សម្ល​ម្ជូរ​ពោះ​គោ​នៅ​ផ្សារ​ថ្នល់​ទទឹង​ល្បី​ឆ្ងាញ់ អ្នក​ទិញ​បន្ត​​គ្នា​អត់​ដាច់

  • 2016-10-23 22:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

សម្ល​ម្ជូរ​ពោះ​គោ​ផ្សារ​ថ្នល់​ទទឹង​ល្បី​ថា​ឆ្ងាញ់​គួរសម រហូត​ដល់​អ្នក​ដំណើរ​ឆ្លង​កាត់​នាំ​គ្នា​ឈប់​ឡាន​ទិញ​ផ្ញើ​អ្នក​ផ្ទះ​ជា​ហូរហែ។ ទីនេះ​មិនមែន​ជា​ភោជនីយដ្ឋាន ឬ​ហាង​អ្វី​ធំ​ដុំ​ទេ ​គ្រាន់​តែ​ជា​តូប​តូច​ប្រក់​ស្លឹក​ជាប់​គ្នា​ប្រមាណ​ជា ២០កន្លែង អម​សង​ខាង​ផ្លូវ ​រក​ស៊ី​លក់​បាយ​សម្ល​ធម្មតា​ប៉ុណ្ណោះ។

 

 

គ្រប់​តូប ដែល​នៅ​ជាប់​គ្នា​នោះ លក់​តែ​សម្ល​ម្ជូរ​ពោះ​គោ​ដូច​គ្នា​ទាំងអស់ ដែល​ជា​មុខ​ម្ហូប​មួយ​ដ៏​ល្បី​ប្រចាំ​តំបន់។ អ្នក​ស្រី សន នឹម ជា​ម្ចាស់​តូប​លក់​អាហារ​មួយ​កន្លែង​នៅ​ផ្សារ​ថ្នល់​ទទឹង​ប្រាប់ Sabayថា មួយ​ថ្ងៃ​គាត់​ទិញ​ពោះ​គោ​អស់ ៥គីឡូក្រាម មក​ស្ល​ម្ជូរ​លក់​ដើម្បី​បាន​ប្រាក់​ចំណេញ​ខ្លះ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ភាគ​ច្រើន​គឺ​លក់​ដាច់​អស់​មិន​ដែល​សល់​ឡើយ។

 

ម្ចាស់​តូប​ដដែល​រៀប​រាប់​ថា​សម្ល​ម្ជូរ​ឆ្ងាញ់​សំខាន់​គឺ​លើ​ការ​ផ្សំ​គ្រឿង​អោយ​បាន​ល្អ​រួម​មាន​ប្រហុក(យក​ប្រហុក​ឆ្ងាញ់​លេខ១) ម្ជូរ​ក្រសាំង រមៀត ស្លឹកគ្រៃ​ មើម​ខ្ទឹម ស្លឹក​ក្រូច​បុក​បញ្ចូល​គ្នា​អោយ​ម៉ត់។រីឯ​របៀប​ធ្វើ​វិញ គឺ​ហាន់​ពោះ​គោ​ដាក់​ក្នុង​ឆ្នាំង​រួច​ចិញ្ច្រាំ​ប្រហុក​ដាក់​ពី​លើ ហើយ​កូ​លាយ​គ្រឿង​បញ្ចូល​គ្នា​ បន្ទាប់​មក​ថែម​ទឹក​បន្តិច​ដាក់​លើ​ចង្ក្រាន រម្ងាស់​អោយ​ឆ្អិន​រយៈពេល ២០នាទី។

 

ក្រោយ​មក​ទៀត យើង​អាច​ថែម​ទឹក​កុំ​អោយ​វា​គោក​ពេក និង​រម្ងាស់​អោយ​ពុះ​ជា​ការ​ស្រេច។ទោះ​បី​យ៉ាង​ណា អ្នក​លក់​រូប​នេះ​បញ្ជាក់​ថា​សម្ល​ម្ជូរ​នេះ​ឆ្ងាញ់​មិន​ឆ្ងាញ់​នៅ​លើ​ប្រហុក រួម​ទាំង​ទឹក​ដៃ​ប៉ិនប្រសប់​នៃ​ចុងភៅ​ផង​ដែរ។

 

ក្នុងមួយថ្ងៃ អ្នកស្រី នីម អាច​រក​ចំណូល​បាន ៥ម៉ឺនរៀល ពី​មុខ​របរ​នេះ ប៉ុន្តែ​បើ​ថ្ងៃ​ណា​លក់​ដាច់​ខ្លាំង​អាច​បាន​ជិត ១០ម៉ឺន​រៀល។ ចំណែក​អតិថិជន​របស់​គាត់​ភាគ​ច្រើន​អ្នក​ដំណើរ ជា​ពិសេស​ថ្ងៃ​ចុង​សប្ដាហ៍​សំបូរ​ភ្ញៀវ​ឆ្លង​កាត់​ទីនេះ។ អ្នក​ចូលចិត្ត​សម្ល​ម្ជូរ​ខ្មែរ សូម​អញ្ជើញ​មក​ភ្លក់​រសជាតិ!

 

 

អត្ថបទ៖ ជិន វេន រូបថត៖ ទូរសព្ទដៃ