វីរុស Zika ដ៏កាចសាហាវនៅតែអាចឆ្មក់ឱកាសក្នុងរដូវភ្លៀង
- 2016-09-02 21:22:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុស Zika ដ៏កាចសាហាវនៅតែអាចឆ្មក់ឱកាសក្នុងរដូវភ្លៀង
ចន្លោះមិនឃើញ
ជំងឺ Zika ដែលឆ្លងរយៈមូសខ្លា នៅតែអាចយាយីប្រជាជនបានដោយសាររដូវនេះជារដូវភ្លៀងសំបូរមូសខ្លាខាំ។ ដូច្នេះក្រសួងសុខាភិបាល បានក្រើនរំឮកដល់ប្រជាជនទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺនេះ។
(រូបភាព៖ www.nbcdwf.com)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល Zika មានរោគសញ្ញាស្រដៀងនឹងគ្រុនឈាមដែរ ដូចជា គ្រុនក្ដៅ ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែកនិងឈឺសន្លាក់ជាដើម។ វាអាចបង្កឲ្យកុមារមានក្បាលតូច ទន់ដៃទន់ជើង។ រីឯស្ត្រីមានផ្ទៃពោះអាចឲ្យទារកស្លាប់ក្នុងផ្ទៃផងដែរ។
វេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និយាយថា ការទប់ស្កាត់ជំងឺនេះ គឺដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការពារកុំឲ្យមូសខាំ។ ត្រូវកម្ចាត់វត្ថុដក់ទឹកដែលជាជម្រកនៃការកើតសត្វមូស។ គួរសម្រាន្តក្នុងមុង និងក្នុងករណីសង្ស័យថាមានជំងឺនេះត្រូវទៅពិនិត្យនៅមណ្ឌលសុខភាព។ លើសពីនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់បងប្អូនដែលធ្វើដំណើរត្រលប់មកពីអាហ្វ្រិកនិងអាមេរិក ហើយមានរោគសញ្ញា ដូចជា គ្រុនក្ដៅ ឈឺក្បាល កន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពីប្រវត្តិការធ្វើដំណើរ ឬទូរសព្ទទៅលេខ ១១៥/ ០១២ ៤៨៨ ៩៨១ / ០៨៩ ៦៦៩ ៥៦៧។
វីរុស Zika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺនេះមានការរាតត្បាតខ្លាំងក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្ដាលនៅឆ្នាំ២០១៤។
អត្ថបទ៖ លឹម សុនា