អ្នកលក់ត្អូញត្អែរ អ្នកទិញមិនសូវឲ្យតម្លៃផលិតផលខ្មែរ
- 2016-10-28 17:33:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ត្អូញត្អែរ អ្នកទិញមិនសូវឲ្យតម្លៃផលិតផលខ្មែរ
ចន្លោះមិនឃើញ
អាជីវករនិងម្ចាស់ផលិតផលខ្មែរត្អូញត្អែរដោយសារការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុកដូចគ្នាហាក់មិនសូវមាន ។ មិនថាតែសំលៀកបំពាក់ គ្រឿងឧបភោគ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកទិញច្រើនយល់ថាផលិតផលបរទេសដូចជាមកពីថៃ កូរ៉េ ល្អជាងរបស់ខ្មែរ។
ប្រហុកខ្មែរ
ជាក់ស្ដែង អាជីវករលក់ភេសជ្ជៈសុខភាព អ្នកនាង ហៀន ស្រីវុន និយាយថា អ្នកទិញច្រើនសាញ ហើយគិតថារបស់ខ្មែរមិនសូវល្អដូចបរទេសទេ វេចខ្ចប់ក៏អត់ស្អាត រសជាតិមិនឆ្ងាញ់ទៀតផង។
អាជីវកររូបនេះឃើញថាអ្នកទិញច្រើនឲ្យតម្លៃលើផលិតផលបរទេសដោយសារគេមានផ្ទាំងផ្សាយពាណិជ្ជកម្មឡូយៗ ហើយគិតថារបស់ស្រុកគេគឺល្អជាងតែម្ដង។
សម្រាប់យុវតីចាន់ថែនវិញយល់ថា ខ្មែរមិនសូវគាំទ្រផលិតផលខ្មែរដោយសារកន្លងមកគុណភាពផលិតមិនសូវល្អ អ៊ីចឹងទើបអ្នកប្រើប្រាស់ឈប់ឲ្យតម្លៃ។ និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបញ្ជាក់ថា កត្តាមួយទៀតមកពីយុវវ័យសព្វថ្ងៃចូលចិត្តភាពស៊ីវីល័យ ដូច្នេះគេត្រូវការរបស់អ្វីដែលទំនើបនិងមានយីហោច្បាស់លាស់ ព្រមទាំងគុណភាពល្អទៀតផង។
ផលិតផលខ្មែរដាក់លក់នៅលើទីផ្សារបើធៀបនឹងរបស់នាំចូលមកពីបរទេស ត្រូវបានអាជីវករច្រើននិយាយថារបស់បរទេសគឺត្រូវប៉ាន់ជាង។ បើរបស់នោះដូចគ្នា មួយមកពីថៃ ហើយមួយទៀតមកពីខ្មែរ នោះអ្នកទិញច្បាស់ជាយករបស់ថៃមិនខាន។ ដើម្បីលើកស្ទួយនិងទាក់ទាញការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ស្នើប្រជាជនទាំងអស់ងាកមកគាំទ្រផលិតផលខ្មែរ ក្នុងការបង្កើនឱកាសការងារក៏ដូចជាសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះដែរ ក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍ផលិតផលខ្មែរនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់ទុកយុទ្ធនាការនេះគឺជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយ ឲ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញពីបរទេស និងជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស។ លើសពីនេះ ក៏ជួយពង្រឹងសហគ្រាសក្នុងស្រុក ឲ្យប្រឹងប្រែងផលិតនូវទំនិញដែលមានគុណភាពនិងសុវត្ថិភាពខ្ពស់ព្រមទាំងសោភ័ណភាពទាក់ទាញ ជាមួយតម្លៃសមរម្យ ដើម្បីធ្វើការប្រកួតប្រជែងជាមួយទំនិញនាំចូល៕
អត្ថបទ៖ លឹម សុនា