កង្កែប​ស្បែក​ជ្រួញ ជាង​១​ម៉ឺន​ក្បាល បាន​ងាប់​យ៉ាង​អាថ៌​កំបាំង នៅ​ប៉េរូ

  • 2016-10-19 21:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី​សត្វ​ព្រៃ នៅ​ក្នុង​ប្រទេស​ប៉េរូ កំពុង​បើក​ការស៊ើបអង្កេត លើ​ករណី​សត្វ​កង្កែប​ស្បែក​ជ្រួញ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​មួយ​ប្រភេទ ដែល​បាន​ងាប់​យ៉ាង​រង្គាល នៅ​ក្បែរ​ព្រំដែន​ប្រទេស​បូលីវី។

 

 

ក្រុម​អ្នក​ស្រុក បាន​ប៉ាន់​ស្មាន​ថា សាកសព​កង្កែប​ប្រមាណ​ជា ១០ ០០០​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក នៃ​បឹង «Lake Titicaca» និង​ទន្លេ​ដែល​នៅ​ជាប់​គ្នា​នោះ គឺ​ទន្លេ «Coata River» ស្ថិត​នៅ​ភាគ​ខាងត្បូង ប្រទេស​ប៉េរូ។ ការ​ងាប់​យ៉ាង​រង្គាល របស់​សត្វ​កង្កែប​ស្បែក​ជ្រួញ ដែល​ជិត​ផុត​ពូជ ប្រភេទ «Scrotum Frog» នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់ នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​បាន​ជឿជាក់​ថា វា​បណ្ដាល​មក​ពី​ការ​បំពុល​ទឹក។

 

 

គួរ​បញ្ជាក់​ថា សត្វ​កង្កែប​ប្រភេទ​នេះ រស់​នៅ​តែ​នៅ​ក្នុង​ទឹកបឹង «Lake Titicaca» ដែល​ជា​បឹង​ធំ​បំផុត នៅ​អាមេរិក​ខាងត្បូង តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវ​បាន​ហូរ​ចាក់​ទៅ​ក្នុង​ទន្លេ​ក្បែរ​នោះ។

 

 

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​ការពារ​បរិស្ថាន មាន​ឈ្មោះ​ថា «Committee Against the Pollution of the Coata River» បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា មិន​បាន​អើពើ​ចំពោះ​ការ​បំពុល​ធ្ងន់ធ្ងរ ទៅ​លើ​ទឹកទន្លេ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ករណី​បែប​នេះ។

 

 

គួរ​ឲ្យ​ដឹង​ដែរ​ថា សត្វ​កង្កែប «Scrotum Frog» ត្រូវ​បាន​គណៈ​អភិបាល​នៃ​តំបន់​ការពារ «International Union for Conservation of Nature» ចាត់​ទុក​ថា ជា​សត្វ​ដែល​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ ដោយ​ប៉ាន់ប្រមាណ​ថា ចំនួន​សត្វ​កង្កែប​ប្រភេទ​នេះ បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៨០​ភាគរយ ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

កង្កែបស្បែកជ្រួញ ប្រភេទ «Scrotum Frog»

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail

អត្ថបទពេញនិយម