ប្រជាជន​នៅ​តែ​បារម្ភ​រឿង​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​មិន​ទាន់​បាត់

  • 2014-11-04 23:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុនមួយ​ថ្ងៃ ​នៃ​ពិធី​បុណ្យ​អុំទូក​មក​ដល់ ប្រជាជន​​មួយ​ចំនួន​សម្ដែង​ការ​ភ័យ​ខ្លាច​ពី​​ហេតុ​ការណ៍​​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​​ ២២ វិច្ឆិកា ២០១០​ នៅ​ឡើយ។​

 

លោក ​ប៊ុន​ ឡេង អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​បាន​និយាយ​ថា លោក​នូវ​តែ​ចង​ចាំ​មហា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​នេះ​ជានិច្ច ហើយ​លោក​​នៅ​តែ​ខ្លាច​និង​មិន​ចង់​ដើរ​លេង​នៅ​កោះ​ពេជ្រ​ពេល​អុំ​ទូក​ហ្នឹង​ទេ ព្រោះ​គិត​ថា​ មិន​មាន​សុវត្ថិភាព។

 

មិន​ខុស​គ្នា​ប៉ុន្មាន លោក ពេជ្រ បុគ្គលិក​នៅ​ក្រុម​ហ៊ុន Beeline ប្រាប់​ថា​ ដោយសារ​តែ​ខ្លាច​ជួប​រឿង​មិន​ល្អ ដូច្នេះ​ឆ្នាំ​នេះ​មិន​ដើរ​ទៅ​ណា​ទេ​គឺ​នៅ​ផ្ទះ។ លោក​បន្ត​ថា៖ "រឿង​ហេតុការណ៍​នៅ​កោះ​ពេជ្រ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​តែ​ដក់​ជាប់ ​និង​ ចង​ចាំ​អត់​មាន​ភ្លេច​សោះ ព្រោះ​មាន​​មនុស្ស​ស្លាប់​ច្រើន។ ខ្ញុំ​គិត​ថា​ អុំ​ទូក​ខាន​បី​ឆ្នាំ​ហើយ ដូច្នេះ​ឆ្នាំ​នេះ​ប្រហែល​មាន​មនុស្ស​មក​ច្រើន ដល់​អញ្ចឹង​ចេះ​តែ​បារម្ភ​មិន​ចង់​ដើរ​ទៅ​ណា​ឡើយ"។

 

 

​​​​​​ចំណែក​ លោក​ វិសាល បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​រៀប​រាប់​ថា អុំ​ទូក​ឆ្នាំ​នេះ ​លោក​ទៅ​លេង​ស្រុក មិន​បាន​នៅ​លេង​ភ្នំពេញ​ឡើយ ​មិន​មែន​ភ័យ​ខ្លាច​រឿង​​ជាន់​គ្នា​ហ្នឹង​ទេ ​ ​តែទោះយ៉ាងណា​លោក​​​នៅ​តែ​នឹក​ឃើញ​ហេតុការណ៍​នេះ​​មិន​ភ្លេច​ដែរ ​។ ព្រឹត្តិការណ៍​នេះ​​ ​រំលង​ទៅ ៣ -៤ ឆ្នាំ​ ដូច្នេះ​ប្រជាជន​គួរ​​រំសាយ​ចិត្ត​ខ្លះ​ហើយ បើ​នៅ​តែ​ខ្លាច​និង​ទុទិដ្ឋិនិយម បុណ្យ​ទាន​នៅ​ស្រុក​ខ្មែរ​ប្រាកដ​ជា​គ្មាន​មនុស្ស​ដើរ​លេង​ឡើយ។

 

"បើ​មិន​ចង់​មាន​រឿង​ទៀត មិន​គួរ​នាំ​គ្នា​ដើរ​លេង​ពេល​ល្ងាច​ទេ ពិសេស​ចាប់​ពី​ម៉ោង ​៦ ល្ងាច​ឡើង​ទៅ ព្រោះ​ម៉ោង​នេះ​មាន​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​ដើរ​លេង និង​ទិញ​អីវ៉ាន់​ព្រម​ទាំង មើល​តារា​ល្បី​ៗ​ច្រៀង។ យក​ល្អ​គួរ​ដើរ​លេង​ពេល​ព្រឹក​ព្រោះ​ត្រជាក់​ស្រួល​ខ្យល់​អាកាស​ល្អ និង​មាន​សុវត្ថិភាព​ជាង"។

