ទឹកធ្លាក់៣២ជាន់ ប្រៀបដូចត្បូងប៉ៃលិនមិនទាន់ច្នៃ
- 2016-10-27 16:20:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់៣២ជាន់ ប្រៀបដូចត្បូងប៉ៃលិនមិនទាន់ច្នៃ
ចន្លោះមិនឃើញ
ភ្នំក្បាលដំរី មានទឹកធ្លាក់ ៣២ ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ។ ត្បូងមិនទាន់ច្នៃសំដៅដល់សម្រស់គ្រប់យ៉ាងនៅធម្មជាតិទាំងអស់ដែលធ្វើឲ្យផ្លូវឡើងភ្នំមានការលំបាក គឺឡានមិនអាចបើកបរបាននោះទេ ដោយភ្ញៀវត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល២ម៉ោង ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ទើបដល់ទឹកធ្លាក់ទី ៣០ ឬ ៣២។
នៅក្នុងអំឡុងនៃការធ្វើដំណើរដោយថ្មើរជើងភ្ញៀវទាំងឡាយនឹងរំលស់អស់ទុក្ខកង្វល់ តាមរយៈការស្រូបខ្យល់អាកាសបរិសុទ្ធពីព្រៃភ្នំ ហើយនឹងអាចឃើញទិដ្ឋភាព នៃការរស់នៅរបស់អ្នកភូមិ និងដើមឈើហូបផ្លែ រួមទាំង ដំណាំផ្សេងៗ ដូចជា ដំឡូងមី ចម្ការទុរេន ចម្ការស្វាយ តាង៉ែន ចេក ជាដើម។ ជាពិសេសពេលធ្វើដំណើរជិតដល់គោលដៅ ភ្ញៀវទេសចរណ៍ទាំងឡាយនឹងលាន់ឮស្នូរទឹកហូររហឹមៗពីដំណាក់មួយទៅដំណាក់មួយ លាយឡំនឹងសំឡេងបក្សាបក្សី រណ្ដំត្រចៀក ប្រៀបបាននឹងកំពុងស្ដាប់ភ្លេងបែបធម្មជាតិរុញច្រានទុក្ខកង្វល់របស់ប្រិយមិត្តរសាត់ចេញពីខ្លួនប្រាណ។
រមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់ ត្រូវបានអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃ ព្រោះអ្វីៗ នៅស្រស់ស្អាតទាំងអស់នៅមិនទាន់មានការកែច្នៃ ដោយនៅសេសសល់ព្រៃឈើច្រើន និង ទឹកធ្លាក់ត្រជាក់ស្ទើរតែអាចក្លាសេភេសជ្ជៈយ៉ាងត្រជាក់មិនចាញ់ទឹកកកឡើយ។
លោក ពីង ផល្លា អ្នកនាំភ្ញៀវប្រចាំ ម៉េម៉ូរីយ៉ា ផាឡេស បានប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" ថា រមណីយដ្ឋាននេះ មានលក្ខណៈពិសេសគឺនៅសល់ព្រៃឈើច្រើន ហើយអ្នកភូមិប្រកបរបរធ្វើចម្ការ ដោយបានដាំដំណាំហូបផ្លែនៅតាមផ្លូវជាច្រើន ដែលធ្វើឲ្យភ្ញៀវធ្វើដំណើរមិនហត់នឿយ រួមផ្សំនឹងភាពរួសរាយរាក់ទាក់របស់អ្នកភូមិផងដែរ។ "អ្នកភូមិនៅទីនេះរួសរាយខ្លាំងណាស់ នៅពេលឃើញភ្ញៀវដើរឆ្លងកាត់រមែងស្រែកសួរ ហើយជួនកាលពួកគាត់ឲ្យផ្លែឈើញុំាហ្រ្វីៗក៏មាន"។
ទស្សនាវីដេអូ
អ្នកនាំភ្ញៀវរូបនេះ បានរៀបរាប់ទៀតថា រៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃបុណ្យទានធំៗ គឺមានភ្ញៀវមកទស្សនានៅទីនេះប៉ុន្ដែភាគច្រើនគឺក្រុមនិស្សិត ឬ ភ្ញៀវបរទេស ដែលចូលចិត្តមកទស្សនាបែបផ្សងព្រេងរុករករបស់ធម្មជាតិ។
លោក ពីង ផល្លា បានសម្ដែងក្ដីសង្ឃឹមថា រមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់នេះ នឹងមានការកែច្នៃតិចតួច ជាពិសេសការស្ថាបនាផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវគ្រប់ប្រភេទអាចមកទស្សនា រមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់ ដែលមានចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីរួមខេត្តមួយនេះ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា