២​ចំណុច​សំខាន់​ អ្នក​កាសែត​ហុង​កុង​សួរ​លោក​​គ្រូ​ Lee​ និង​ សុខ​ សុវណ្ណ​ ល្ងាច​មិញ​​

  • 2016-09-01 16:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​មិញ​​មុន​ពេល​ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​ហុងកុង​ និង​កម្ពុជា​​ចាប់​ផ្តើម​ល្ងាច​ថ្ងៃ​នេះ​ អ្នក​សារព័ត៌មាន​ហុងកុង​បាន​ចោទ​សួរ​​លើ​ចំណុច​សំខាន់​២​​ចំពោះ​លោក​គ្រូ​បង្វឹក​កម្ពុជា​ Lee Tae Hoon និង​ប្រធាន​ក្រុម​ សុខ សុវណ្ណ​។

 

 

សំនួរ​របស់​សារព័ត៌មាន​ហុងកុង​លើក​ឡើង​ថា​ តើ​លោក​ស្គាល់ Kim Pan Gon ជា​​គ្រូ​បង្វឹក​របស់​ក្រុម​ហុងកុង​ដល់​កម្រិត​ណា​ដែរ? គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae Hoon បាន​ឆ្លើយ​នឹង​សំនួរ​នេះ​ថា ​៖«លោក​ Kim Pan Gon ​​ជា​អ្នក​ធ្លាប់​លេង​បាល់​ជា​មួយ​គ្នា​នៅ​លីគ​បាល់ទាត់​កំពូល​កូរ៉េ​នៅ​ពេល​​ពួក​ខ្ញុំ​​ជា​កីឡាករ​ដូច​គ្នា​ ប៉ុន្តែ​លោក​ Kim ​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​២​ឆ្នាំ។ យ៉ាង​ណា​ខ្ញុំ​​គោរព​ស្រលាញ់​គាត់​ជា​និច្ច​​​។ មួយ​ទៀត​ លោក​ ​Kim ជាគ្រូបង្វឹកហុងកុង​បាន​ចូល​សញ្ជាតិ​ហុងកុង​ហើយ​ ខ្ញុំ​​សង្ឃឹម​ថា​ ​បាន​ចូល​សញ្ជាតិ​ខ្មែរ​ដែរ (សើច)»។

 

ចំណែក​​ ខ្សែ​ការពារ​សុខ សុវណ្ណ ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ហុង​កុង​ចោទ​សួរ​ដែរ​ដោយ​លើក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​កីឡាករ​កម្ពុជា​ក្មេង​ៗ? ខ្សែ​ការពារ​មក​ពី​ក្លឹប​បឹងកេង​អង្គរ​រូប​នេះ​ឆ្លើយ​ថា​ ជា​ការ​ពិត​កីឡាករ​របស់​កម្ពុជា​ក្មេង​ៗ​ជាង​ហុងកុង ហើយ​ហុងកុង​ជា​​ក្រុម​ខ្លាំង​ តែ​យ៉ាង​ណា ក្រុម​កម្ពុជា​នឹង​ប្រឹង​ប្រែង​លេង​ប្រកប​ដោយ​ឆន្ទៈ​ដើម្បី​យក​ជ័យជម្នះ​ជូន​ជាតិ។

 

 

សំនួរ​នេះ​ដែរ​ លោក​គ្រូ​ Lee បាន​ឆ្លើយ​ថា​ ទោះ​ជា​កីឡាករ​កម្ពុជា​ក្មេង​ៗ​ក៏​​គ្មាន​បញ្ហា​អ្វី​ទេ។ តាម​ពិត​​កីឡាករ​កម្ពុជា​ដែល​មាន​អាយុ​ច្រើន​មិន​សូវ​បាន​ហ្វឹកហាត់​​ដិត​ដល់​ទេ​ពេល​ដែល​ពួក​គេ​នៅ​​​ក្មេង។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លើក​នេះ​ លោក​បាន​កោះ​ហៅ​កីឡាករ​ក្មេង​ចូល​រួម​ច្រើន។

 

ចុង​ក្រោយ​លោក​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េ​ថា ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​ Suzuki Cup 2016​ នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដែល​កម្ពុជា​​ជា​ម្ចាស់​​ផ្ទះ។ ​ក្រុម​របស់​លោក​នឹង​ប្រែង​ប្រែង​ប្រកួត​ឲ្យ​​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​