 

សុមអាន៖ ទីតាំង​​១២​កន្លែង​ត្រូវ​ដឹងបើដួលសន្លប់ឬគ្រេាះថ្នាក់​ពេល​ដើរ​​​លេង​អុំទូក​ស្អែក​នេះ

 

សម្រាប់​អតីត​និស្សិត​ជំនាញ សង្គមវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក នូ​ រដ្ឋា បញ្ចេញ​ទស្សនៈ​ថា​ លោក​នូវ​តែ​មាន​ការ​បារម្ភ ព្រោះ​រដ្ឋាភិបាល​ក៏​ដូច​ជា​សមត្ថកិច្ច​ហាក់​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់​គ្រង​ស្ថានភាព​ហើយ​ពុំ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ទាំង​អស់​នោះ​ទេ។

 

​​​ឧបទ្ទវ​ហេតុ​នៅ​បរិវេណ​ស្ពាន​ពេជ្រ​ នៃ​តំបន់​កោះ​ពេជ្រ​ដែល​ជន​រងគ្រោះ​ស្លាប់ ​គឺ​បណ្ដាល​មកពី​ការ​រត់​ជាន់ និង​ ដេក​ដួល​លើ​គ្នា ព្រមទាំង​កង្វះ​ខ្យល់​អុកស៊ីហ្សែន ​នា​យប់​ថ្ងៃ​ទី ​២២ ខែ​វិច្ឆិកា ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ ប្រមាណ​ ៣៤៩ នាក់​ស្លាប់ និង ​ជាង​៧០០នាក់​ទៀត​បាន​រង​របួស។

 

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញធ្លាប់​​បាន​ប្រាប់​ Sabay ថា​ ដើម្បី​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាលារាជធានី​ភ្នំពេញ​ នឹង​ដាក់​ពង្រាយ​​សមត្ថកិច្ច​ចម្រុះ​ជិត​១​ម៉ឺន​នាក់ ​នៅ​តាម​គោល​​ដៅ​​​ផេ្សង​ៗ​គ្នា ​រួម​ទៅ​នឹង​ផែន​ការ​ច្បាស់​លាស់​មួយ​ ដោយ​​ផ្អែក​លើ​បទ​ពិសោធន៍​ ដែល​​​ធ្លាប់​ឆ្លង​កាត់​នា​ពេល​កន្លង​មក​។

 

លោក​ ឡុង​ ឌីម៉ង់​ បន្ថែម​៖ “​បុណ្យ​អុំទូក​បី​​ថ្ងៃ​នេះ ​នឹង​មាន​ប្រជាពលរដ្ឋ​​មិន​ក្រោម​២​លាន​នាក់​ទេ​ សម្រុក​មក​រាជធានី​ភ្នំពេញ។ ដូច្នេះ យើង​​បាន​​រៀប​ចំ​ផែន​ការ​ច្បាស់​លាស់​រួច​ហើយ​ ដើម្បី​ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​”​។

 

ក្រោយ​ឧបទ្ទវហេតុ​ប៉ុន្មាន​ម៉ោង​តាម​កញ្ចក់​ទូរទស្សន៍ សម្ដេច​អគ្គ​ម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ជា​បន្ត​បន្ទាប់​នៅ​វេលា​រំលង​អធ្រាត្រ និង ​វេលា​ទៀបភ្លឺ​ស្ដីពី​ឧបទ្ទវ​ហេតុនេះ និង​ បាន​ប្រកាស​យក​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​កាន់​មហា​ទុក្ខ​ទូ​ទាំង​ប្រទេស ដោយ​គ្រប់​ស្ថាប័ន​រដ្ឋ គ្រឹះ​ស្ថាន​សាធារណៈ​ និង ​គ្រឹះស្ថាន​ឯកជន​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ជា​និ​មិត្ដ​សញ្ញា​នៃ​ការ​កាន់ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ។ ជន​រងគ្រោះ​ដែលស្លាប់​គឺ​បណ្ដាល​មកពី​ការ​រត់ជាន់ និង​ដេកដួល​លើគ្នា ព្រមទាំង​កង្វះ​ខ្យល់​អុកស៊ីហ្សែន។

 

សូមអាន៖ ជិត​១​ម៉ឺន​នាក់​ត្រៀម​​ការ​ពារសន្តិសុខ​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ

 

អត្ថបទ៖ លឹម សុ​នា