បង្ហាញ​ឲ្យ​ស្គាល់​ប្រវត្តិ​​ខ្លី អត្តពលិក​ឆ្នើម​​​ទាំង​៩​រូប​​រត់​កាន់​ភ្លើង​គប់​​​បើក​កីឡា​ជាតិ

  • 2016-10-18 19:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​ចាប់​ផ្ដើម​​ធ្វើ​​ពិធី​​បើក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ ​ដែល​ព្រឹត្តិការណ៍​​មិន​ធ្លាប់​មាន​នៅ​​កម្ពុជា​។  ​ព្រឹត្តិការណ៍​​​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ​​ក្នុង​ឱកាស​​​ធ្វើ​​កម្មវិធី​បើក​ព្រឹត្តិការណ៍​នេះ​ ដើម្បី​​​ទទួល​បាន​សមិទ្ធផល​ដូច​ទាំង​ស្រុង​ទៅ​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​NOCC ​បាន​សម្រេច​ជ្រើស​រើស​អត្តពលិក​ឆ្នើម​​ទសវត្សរ៍​៦០-៧០ និង​៨០ ព្រឹម​ទាំង​អត្តពលិក​ប្រជាប្រិយ​បច្ចុប្បន្ន​រត់​កាន់​ភ្លើង​គប់។

 

​អត្តពលិក​ឆ្នើម​ទាំង​​៩​រូប​រួម​មាន៖​ ១-​លោក​ព្រឹទ្ធាចារ្យ​កីឡា កែវ ថុន ​អាយុ​៨៨​ឆ្នាំ​​ជា​អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​​កីឡា​អត្តពលកម្ម​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​​ឆ្នាំ​១៩៦២។

 

 

២-​លោក​ព្រឹទ្ធាចារ្យ​កីឡា អៀត គីម​ហេង ​អាយុ​៧២​​ឆ្នាំ​ ជា​អតីត​ម្ចាស់​មេដាយ​មាស និង​សំរឹទ្ធ​កីឡា​ហែល​ទឹក​ ក្នុង​​ព្រឹត្តិការណ៍​​កីឡា​​អាស៊ី​​ឆ្នាំ​​១៩៦៥។

 

លោក អៀត គីម​ហេង ​(កណ្តាល)

៣​-​លោក​ព្រឹទ្ធាចារ្យ​កីឡា ប៉ែន ផាត អាយុ​៧២​​ឆ្នាំ​​​ អតីត​កីឡា​បាល់ទាត់​​ឆ្នើម​ទសវត្សរ៍ ៦០-៧០​។

 

 

៤-​លោក​​គ្រូ សោម សារ៉ន អាយុ​៦៩​ឆ្នាំ​ ​ម្ចាស់​មេដាយ​មាស​ ក្រុម​បាល់ទាត់​​កម្ពុជា​​ពាន​រង្វាន់ ប្រធាន​ធិបតី​កូរ៉េ​ឆ្នាំ​១៩៧២ និង​ជា​​អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​ទសវត្សរ៍ ៨០។

 

លោក សោម សារ៉ន (កណ្តាល)

៥-​លោក​គ្រូ​ តូ រិទ្ធីយ៉ា អាយុ​៥៦​ឆ្នាំ​​ អតីត​កីឡាករ​ម៉ារ៉ាតុង​ឆ្នើម​​ទសវត្សរ៍៨០-៩០​។

 

៦-​វីរ​​កីឡា​​ការិនី​ កែ ឡេង អាយុ​៥៣​ឆ្នាំ​​​ជា​​ម្ចាស់​មេដាយ​មាស​កីឡា​ប៉េតង់​ពិភព​លោក​​ឆ្នាំ​២០១៣-២០១៥​ និង​ជា​អតីត​​មេដាយ​មាស​​ ស៊ីហ្គេម ​ឆ្នាំ​២០០១​ ដែល​ជា​មេដាយ​មាស​ដំបូង​គេ​​​សម្រាប់​កម្ពុជា​​ក្នុង​ព្រឹត្តិការណ៍​​នេះ​​ក្រោយ​ឆ្នាំ​១៩៧៩​។

 

 

៧​-វីរ​កីឡា​ការិនី​​ ស៊ន សៀវម៉ី ​អាយុ​២១​ឆ្នាំ​ ​ម្ចាស់​មេដាយ​មាស​កីឡា​អូឡាំពិក​​អាស៊ី​ហ្គេម​ឆ្នាំ​២០១៤ ​ដែល​ជា​មេដាយ​មាស​ប្រភេទ​កីឡា​អូឡាំពិក​ដំបូង​កម្រិត​អាស៊ី​រយៈ​ពេល​​៦២​ឆ្នាំ​​ចាប់​តាំង​ពី​​កម្ពុជា​ចូល​ជា​សមាជិក​អូឡាំពិក​អន្តរជាតិ​ឆ្នាំ​១៩៥៥។

 

 

៨-​ ​កីឡាករ​បាល់ទាត់ ចាន់ វឌ្ឍនាកា ​មាន​អាយុ​២៣​ឆ្នាំ​ ជា​កីឡាករ​​ស្ថិត​ក្នុង​បេះដូង​យុវជន​ និង​មហាជន​ ដែល​គាំទ្រ​កីឡាករ​បាល់ទាត់​។

 

 

៩​-​កីឡាករ​បាល់ទាត់ ប្រាក់ មុន្នីឧត្ដម ​មាន​អាយុ​​២៥​ឆ្នាំ​ កីឡាករ​រូប​នេះ​ជា​កីឡាករ​ស្ថិត​ក្នុង​បេះដូង​អ្នក​គាំទ្រ​​​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

 

 

​សូម​បញ្ជាក់​ថា​ ការ​រត់​ភ្លើង​គប់​របស់​​អត្តពលិក​ឆ្នើម​ទាំង៩​រូប​នេះ​​ចាប់​ផ្ដើម​រត់​ដោយ​ទទួល​ភ្លើង​គប់​ពី​​សម្ដេច​អគ្គមហាសេនា​​​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​

អត្ថបទថ្មី