ពាក្យ​ខុស​បច្ចេក​ទេស​លែង​មាន​ទៀត​ហើយ ឥឡូវ​​ អាជ្ញាធរ​បញ្ជា​ឲ្យ​​ដក​កំណាត់​ដែក​អស់ហើយ

  • 2014-11-05 16:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណាត់​ដែក​ស្រួច​នៅ​លើ​សួន​ច្បារ ​ដែល​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​សង្គម Facebook ដែល​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​ព្រោង​ព្រាត ដោយ​សារ​វា​អាច​ធ្វើ​ឲ្យ​មុត​ជើង​អ្នក​ដំណើរ​នោះ ឥលូវ​នេះ​នៅ​ល្ងាច​មិញ​ និង​ ព្រឹក​នេះ អាជ្ញាធរ​បាន​ដើរ​ដក​រួច​អស់​ហើយ។

កំណាត់​ដែក​ទាំង​នោះ គេ​ដាក់​ជា​ជន្ទល់​ទ្រ​ព្រះ​ឆ​យា​ល័ក្ស ឬ​បដា​ថ្វាយ​ព្រះ​ពរ​នានា តែ​ពេល​ក្រោយ​ចប់​ពិធី ក្រុម​កម្មករ​របស់​អ្នក​ម៉ៅ​ការ​របស់​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជាតិ​ មិន​បាន​ដក​ចេញ​ពី​ក្នុង​ដី​ គេ​គ្រាន់​តែ​កាត់​តម្រឹម​ត្រឹម​គល់​រួច​យក​បដា​ទាំង​នោះ​ចេញ​ដោយ​មិន​បាន​ដក​បង្គោល​ទាំង​នោះ​ចេញ​ពី​ក្នុង​ដី​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្នុង​សង្គមFacebook។

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ម្នាក់​បាន​បញ្ចេញ​មតិ​ថា ​ចាំ​ដល់​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ដោយ​សារ​តែ​រឿង​មិន​យក​ចិត្ត​ដាក់​អា​បន្តិច​បន្តួច​ហ្នឹង ​ហើយ​មាន​លេះ​ថា​ខុស​បច្ចេកទេស​មែន​ទេ!!! ។

 

​ចំណែក ម្នាក់​ទៀត​បាន​បញ្ចេញ​មតិ​ថា ​​​​​​​សំណាង​ហើយ​មាន​គេ​ថត​មក post នៅ​លើ​ Facebook កុំ​អី​មាន​អ្នក​គ្រោះ​ថ្នាក់​ទៀត​ហើយ ។ ហើយ​ដូច​រាល់​ដង គ្មាន​អ្នក​ទទួល​ខុស​ត្រូវ? អ្នក​ណា​អ្នក​ទទួល​បន្ទុក​មើល​ក្រុម​កម្មករ​នោះ?

 

កំណាត់​ដែក​ស្រួច​នោះ​មាន​នៅ​សួន​ច្បារ​មុខ​វាំង​ខ្លះ នៅ​សួន​វិមាន​ឯក​រាជ្យ​ខ្លះ សួន​ចោម​ចៅ​ខ្លះ ហើយ​កន្លង​មក កំណាត់​ដែក​នេះ​នៅ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​សាធារណជន​ មុត​ឬ​គ្រោះ​ថ្នាក់​ដូច​នៅ​ក្នុង​ព័ត៌មាន​សង្គម ​Facebookនោះ​ទេ​ ម្យ៉ាង​ទៀត​កំណាត់​ដែក​នេះ​ស្ថិត​នៅ​លើ​សួន​ច្បារ​ក្នុង​តំបន់​ហាម​ឃាត់​មិន​ឲ្យ​ដើរ។ នេះ​បើ​តាមpageផ្លូវ​ការ​សាលារាជធានីភ្នំពេញ បញ្ជាក់។​

 

សាលា​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​តប​វិញ​ទៅ​ប្រជាពលរដ្ឋ តាមរយៈ Page ផ្លូវ​ការ​របស់​ខ្លួន​ថា ទោះ​​​ជា​យ៉ាង​ណា​ កំណាត់​ដែក​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​រួច​រាល់​អស់​ហើយ គ្មាន​ទៀត​ទេ។ ​

 

​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​បាន​សរសេរ​តប​វិញ​ថា សូម​អគុណ​សម្រាប់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ឱ្យ​ការងារ​ក្នុង​ព្រះ​រាជ​ពិធី​អុំ​ទូក​ទទួល​បាន​ជោគ​ជ័យ សង្ឃឹម​ថា​បង​ប្អូន​ទាំង​អស់​មេត្តា​ចូល​រួម​ផ្ដល់​ និង​រាយការណ៍​នូវ​បញ្ហា ឬ​ផល​លំបាក​នា​នា មក​ទំព័រ​ហ្វេស​បុក​របស់​យើង ឬ​អាជ្ញាធរ​ដែល​នៅ​ជិត​ខ្លួន ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា។

 

សូមអាន៖ នៅ​មុន​ពិធី​បុណ្យ​អ៊ុំទូក​ សាលារាជធានី​ភ្នំពេញ​ ក្រើន​រំលឹក​ពី​​​អនាម័យ និង​ បរិស្ថាន​

 

 

អត្ថបទ៖ លឹម សុ​នា

រូបថត៖ Facebook