Conte ថាអត់បានគេងបន្តិចទេ តាំងពី Chelsea ចាញ់ Arsenal
- 2016-09-26 20:57:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ថាអត់បានគេងបន្តិចទេ តាំងពី Chelsea ចាញ់ Arsenal
ចន្លោះមិនឃើញ
Antonio Conte អ្នកចាត់ការក្រុម Chelsea បានលើកឡើងថា លោកពុំបានគេងបន្តិចទេ តាំងពីក្រុមតោខៀវរបស់លោក ចាញ់កាំភ្លើងធំ Arsenal ៣-០ នៅកីឡដ្ឋាន Emirates កាលពីយប់ថ្ងៃសៅរ៍មក ដោយសារលោកគិតច្រើន និងរកនឹកវិធីសាស្ត្រយ៉ាងណា ដើម្បីជួយក្រុមឲ្យខ្លាំងឡើងវិញ។
Antonio Conte អ្នកចាត់ការក្រុម Chelsea
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ ដឹកនាំ Chelsea ៣ប្រកួតរដូវកាលថ្មីដំបូង ឈ្នះទាំង៣ប្រកួត ប៉ុន្តែ៣ប្រកួតចុងក្រោយហាក់យ៉ាប់យ៉ឺនមែនទែន ដោយស្មើ Swansea City ២-២, ចាញ់ Liverpool ២-១ និងចាញ់ Arsenal ៣-០ ថែមទៀត។
Conte សញ្ជាតិអ៊ីតាលី វ័យ៤៧ឆ្នាំ បាននិយាយថា៖ "ប្រាកដណាស់ ខ្ញុំមិនបានគេងទេ។ បន្ទាប់ពីបរាជ័យប្រកួតនោះ វាជារឿងធម្មតាសម្រាប់ខ្ញុំ ដែលមិនបានគេង។ នៅពេលដែលក្រុមយើងលេងមិនល្អទាំងអស់គ្នា។ ខ្ញុំជាអ្នកទទួលខុសត្រូវដំបូងគេ បុគ្គលិករបស់ខ្ញុំទី២ និងបន្ទាប់មកគឺកីឡាករ។ វាពិតជាសំខាន់ណាស់ ដែលត្រូវយកបទពិសោធន៍មួយនេះ ធ្វើជាឱកាសដើម្បីស្វែងយល់ ហើយយើងចង់ត្រឡប់ទៅរកភាពខ្លាំងវិញយ៉ាងឆាប់រហ័សបំផុត”។
“ខ្ញុំមិនចង់ដាក់កំហុសលើខ្សែការពារ ខ្សែបម្រើ ឬខ្សែប្រយុទ្ធនោះទេ ព្រោះខ្ញុំគិតថា យើងចាញ់និងឈ្នះ គឺជាក្រុម។ យើងនៅមានចំណុចត្រូវបំពេញច្រើនទៀត បើយើងចង់បានចំណាត់ថ្នាក់ល្អ ហើយមិនមែនក្រុមនៅពាក់កណ្ដាលតារាង”។ Conte បានបញ្ជាក់៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ TheSun