ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​ថៃ ​ស្លៀក​ពាក់​ឈុត​ខ្មៅ​​ដើម្បី​កាន់​ទុក្ខ​​ស្ដេច

  • 2016-10-25 16:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្កាត់​ភ្លើង​ពណ៌​នៅ​ក្រុងបាងកក​​ បាន​ចាប់ផ្ដើម​បើក​ដំណើរ​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ គឺ​រយៈពេល​​១០​​ថ្ងៃ ក្រោយ​​ព្រះ​​មហាក្សត្រ​ថៃ ភូមិបុល សោយ​ទិវង្គត តែ​អ្វី​​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ក្រុម​ស្ត្រី​​បម្រើ​​សេវាកម្ម​ផ្លូវ​ភេទ​ បាន​ស្លៀក​ពាក់​​ឈុត​ពណ៌​ខ្មៅ​ ដើម្បី​កាន់​ទុក្ខ។

 

​រំលង​​តែ​ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​ព្រះ​ចៅ​ ភូមិបុល សោយ​ទិវង្គត ​គេ​​ឃើញ​​​​ស្ត្រី​រកស៊ី​​ផ្លូវ​ភេទ​ជា​ច្រើន​នាក់ ​បាន​ឈរ​តម្រង់​ជួរ​​គ្នា​​​ត្រៀបត្រា​​ក្នុង​សំលៀក​​បំពាក់​ខ្លីៗ​​ ខើច​លើ​ខើច​ក្រោម​ ស្បែង​ជើង​ក​វែង​ ឬ​កែង​ពណ៌ខ្មៅ ជា​សញ្ញា​​ពួក​គេ​​ចូល​រួម​កាន់​ទុក្ខ។

 

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីក្រុង​បាង​កក​​អាយុ​ ២៦​ឆ្នាំ​ម្នាក់​​និយាយ​ថា​ "​វា​​នៅ​តែ​ស្ងាត់​។ គ្រប់​គ្នា​​កំពុង​​ក្រៀមក្រំ ព្រោះ​​មហាក្សត្រ​សោយទិវង្គត។ ​ប៉ុន្តែ​​យើង​​​​នៅ​បន្ត​​ធ្វើ​ការ​ដើម្បី​រក​ប្រាក់ គ្មាន​ការងារ​ណា​​យើង​អាច​ធ្វើ​បាន​​ក្រៅ​ពី​នោះ​ទេ។ យើង​ត្រូវ​តែ​​ចេញ​ទៅ​ក្រៅ​ហៅ​ភ្ញៀវ​ ​ដើម្បី​ប្រាក់"។

 

ស្ត្រី​​វ័យ​២៤​ឆ្នាំ​ម្នាក់​ទៀត ​បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ​ថា "​​យើង​ស្លៀក​ពាក់​ខ្មៅ​​​ដើម្បី​ជា​ការ​គោរព ហើយ​យើង​​មិន​​ស្លៀក​ពាក់​ពណ៌​​ឆើត​ឆាយ​ទេ។ ប្រហែល​ ២សប្ដាហ៍​ទៀត ​យើង​​អាច​​ត្រលប់​មក​ធម្មតា​វិញ​​ហើយ​។ អាជ្ញាធរ​ បាន​យល់​​​ពី​បញ្ហា​ប្រ​ឈម​​នេះ​ ហើយ​អនុញ្ញាត​ឲ្យ​ពួក​យើង​​​រក​ស៊ី​ឡើង​វិញ"។ ​បារ ក្លឹប​កម្សាន្ត​ជា​ច្រើន​​បាន​បើក​ឡើង​វិញ​ ប៉ុន្តែ​​ភ្លើង​ពណ៌​មិន​ត្រូវ​ភ្លឺ​ខ្លាំង​ តន្ត្រី​ចាក់​តិចៗ​ ​កន្លែង​រាំ​ច្រៀង ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត​ទៀត​ផង​។

 

​បើ​តាម​ការ​ប្រកាស​​លើក​​មុន​​របស់​អាជ្ញាធរ​ សេវា​កម្ម​​​កម្សាន្ត​​គ្រប់​ប្រភេទ​​​ ត្រូវ​បាន​​ហាមប្រាម​រយៈ​ពេល​ ៣០​​ថ្ងៃ​​​ នៅ​​​តាម​​ទីតាំង​ទេសចរណ៍​​​ពេញ​និយម​នានា រួម​ទាំង​ពិធី​ជប់​លៀង​ តន្ត្រី​សប្បាយ​ៗ​​ផ្សេង​ទៀត​ ត្រូវ​បាន​ពន្យារពេល ឬ​លុប​ចោល​អស់​ដែរ។ ចំណែក​ប្រជាជន​ទូទាំង​​ប្រទេស​ ត្រូវ​គេ​អំពាវ​នាវ​ឲ្យ​ស្លៀក​​ឈុត​ខ្មៅ​ទាំងអស់​៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail