៣ យ៉ាងដែលរដ្ឋមន្ត្រី ត្រូវដោះស្រាយរឿងកីឡាជាតិ នៅពេលខាងមុខ
- 2014-11-04 23:29:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ យ៉ាងដែលរដ្ឋមន្ត្រី ត្រូវដោះស្រាយរឿងកីឡាជាតិ នៅពេលខាងមុខ
ចន្លោះមិនឃើញ
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានកំណត់កត្តាសំខាន់ចំនួន ៣ យ៉ាងដើម្បីជាស្ពាននាំកីឡាជាតិឱ្យកាន់តែប្រសើរទៅមុខ និងអាចប្រកួតប្រជែងដណ្ដើមមេដាយលើឆាកអន្តរជាតិ។
ឯកឧត្តម ហង់ ជួនណារ៉ុន ថ្លែងនៅព្រឹកមិញ
ការបង្ហើបឱ្យដឹងរបស់ឯកឧត្ដម ក្នុងពិធីសំណេះសំណាលជាមួយកីឡាករជម្រើសជាតិកម្ពុជា ក្នុងវិមានពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ ២០១៤ នេះ។ សម្រាប់កត្តាដំបូង ចាំបាច់ត្រូវមានការហ្វឹកហាត់ត្រឹមត្រូវ គួបផ្សំគម្រោងច្បាស់លាស់មុនចាកចេញទៅប្រកួតនៅក្រៅប្រទេស។ ជាក់ស្ដែងក្រុមកម្ពុជា កំពុងតែត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នៅខែធ្នូ ចុងឆ្នាំ ឯប្រទេសឥណ្ឌូណេស៊ី និង ត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០១៥ នៅសិង្ហបុរី។
ចំណែកចំណុចទី២ លោកនឹងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីដំឡើងប្រាក់ខែ ,ប្រាក់ចំណីអាហារ និង ប្រាក់បេសកកម្មទៅប្រកួតនៅក្រៅប្រទេសដល់កីឡាករឱ្យបានច្រើនជាងមុន និង អាចទទួលយកបាន។ កន្លងមកប្រាក់ខែ កីឡាករជម្រើសជាបានត្រឹមតែ ២៥ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ ហើយ ២ ម៉ឺន ៨ ពាន់រៀល សម្រាប់អាហារមួយថ្ងៃ (៣ ពេល) និង ប្រាក់ ២០ ដុល្លារអាមេរិក ក្នុង១ ថ្ងៃក្នុងបេសកកម្មទៅប្រកួតនៅក្រៅប្រទេស។
សម្រាប់ចំណុចចុងក្រោយគឺបើកឱ្យមានការប្រកួតកម្រិតជើងឯកថ្នាក់ជាតិឱ្យកាន់តែទូលំទូលាយ ចំពោះកីឡាពាក់ព័ន្ធដែលត្រៀមខ្លួនទៅចូលរួមប្រកួតនៅអន្តរជាតិ។
ជាមួយគ្នានេះឯកឧត្ដម បានបើកឱ្យមានកាលើកឡើងពីបញ្ហាប្រឈមនានា របស់កីឡាករ គ្រូបង្វឹក និង ថ្នាក់ដឹកនាំតាមសហព័ន្ធនានា និងដោះស្រាយភ្លាមៗ ផងដែរ៕
អត្ថបទ៖ ម៉ឺន រស្មី