នាវ នារីបញ្ចពិសី៖ ខ្ញុំធ្វើការឲ្យគេ១២ឆ្នាំ ទើបបង្កើតបានក្រុមហ៊ុនខ្លួនឯង
- 2016-09-05 15:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវ នារីបញ្ចពិសី៖ ខ្ញុំធ្វើការឲ្យគេ១២ឆ្នាំ ទើបបង្កើតបានក្រុមហ៊ុនខ្លួនឯង
ចន្លោះមិនឃើញ
ទឹកចិត្តស្រលាញ់ខាងផ្នែកទេសចរណ៍ បានធ្វើឲ្យអ្នកស្រី នាវ នារីបញ្ចពិសី ខិតខំធ្វើការឲ្យគេអស់រយៈពេល១២ឆ្នាំ រហូតអាចបើកក្រុមហ៊ុនខ្លួនឯង និងឈ្នះពានរង្វាន់សហគ្រិន វ័យក្មេងឆ្នើមផ្នែកសង្គមឆ្នាំ២០១៦។ មិនមែនជារឿងចៃដន្យឡើយ គឺដោយសារការមានឆន្ទៈមោះមុតក្នុងការរៀនសូត្រ ចង់ដឹងចង់ឮច្រើន បូករួមនឹងភាពអំណោយផលពីធម្មជាតិផង ទើបធ្វើឲ្យអ្នកស្រីមានថ្ងៃនេះ។
ចាប់ផ្ដើមការងារ ទាំងមិនចេះអ្វីសោះ
នៅឆ្នាំ១៩៩៩ ជាពេលដែលអ្នកស្រី បញ្ចពិសី រៀនផងធ្វើការផង។ អ្នកភ្នំពេញរូបនេះ បានជាប់ចូលបម្រើការងារនៅក្នុងក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ ជាបុគ្គលិកបម្រើការទូទៅ ស្របពេលដែលកំពុងសិក្សាឆ្នាំទី៤ ផ្នែកគ្រប់គ្រងនៅវិទ្យាស្ថានជាតិគ្រប់គ្រង (សកលវិទ្យាល័យជាតិគ្រប់គ្រងបច្ចុប្បន្ន)។សហគ្រិនឆ្នើមផ្នែកសង្គមរូបនេះបានឲ្យដឹងថា ពេលចូលធ្វើការដំបូង ខ្លួនពុំមានបទពិសោធន៍ការងារអ្វីនោះទេ សូម្បីតែការប្រើប្រាស់ម៉ាស៊ីនថតចម្លង ការផ្ញើទូរសារ (Fax) ទាក់ទងក្នុងកន្លែងការងារជាដើម។ តែដោយសារអ្នកស្រីជាបុគ្គលិកម្នាក់ដែលចង់ចេះចង់ដឹង ទើបគាត់អាចអភិវឌ្ឍខ្លួនឲ្យយល់ពីការងារជាច្រើនយ៉ាងឆាប់រហ័ស រហូតទទួលបានឋានៈជាអ្នកគ្រប់គ្រង។
"...បងចាប់ផ្ដើមពីការងារតូចៗអ៊ីចឹងមែន តែបងចង់ចេះចង់ដឹងណាស់... បងអត់ទម្លាប់ធ្វើការងារមួយដែលគេដាក់ឲ្យដោយប្រើពេលពេញមួយថ្ងៃនោះទេ គឺបងប្រឹងធ្វើការនោះឲ្យលឿនឆាប់ចប់ដើម្បីទៅយកការងារថ្មីមកធ្វើមួយទៀត។" អតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះបានបន្តថា គាត់តែងសួរពីអ្នករួមការងារ និងរៀនសូត្រអំពីការងាររបស់ពួកគេ។ ការស្វែងយល់អំពីការងារជាច្រើនទាំងនោះ មិនត្រឹមតែបានចូលរួមចំណែកជួយដល់ការការពារប្រធានបទសារណាឆ្នាំបញ្ចប់សិក្សាទាក់ទងនឹង ក្រុមហ៊ុនទេសចរណ៍នោះទេ ថែមទាំងជួយឲ្យអ្នកស្រីជោគជ័យក្នុងការងារទៀតផង។
ក្នុងរយៈពេល៦ខែ អ្នកស្រីបានឡើងតំណែងពីបុគ្គលិកធម្មតាទៅជាបុគ្គលិកជាន់ខ្ពស់ (Senior Officer) ហើយមួយឆ្នាំក្រោយមក អ្នកស្រីបានក្លាយជាអ្នកមើលការខុសត្រូវម្នាក់ (Supervisor) នៅក្រុមហ៊ុន។
ចំណាយពេល ១២ឆ្នាំក្នុងក្រុមហ៊ុនតែមួយ
"...បងធ្វើការនៅក្រុមហ៊ុនតែមួយហ្នឹងទេ សរុបទៅគឺអស់រយៈពេល១២ឆ្នាំ។ មានការងារជាច្រើនដែលបងបានរៀន ជាពិសេស នៅពេលដែលបងបានឡើងជាប្រធានគ្រប់គ្រងទូទៅ (General Manager)។ មានអ្វីៗជាច្រើន ដែលការងារហ្នឹងបានបង្រៀនបង..." ។
សហគ្រិននារីឆ្នើមខាងលើបានប្រាប់បន្តថា អ្នកស្រីបានឡើងតំណែងជាបន្តបន្ទាប់តាមលំដាប់ រហូតក្លាយជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំទី៧ ហើយបន្តការងារក្នុងតួនាទីនេះអស់រយៈពេល ៥ ឆ្នាំ ទើបចេញមកបើកក្រុមហ៊ុនខ្លួនឯង។ អ្នកស្រីប្រាប់ទៀតថា គាត់ក៏មានមោទនភាពផងដែរ ព្រោះនៅសម័យនោះ ភាគច្រើន គេឲ្យតម្លៃតែទៅលើជនជាតិបរទេសទេ ទើបមានសមត្ថភាពកាន់តំណែងនោះបាន។
ដោយឡែកនៅពេលសួរថា ហេតុអ្វីបានជាអ្នកស្រីនៅធ្វើការក្នុងក្រុមហ៊ុនតែមួយច្រើនឆ្នាំមិនផ្លាស់ប្ដូរ? សហគ្រិនរូបនេះ បានតបថា ដោយសារតែចិត្តស្រលាញ់ការងារ និងឱកាសរៀនពីបទពិសោធន៍ថ្មីៗនៅក្នុងក្រុមហ៊ុននោះ។ អ្វីជាពិសេសទៅទៀតនោះ គឺអ្នកស្រុកកំណើតនៅភ្នំពេញរូបនេះ មានចិត្តចង់បើកអាជីវកម្មដោយខ្លួនឯង ទាក់ទងនឹងវិស័យទេសចរណ៍ ទើបធ្វើឲ្យអ្នកស្រីសម្រេចចិត្តបន្តការងារនៅទីនោះ។
ចាប់ផ្ដើមបើកអាជីវកម្មខ្លួនឯង
អ្នកស្រី បញ្ចពិសី បានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំ២០១៣ ក្រោយលាឈប់ពីការងារនៅក្នុងក្រុមហ៊ុនចាស់។ សម្រាប់អាជីវកម្មដែលអ្នកស្រីកំពុងដំណើរការនេះ គឺបានសហការជាមួយដៃគូ ជាមួយអតីតថៅកែដែលធ្លាប់ជ្រើសរើសអ្នកស្រីឲ្យធ្វើការក្នុងក្រុមហ៊ុនចាស់ ព្រមទាំងមិត្តភ័ក្ដិដែលធ្លាប់រួមការងារជាមួយគ្នា។
ដោយសារតែអ្នកស្រីចំណាយពេលច្រើនក្នុងវិស័យទេសចរណ៍ និងចូលរួមជាមួយដៃគូសហការពូកែៗ ព្រមទាំងមិត្តភ័ក្ដិ បានធ្វើឲ្យអាជីវកម្មរបស់អ្នកស្រីពុំសូវមានបញ្ហាលំបាកអ្វីគួរឲ្យកត់សម្គាល់ និងមានដំណើរការទៅមុខយ៉ាងរលូនជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ២០១៣នោះ អ្នកស្រី បញ្ចពិសី បានបើកដំណើរការអាជីវកម្មបីក្នុងពេលតែមួយ ក្នុងនោះ គឺក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុនទទួលរៀបចំកម្មវិធីផ្សេងៗ ហើយបន្តបើកនូវមុខជំនួញដទៃទៀត ដូចជាប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និងជំនួញបន្ទាប់បន្សំមួយចំនួនទៀត ហើយក៏គ្រោងបើកបន្ថែមនៅពេលខាងមុខផងដែរ។
ជីវិតផ្ទាល់ខ្លួន
អ្នកស្រី នាវ នារីបញ្ចពិសី មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងជាអតីតសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ សហគ្រិនឆ្នើមរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ពីវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ២០០០។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៣ ហើយបច្ចុប្បន្នមានកូនចំនួនបីនាក់៕
ចុចអាន៖ ចំណុចខ្លាំងរបស់ម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងទាំង៤ ឆ្នាំ២០១៦ អត្ថបទ ៖ មាន រតនា