មិន​មែន​ចៃ​ដន្យ​ដែល​ ង៉ូវ ជីហ័រ បាន​និទ្ទេស A តែ​ជា​ការ​គ្រោង​ទុក

  • 2016-09-14 16:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ហ៊ុន​សែន​ល្វា ស ​មាន​យុវជន​ម្នាក់​គត់​ទទួល​បាន​និទ្ទេស A។ យុវជន​ ង៉ូវ ជី​ហ័រ​ បាន​ប្រាប់​ថា និទ្ទេស A នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​​គឺ​ជា​ការ​គ្រោង​ទុក ព្រោះ​គេ​ប្ដេជ្ញា​ក្នុង​ចិត្ត​ថា​ដាច់​ខាត​ត្រូវ​យក​និទ្ទេស A ឲ្យ​បាន ។

 

 

​ដោយ​សារ​តែ​មាន​មហិច្ឆតា​ខ្ពស់​បែប​នេះ ​​អ្នក​កើត​ក្នុង​ខេត្ត​កណ្ដាល​​ប្រាប់​ថា គេ​បាន​កំណត់​គោល​ដៅ​ខ្លួន​ឯង​ ដូច្នេះ​ហើយ​ជី​ហ័រ​ក៏​រៀប​​ផែន​ការ​រៀន​សូត្រ​សម្រាប់​ខ្លួន​ឯង​ច្បាស់​លាស់។

 

ជា​ទូ​ទៅ​ ក្រោយ​បាយ​ល្ងាច​រួច ជី​ហ័រ​តែង​ទៅ​រំលឹក​មេ​រៀន​ ធ្វើ​លំហាត់​រហូត​ដល់​ម៉ោង​១០​ទើប​ចូល​គេង។ "ខ្ញុំ​ចូល​ចិត្ត​រៀន​ពេល​យប់​ជាង​ពេល​ទាប​ភ្លឺ​ ព្រោះ​បើ​ក្រោក​ពេល​ទាប​ភ្លឺ​គេង​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​ឈឺ ដូច្នេះ​ផែន​ការ​យើង​ក៏​មិន​ជោគ​ជ័យ​ដែរ"។ យុវ​សិស្ស​អាយុ​១៨​ឆ្នាំ បញ្ជាក់។

 

​ប្រការ​សំខាន់​មួយ​ទៀត យុវជន​បាន​លំដាប់​ពិន្ទុ 99.582 បន្ត​ថា ដោយ​សារ​មើល​ឃើញ​អ្នក​ជំនាន់​មុន​ៗ​ពូកែ ម្ល៉ោះ​ហើយ​ខ្លួន​ចង់​ពូ​កែ​ដូច​គេ​ដែរ ទើប​ដាក់​ផែន​ការ​ត្រូវ​តែ​យក​និទ្ទេស A ឲ្យ​បាន ដែល​ពេល​នេះ​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ហើយ។

 

ជយ​លាភី​នេះ​ ជីហ័ ​ថា នឹង​ទទួល​បាន​ម៉ូតូ​ Zoomer X ពី​ឯក​ឧត្ដម​ ម៉ៅ ភី​រុណ​ អភិបាល​ខេត្ត​កណ្ដាល​ដែល​បាន​សន្យា​ថា​នឹង​ជូន​ដល់​សិស្ស​និទ្ទេស A ក្នុង​ខេត្ត​កណ្ដាល។ ចំណែក​ថ្ងៃ​អនាគត កូន​ច្បង​ក្នុង​គ្រួសារ​រូប​នេះ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​ចង់​រៀន​ក្នុង​ប្រទេស​សឹង្ហ​បុរី៕

    អត្ថបទ៖ លឹម សុ​នា ​​