ជំនឿមួយដែលនាំឲ្យឆាមីសួរពេញនិយមពេលភ្ជុំបិណ្ឌ
- 2016-09-23 22:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿមួយដែលនាំឲ្យឆាមីសួរពេញនិយមពេលភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ពេលបុណ្យភ្ជុំបិណ្ឌម្តងៗ គេសង្កេតឃើញមានម្ហូបជាច្រើនប្រភេទដែលប្រជាជនខ្មែរយកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសផលដល់ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្នុងនោះដែរ ឆាមីសួរ គឺជាមុខម្ហូបមួយដែលតែងមានវត្តមានជានិច្ចក្នុងពិធីបុណ្យនេះ។ តើមូលហេតុអ្វីបានជាចាស់ៗផ្ដាំអោយកូនចៅធ្វើមីសួរទៅវត្ត?
បើតាមសង្ឃដីការបស់ព្រះភិក្ខុ ធួន ច័ន្ទថន គង់នៅវត្តសន្សំកុសល រាជធានីភ្នំពេញបានលើកឡើងថា ការចម្អិន មីសួរ ឬគុយទាវ ដើម្បីធ្វើជាចង្ហាន់យកទៅវត្តនេះគឺដោយសារតែមានជំនឿមួយទាក់ទងនឹងប្រេតមួយពួក។ ប្រេតទាំងនោះមានមាត់តូចប៉ុនគូថម្ជុលគឺមិនអាចបរិភោគចំណីអាហារដែលមានទំហំធម្មតាបានទេ។
ដូចនេះហើយ ទើបពុទ្ធបរិស័ទដែលភ័យខ្លាចញាតិការបស់ខ្លួនមានបាបកម្មធ្លាក់ទៅចាប់កំណើតជាប្រេតជំពូកនេះ ពួកគាត់នាំគ្នាចម្អិនមីសួរយកទៅវត្តដើម្បីអាចឲ្យប្រេតទាំងនោះទទួលយកអាហារបាន ព្រោះគ្មាននរណាម្នាក់អាចដឹងនោះឡើយថា បុព្វការីជនរបស់ខ្លួនបានចាប់កំណើតជាអ្វីឲ្យប្រាកដ។
តាមឯកសារមួយចំនួនបានបង្ហាញថា ចំពោះពពួកប្រេតដែលមានលក្ខណៈដូចដែលព្រះភិក្ខុ ធួន ច័ន្ទថនលើកឡើងខាងលើ គឺត្រូវនឹងពពួកប្រេតឈ្មោះ "សុចិមុខ"។ តាមរយៈសៀវភៅកំណាព្យល្បើកប្រេត របស់លោក សុង ស៊ីវ បានសរសេរថាប្រេតឈ្មោះ សុចិមុខ នេះគឺជាប្រភេទប្រេតមួយពួកដែលមានខ្លួនធំប៉ុនភ្នំ ដៃជើងវែងៗ តែមាត់វិញស្រួច រន្ធមាត់ប៉ុនគូថម្ជុល ក្បាលធំត្រមែង ភ្នែកលៀនក្រឡោត ក្រចកដៃវែងៗ កើតស្រែងស៊ីជុំជិត សាច់ពកធំៗដូចជាថ្ម ស្បែកក្រាស់គគ្រាត ស្លែដុះព្រោងព្រាត សក់ក្បាលពុកមាត់ និង ពុកចង្កាដុះដូច ព្រឹក្សា។
ពួកប្រេតប្រភេទនេះច្រើនរស់នៅតាមព្រៃជ្រៅ និង ភ្នំគិដ្បកូដ។ ប្រេតនេះផឹកទឹកមិនចូល ស៊ីបាយមិនរួច ព្រោះតែមាត់តូចពេក រស់នៅដោយភាពស្រេកឃ្លានរងកម្មវេទនាខ្លោចផ្សារ ក៏ព្រោះតែជាតិមុនមិនខិតខំសន្សំបុណ្យកុសល មានទ្រព្យ ប៉ុន្តែបង្អត់មិនទិញចំណីអាហារអីឲ្យមាតាបិតាពិសា គម្រិះម៉ៅស្វិតហួសកម្រិត។
ដូចនេះកុលបុត្រ កុលធីតាតាខ្មែរគ្រប់រូបត្រូវចិញ្ចឹមបីបាច់ ថែរក្សា ទំនុកបម្រុងលោកអ្នកមានគុណអោយបានល្អ ដើម្បីកុំឲ្យមានកម្មពារកើតជាប្រេត ដូចដែលបានរៀបរាប់ខាងលើ។ ការចាយទ្រព្យត្រឹមត្រូវតាមច្បាប់មាត្រាដើម្បីមាតាបិតា គឺមិនចេះក្រនោះឡើយ៕
អត្ថបទ៖ ចន្ថា