនុស្ស​ឆ្លាត​ជាងគេ​បំផុត​លើ​ផែនដី ( World's most intelligent folks)។ Dhruv ជា​សិស្ស​ថ្នាក់​បឋមសិក្សា​​ Fullwood Primary School ​ក្នុង​សង្កាត់​ Barkingside និយាយ​ថា "​វិញ្ញាសា​ខ្លួន​ធ្វើ​​មិន​លំបាក​ទេ​ ​ប៉ុន្តែ​​រយៈពេល​ខ្លី"។

 

ឪពុក​របស់​ Dhruv ​ធ្វើការ​ជា​​​អ្នក​ពិគ្រោះ​យោបល់​​ខាង​វិនិយោគ​វិស័យ​ធនាគារ ​និយាយ​ថា ​"​ខ្ញុំ​ពិត​ជា​រំភើប​រីករាយ​​មែនទែន​ ព្រោះ​មិន​ដែល​គិត​ថា​​​កូន​ខ្ញុំ​ធ្វើ​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ​ឡើយ។ ខ្ញុំ​នឹង​​បន្ត​ប្រឹងប្រែង​លើក​ទឹក​ចិត្ត​​ទេពកោសល្យ​​របស់​គេ​បន្ថែម​ទៀត"។ នា​ថ្ងៃ​អនាគត​ កុមារ​ Dhruv ​មាន​សុបិន​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផលិត​​មនុស្ស​​យន្ត​​។​

 

អង្គការ Mensa ​បាន​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ​ ១៩៤៦ ជា​សហគមន៍​ចំណាស់​ និង​​ធំ​បំផុត​​របស់​ពិភពលោក​​​សម្រាប់​​មនុស្ស​ IQ ខ្ពស់។​ សហគមន៍​នេះ​​ធ្លាប់​​​មាន​យុវវ័យ​​​ធ្វើ​បាន​ពិន្ទុ​ ១៦១ និង​​ក្មេង​ៗ​ក្រោម​ ១៨​ឆ្នាំ​ធ្លាប់​ធ្វើ​បាន​​​ដល់​ ១៦២​ពិន្ទុ​ផង​ដែរ។ Mensa ​ មាន​​មនុស្ស​ជាង​ ១២ម៉ឺន​នាក់ មកពី​ ១០០​ប្រទេស បាន​​​ចូល​រៀន៕

 

 

 

 

 

ចុចអាន៖ រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Indiatimes, ibtimes​​​

អត្ថបទថ្មី