iPhone 7 និង 7 Plus ​ប្រកាស​យប់​មិញ កាមេរ៉ាភ្លោះ​​ថត​រូប​មិន​ចាញ់​ DSLR

  • 2016-09-08 14:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​ ​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​ iPhone 7 និង 7 Plus ដែល​​មាន​ចំណុច​ពិសេសៗ ដូច​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​កន្លង​មក។

 

 

iPhone ជំនាន់​ចុង​ក្រោយ​ស្ទើរ​តែ​មាន​រូបរាង​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ iPhone 6s ប៉ុន្តែ​​ខុស​គ្នា​ត្រង់​​ខ្សែ​អង់តែន​ដែល​ប្ដូរ​ទីតាំង​មក​នៅ​កៀន។ មិន​តែ​ប៉ុណ្ណោះ វា​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​​អាច​ធន់​នឹង​ទឹក​ជម្រៅ​ ១ ម៉ែត្រ​ បាន​រយៈ​ពេល​ ៣០ នាទី ជា​មួយ​កម្រិត IP67។​ អ្វី​ដែល​ជា​ទីចាប់​អារម្មណ៍​ខ្លាំងគឺ​ការ​បន្ថែម​ជម្រើស​ពណ៌​ថ្មី​ចំនួន​ពីរ​ រួម​មាន​ពណ៌​ខ្មៅ​រលោង (Jet Black) និង ពណ៌​ខ្មៅ។

 

 

​រន្ធ​ដោត​កាស​ទាំង​នៅ​លើ iPhone 7 និង 7 Plus ត្រូវ​បាន​លុប​ចោល​ ដោយ​រន្ធ​សាក​ថ្ម​នឹង​ប្រើ​​ជា​រន្ធ​សម្រាប់​ដោត​កាស​វិញ។ ចំណុច​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ទៀត​គឺ​ប៊ូតុង​ Home ដោយ​អាច​បញ្ជា​ដំណើរ​ការ​បាន​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ចុច​​ដូច​ប៊ូតុង​ Home មុនៗ​ឡើយ​ ពោល​គ្រាន់​តែ​យក​ម្រាម​ដៃ​ដាក់​ពី​លើ​ថ្នមៗ។

 

 

​​​ប្រព័ន្ធ​បញ្ចេញ​សំឡេង​នៅ​លើ iPhone 7 និង 7 Plus អាច​បញ្ចេញ​សំឡេង​បាន​ឮ​ជាង iPhone 6s ដល់​ទៅ​ ២ ដង​ ដោយ​សារ​តែ​​មាន​រន្ធ​បញ្ចេញ​សំឡេង​បែប​ Stereo ដល់​ទៅ​ពីរ​​នៅ​ផ្នែក​ខាង​លើ​នៅ​ខាង​ក្រោម។

 

 

កាមេរ៉ា​ទំហំ​ ១២ MP ​លើ iPhone 7 ​មាន​ការ​អាប់ដេត ​​ដោយ​មាន​ Aperture f/1.8 ធំ​ជាង​មុន​អាច​ឲ្យ​ពន្លឺ​ចូល​បាន​ល្អ ខ្លាំង​ខាង​ថត​រូប​នៅ​ទីងងឹត ហើយ​ថែម​ទាំង​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​​រូបភាព​ OIS។ ភ្លើង​ Flashក៏​អាប់ដេត​ថ្មី​​ដោយ​ពេល​នេះ​​មាន​ដល់​ទៅ ៤ គ្រាប់​ជា​ប្រភេទ​ភ្លើង​ LED អាច​ជះ​ពន្លឺ​បាន​ល្អ​នៅ​ទី​ងងឹត។ កាមេរ៉ា​ខាង​មុខ​សម្រាប់​ Selfie បាន​បង្កើន​ទំហំ​ពី​ ៥ MP ទៅ​ដល់​ ៧ MP ដែល​អាច​ថត​វីដេអូ​បាន​​ក្នុង​កម្រិត​ FullHD 1080p។

 

 

