Ryan Giggs រិះគន់​កីឡាករ​ Man Utd ​រឿង​ដូរ​អាវ​ ក្រោយ​ចាញ់​ Chelsea

  • 2016-10-25 17:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs ​វីរបុរស​ក្លឹប​ Manchester United ​បាន​រិះគន់​​កីឡាករ​ក្រុម​បិសាច​​ក្រហម​ Zlatan Ibrahimovic និង​ Anthony Martial ​ចំពោះ​​កាយ​វិការ​​​របស់​ពួកគេ​​ ក្រោយ​ចប់​ការ​ប្រកួត ​​​ពេល​ចាញ់​ក្រុម​តោ​ខៀវ​ Chelsea ​៤-០ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

 

Ryan Giggs ​វីរបុរស​ក្លឹប​ Manchester United

 

ក្រោយ​ចប់​ការ​ប្រកួត​ Zlatan ​​បាន​ដូរ​អាវ​ជាមួយ​ Eden Hazard ខ្សែ​បម្រើ​ក្រុម​ Chelsea ​ដោយ​បញ្ចេញ​ទឹក​មុខ​​សើច​​សប្បាយ​ ​ខណៈ​ដែល​ Martial ​បាន​ដើរ​ចេញ​ពី​ទីលាន​ ដោយ​ឱប​​មិត្ត​រួម​ជាតិ​ N'Golo Kante ​យ៉ាង​ស្និទ្ធស្នាល។ ចំណុច​ទាំង​នេះ​ ធ្វើ​ឲ្យ​ Giggs ​ដែល​ធ្លាប់​ចំណាយ​ពេល​ ២៩​ឆ្នាំ​នៅ​ក្លឹប​ Man Utd ​មិន​ពេញ​ចិត្ត​ឡើយ។

 

“នៅ​ពេល​ដែល​អ្នក​ចាញ់​​ក្នុង​ការ​ប្រកួត​បាល់ទាត់ ​ហើយ​អ្នក​ដោះដូរ​អាវ​ នោះ​ជា​​រឿង​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ទេ។ បើ​អ្នក​ចាញ់​ ៤-០ អ្នក​គួរ​អបអរ​ដៃ​គូ​ប្រកួត​ ​អរគុណ​ដល់​អ្នកគាំទ្រ ហើយ​ដើរ​ចេញ​ពី​ទីលាន... អ្នក​មិន​គួរ​ឈរ​នៅ​លើ​ទីលាន​​ហើយ​​ដោះដូរ​អាវ ​និង​សើច​ជាមួយ​កីឡាករ​ក្រុម​ផ្សេង ដែល​ឈ្នះ​ក្រុម​អ្នក​ទេ”។ Giggs ​បាន​ប្រាប់​ដល់​ Premier League TV។

 

Zlatan (ស្តាំ) ដូរ​អាវជាមួយ Hazard ​និង​សើច​ ក្រោយ​ចប់​ការ​ប្រកួត

 

Martial (ស្តាំ) ឱប​មិត្ត​រួម​ជាតិ​ Kante ក្រោយ​ចប់​ការ​ប្រកួត

 

Zlatan ​អតីត​តារា​ឆ្នើម​ក្រុម​ PSG ​ខក​ខាន​រក​គ្រាប់​ឲ្យ​ក្រុម​ Man Utd ​៥​ប្រកួត​ហើយ​នៅ​ Premier League ​ខណៈ​ដែល​ Martial ​ដែល​ដូរ​ជំនួស​ Jesse Lingard ​បន្ទាប់​ពី​នាទី​៦៥ ​កាល​ប៉ះ​ Chelsea ​ក៏​មិន​អាច​ស្វែង​រក​​គ្រាប់​ឲ្យ​ក្រុម​លោក​ Jose Mourinho ​បាន​​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail