សិស្សនិទ្ទេស A ម្នាក់គត់ក្នុងខេត្តប៉ៃលិន ចង់ស្រវាអាហារូបករណ៍ក្នុងស្រុកមុនបរទេស
- 2016-09-13 16:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សនិទ្ទេស A ម្នាក់គត់ក្នុងខេត្តប៉ៃលិន ចង់ស្រវាអាហារូបករណ៍ក្នុងស្រុកមុនបរទេស
ចន្លោះមិនឃើញ
ព្រហ្ម សុខចាន់វាសនា ជាសិស្សម្នាក់គត់ដែលបាននិទ្ទេស A ក្នុងខេត្តប៉ៃលិន រហូតតំណាងរាស្ត្រប្រចាំខេត្តនេះគឺអ្នកស្រី បាន ស្រីមុំនឹងផ្ដល់ជារង្វាន់ម៉ូតូ Scoopy ថ្មីមួយគ្រឿងជាការលើកទឹកចិត្ត។ សម្រាប់វាសនាចង់រៀនជំនាញទន្តពេទ្យតែចង់យកអាហារូបករណ៍ក្នុងស្រុកសិន ទើបគិតគូរអាហារូបករណ៍បរទេសជាក្រោយ។
កូនទី២ក្នុងចំណោមបងប្អូន៣នាក់រូបនេះ និយាយថា ទន្តពេទ្យជាជំនាញមួយដែលគេស្រលាញ់ តែនឹងរៀនជំនាញនេះនៅស្រុកខ្មែរសិន បើទោះសិស្សពូកែភាគច្រើនតែងស្រវាអាហារូបករណ៍បរទេសក៏ដោយ។ ហេតុផលគឺ សិស្សនៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតចង់បានបទពិសោធន៍ក៏ដូចជាចំណេះដឹងពីការរៀនក្នុងស្រុកសិន បើទៅបរទេសភ្លាមៗគឺពិបាក។
"បើយើងដឹងខ្លះៗពីរបៀបរៀននៅខ្មែរសិន ដូច្នេះយើងដឹងយើងចេះបានច្រើនជាង តែបើទៅក្រៅឆៅៗភ្លាមៗចឹង ខ្លាចចាប់មិនទាន់ ព្រោះមិនទាន់ចេះពីជំនាញនេះបានស៊ី ជម្រៅ។ ចឹងហើយ ខ្ញុំចង់រៀនក្នុងស្រុកសិន ចាំឆ្លៀតយកអាហារូបករណ៍នៅក្រៅពេលចប់បរិញ្ញាបត្រ"។ វាសនាបញ្ជាក់។
យុវជនអាយុ១៨ឆ្នាំបន្តថា ប្រទេសដែលគេចង់ទៅរៀនគឺចិន ហើយនាថ្ងៃអនាគត វាសនាសង្ឃឹមថានឹងក្លាយជាទន្តពេទ្យល្អម្នាក់៕
រូបភាព៖ ផ្តល់ឲ្យ