កាមេរ៉ា​លើ iPhone 7 Plus ហាក់​ខុស​ប្លែក​ពី​ iPhone 7 ដោយ​សារ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ដែល​មាន​កាមេរ៉ា​ ១ ជា​ប្រភេទ​ wide-angle 28mm និង មួយ​ទៀត​ជា​ប្រភេទ​ telephoto 56mm។ កាមេរ៉ា​ទាំង​ពីរ​គ្រាប់​សុទ្ធ​តែ​មាន​កម្រិត​ ១២ MP ហើយ​ពេល​ដែល​កាមេរ៉ា​ទាំង​ពីរ​រួម​បញ្ចូល​គ្នា​ អាច​បង្កើត​បាន​​រូបភាព​ព្រិល​ក្រោយ​​ ច្បាស់​មុខ​ ដូច​ជា​ពពួក​កាមេរ៉ា​ DSLR (Depth of Field) យ៉ាង​អ៊ីចឹង។

 

 

Apple បាន​បំពាក់​បន្ទះ​ Chip ជំនាន់​ថ្មី​បំផុត​ឈ្មោះ​ថា​​ A10 Fusion ដែល​មាន​ល្បឿន​លឿន​ជាង​បន្ទះ​ Chip លើ iPhone 6s ដល់​ទៅ​ ៤០% ហើយ​បើ​ប្រៀប​នឹង​បន្ទះ​ Chip​ iPhone ជំនាន់​​ទី​ ១ គឺ​លឿន​ជាង​ដល់​ទៅ​ ១២០ ដង។ ចំពោះ​ GPU វិញ​ក៏​ថ្មី​ដែរ​ ដោយ​មាន​ល្បឿន​លឿន​ជាង​ GPU លើ iPhone 6s ប្រមាណ​ ៥០% អាច​​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ខ្ពស់​ ឥត​ទាក់​សូម្បី​បន្តិច។

 

 

អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB គ្មាន​ទៀត​ទេ​សម្រាប់​ iPhone ជំនាន់​ថ្មី​នេះ​ ដែល​ជំនួស​មក​វិញ​​ដោយ​ជម្រើស​ទំហំ​ ៣២ GB, ១២៨ GB និង ២៥៦ GB។​

 

ទំហំ​អេក្រង់​របស់​ iPhone 7 និង 7 Plus នៅ​រក្សា​ត្រឹម​ ៤,៧ អ៊ីញ​ និង​ ៥,៥ អ៊ីញ​ ដដែល​ ប៉ុន្តែ​អេក្រង់​ Retina HD នេះ​​ភ្លឺ​ជាង​មុន​ ២៥% រួម​ជា​មួយ​នឹង​បច្ចេកវិទ្យា​ wider color gamut អាច​បង្ហាញ​រូបភាព​ពណ៌​យ៉ាង​ស្រស់​ស្អាត។ ​ត្បិត​ Apple មិន​បាន​បញ្ជាក់​ពី​ទំហំ​ថ្ម​ iPhone ជំនាន់​ថ្មី​ ប៉ុន្តែ​បាន​ឲ្យ​ដឹង​​ថា​ iPhone 7 ​ប្រើ​បាន​យូរ​ជាង​ iPhone 6s ២ ម៉ោង​ ហើយ iPhone 7 Plus ប្រើ​បាន​យូរ​ជាង​ iPhone 6s Plus ១ ម៉ោង។

 

 

ទាំង​ iPhone 7 និង 7 Plus នឹង​ចាប់​ផ្ដើម​ដាក់​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​ ១៦ កញ្ញា​ ខាង​មុខ​ ដោយ​ការ​កុម្ម៉ង់​ទុក​មុន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ។ ចំពោះ​តម្លៃ​វិញ​ iPhone 7 មាន​ចាប់​ពី​ ៦៤៩ ដុល្លារ ឡើង​ទៅ​ និង iPhone 7 Plus មាន​ចាប់​ពី ៧៦៩ ដុល្លារ​ ឡើង​ទៅ (តម្លៃ​នៅ​បរទេស)៕

 

ចុច​អាន៖ ក្តៅៗ! iPhone 6 និង 6s​ ​នៅ​ខ្មែរ​​ធ្លាក់​ថ្លៃ​ជិត ១០០ដុល្លារ ឯ​​វៀតណាម ២០០ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​​​

អត្ថបទថ្មី