ព្យុះទីហ្វុង Chaba ដ៏កម្រវាយប្រហារកូរ៉េខាងត្បូង
- 2016-10-06 15:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះទីហ្វុង Chaba ដ៏កម្រវាយប្រហារកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់បាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងឈ្មោះថា Chaba បានវាយប្រហារលើកោះជេជូ កាលពីល្ងាចថ្ងៃអង្គារ និងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃពុធម្សិលមិញ។
ក្នុងចំណោមអ្នកស្លាប់មានម្នាក់ជាបុរសវ័យ ៦០ឆ្នាំ ត្រូវទឹកជំនន់ហូរកួចយកទៅនៅមុខផ្ទះល្វែងមួយក្នុងទីក្រុងអ៊ូលសាន។ ប៉ុន្មាននាទីក្រោយមក សាកសពរបស់គាត់ត្រូវបានគេរកឃើញទើរលើបង្កាន់ដៃផ្លូវចម្ងាយប្រមាណ៦០ម៉ែត្រពីកន្លែងកើតហេតុ។ អ្នកពន្លត់អគ្គិភ័យម្នាក់បានព្យាយាមសង្គ្រោះមនុស្សនៅតំបន់ដាច់ស្រយាលក៏ត្រូវលង់ទឹកស្លាប់ដែរ។
មនុស្ស ២នាក់ បានស្លាប់នៅទីក្រុងភូសាន កាលពីព្រឹកថ្ងៃពុធ និងស្ត្រីម្នាក់ទៀតត្រូវកម្លាំងខ្យល់បក់ទម្លាក់ពីលើផ្ទះជាន់ទីពីរនៅស្រុកស៊ូយ៉ង់។ បុរសម្នាក់ផ្សេងទៀតបាត់ខ្លួន ក្រោយព្យាយាមជិះទូកនៅកំពង់ផែកោះជេជូ។
ផ្ទះសម្បែងពលរដ្ឋលើកោះប្រមាណ ៤៩០០០ខ្នង ត្រូវដាច់អគ្គិសនីប្រើប្រាស់ ក្រោយដើមឈើធំមួយបានបាក់សង្កត់បង្គោលភ្លើង។ ជើងហោះហើរ និងកប៉ាល់ជិះកម្សាន្តជាច្រើនត្រូវបានលុបចោល អ្នកដំណើរប្រមាណ ៦៥០០នាក់ត្រូវពន្យារពេលធ្វើដំណើរចេញពីព្រលានជេជូ។
ព្យុះទីហ្វុងនេះ ត្រូវគេចាត់ទុកថាជាព្យុះកម្លាំងខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០០៣មក ដោយមានល្បឿន ៥៦,២ម៉ែត្រក្នុងមួយវិនាទី ហើយមានកម្ពស់ទឹកភ្លៀង ៧០មិល្លីម៉ែត្រក្នុងមួយម៉ោងនៅតំបន់ភ្នំ Halla។
ព្យុះកំណាចខាងលើ បានធ្វើដំណើរដល់ទីក្រុងអ៊ូលសាន ដែលស្ថិតនៅភាគខាងជើងទីក្រុងភូសាន ៥៧គីឡូម៉ែត្រ កាលពីល្ងាចថ្ងៃពុធម្សិលមិញ បណ្ដាលឲ្យរថភ្លើងល្បឿនលឿន KTX ត្រូវផ្អាកជាច្រើន រួមទាំងហេដ្ឋារចនាសម្ពន្ធចរាចរណ៍ជាច្រើនត្រូវបានបំផ្លាញផងដែរ៕
ប្រែសម្រួល៖ឡេង ភារុណ ប្រភព៖ Koreatimes