ថន លក្ខិណា ត្រៀមទៅជួប មីយ៉ាន់ម៉ា ឡាវ នៅថៃ
- 2014-11-04 16:48:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថន លក្ខិណា ត្រៀមទៅជួប មីយ៉ាន់ម៉ា ឡាវ នៅថៃ
ចន្លោះមិនឃើញ
តារាសម្ដែងខ្មែរកញ្ញា ថន លក្ខិណា ត្រៀមនឹងហោះទៅប្រទេសថៃនៅថ្ងៃទី០៦ វិច្ឆិកាត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យអុំទុក អកអំបុក សំពះព្រះខែ និងលយប្រទីបដែលនឹងមកដល់ថ្ងៃស្អែកនេះ ដើម្បីជួបជាមួយតារាមកពីប្រទេសមីយ៉ាន់ម៉ា និងឡាវ។
ដំណើរនេះ ទាំងកញ្ញា ថន លក្ខិណា តារាខ្មែរយើង រួមជាមួយភូមា និងឡាវ នឹងចូលរួមសន្និសីទសារព័ត៌មានត្រៀមដាក់បញ្ចាំងខ្សែភាពយន្តមួយរឿងដែលពួកគេបានចូលរួមសម្ដែងរួមគ្នា គឺរឿង "The Return” ដែលបានចុះមកថតដល់ស្រុកខ្មែរកាលពីខែសីហា២០១៤នេះ ។ ពិធីការិនីរូបនេះ គ្រោងចេញដំណើរនៅម៉ោង ៦ព្រឹកតាមជើងយន្តហោះ ដើម្បីឲ្យទាន់កម្មវិធីសន្និសីទដែលធ្វើនៅពេលរសៀលថ្ងៃដដែល។
(រាប់ពីឆ្វេង)កញ្ញា ថន លក្ខិណា តារាឡាវ និងមីយ៉ាន់ម៉ា
"The Return” គឺជាលទ្ធផលនៃកិច្ចសហការរវាងម៉ាឡេស៊ី និងថៃដោយបានចំណាយទុនរាប់ម៉ឺនដុល្លារក្នុងការផលិត។ ដើមឡើយមានចំណងជើងថា "City of Ghost” ដែលនិយាយពាក់ព័ន្ធនឹងរឿងខ្មោចនៅតាមប្រទេសនានា ប៉ុន្តែក្រោយមកបានផ្លាស់ប្ដូរវិញ ដោយយោងលើហេតុផលពិបាកសុំសិទ្ធិថត និងបញ្ចាំងនៅតាមប្រទេសមួយចំនួន។ តាមកញ្ញា ថន លក្ខិណា រឿងនេះ បានថតនៅប្រទេសថៃ ខ្មែរ មីយ៉ាន់ម៉ា និងឡាវ ដូច្នេះពេលដាក់បញ្ចាំងក៏ត្រូវបញ្ចាំងនៅបណ្ដាប្រទេសទាំងនេះដែរ។
លក្ខិណា ដែលសម្ដែងជាតួឯកស្រីឈ្មោះ "Rose” ចាប់គូជាមួយតួឯកប្រុសជនជាតិថៃឈ្មោះ ឈូឆាត នៅឲ្យដឹងទៀតថា បន្ទាប់ពីសម្ពោធ និងដាក់បញ្ចាំងនៅប្រទេសថៃរួច "The Return” អាចនឹងត្រូវយកមកដាក់បញ្ចាំងនៅកម្ពុជា មុនទៅឡាវ និងមីយ៉ាន់ម៉ាទៀត។ យ៉ាងណា កញ្ញា មិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់លាស់ទេ។
ចេញដំណើរនៅថ្ងៃទី ០៦ វិច្ឆិកា ពិធីការិនីទូរទស្សន៍ CTN ថន លក្ខិណា គ្រោងនឹងត្រឡប់មកប្រទេសកំណើតវិញនៅថ្ងៃទី ១១ វិច្ឆិកា ដោយហួសផុតអស់ពិធីបុណ្យអុំទុក អកអំបុក សំពះព្រះខែ និងលយប្រទីបឆ្នាំ ២០១៤នេះ។ លក្ខិណា ថ្លែងថា នាងសោកស្ដាយដែលមិនបាននៅចូលរួមពិធីបុណ្យដែលខកខាន៣ឆ្នាំ និងទើបតែរៀបចំជាថ្មីឆ្នាំនេះ។
យ៉ាងណា ក្រៅពីដើម្បីចូលរួមសន្និសីទសារព័ត៌មានភាពយន្តរបស់ខ្លួន កញ្ញា អះអាងថា នៅមានភារសំខាន់មួយទៀត គឺត្រូវជូនម្ដាយនាងទៅព្យាបាលរោគាផង ដូច្នេះហើយទើបមិនអាចខានបាន៕
អត្ថបទផ្សេងទៀតពាក់ព័ន្ធនឹងតារាជាតិ មាននៅទីនេះ...!!!
អត្ថបទផ្សេងទៀតពាក់ព័ន្ធជុំវិញតារាជាតិ មាននៅទីនេះ...!!!
អត្ថបទ៖ ទារិកា