ត្រូវ​ឪពុក​ម្ដាយ​បំបែក​៦៥ឆ្នាំ ចុង​ក្រោយ​ទើប​បាន​រៀបការ​នឹង​គ្នា​នៅ​អាយុ​ខ្ទង់​៨០​រៀង​ខ្លួន

  • 2016-11-13 02:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​ទើប​តែ​បាន​រៀបការ​ជាមួយ​គ្នា ក្រោយ​ត្រូវ​ឪពុក​ម្ដាយ​បង្ខំ​ឲ្យ​ផ្ដាច់​ពាក្យ​កាល​ពី​៦៥ឆ្នាំ​មុន។

លោក​យាយ Helen Andre អាយុ ៨២ឆ្នាំ​និង​លោក​តា Davy Moakes អាយុ​៨៦ឆ្នាំ​មក​ពី​តំបន់ Derbyshire ប្រទេស​អង់គ្លេស មិន​ធ្លាប់​បាន​រៀបការ​ជាមួយ​គ្នា​ឡើយ​តាំង​ពី​ឆ្នាំ​១៩៥១។

កញ្ញា Debbie Williams ជា​កូន​ស្រី​របស់​លោក​យាយ Andre បាន​ឲ្យ​ដឹង​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ជួប​គ្នា​វិញ​កាល​ពី​ពេល​ថ្មី​ៗ។

អ្នក​ស្រី​និយាយ​ថា​ការ​បែកបាក់​របស់​អ្នក​ទាំង​ពីរ​នៅ​កាល​នោះ​គឺ​ដោយសារ​ឪពុក​ម្ដាយ​របស់​លោក​យាយ​មិន​ទទួល​ស្គាល់​លោក​តា Moakes ដែល​កាល​នោះ​គឺ​ជា​អ្នក​សិល្បៈ។

“ត្រលប់​ទៅ​ទសវត្ស​ឆ្នាំ​១៩៥០ អាជីព​អ្នក​សិល្បៈ​ហាក់​មិន​ត្រូវ​គេ​ឲ្យ​តម្លៃ​គ្រប់គ្រាន់​សម្រាប់​រៀបការ​ជាមួយ​កូន​ស្រី​គេ​ឡើយ។ ពួក​គាត់​ខូច​ចិត្ត​ណាស់ ប៉ុន្តែ​នៅ​សម័យ​នោះ​ពួក​គាត់​ត្រូវ​តែ​ស្ដាប់​តាម​ចាស់​ទុំ"។ កូន​ស្រី​របស់​លោក​យាយ​រៀបរាប់។

កញ្ញា Williams បាន​និយាយ​ទៀត​ថា​ក្រោយ​ម្ដាយ​របស់​នាង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដល់​ទៅ​៣​លើក គាត់​ក៏​សម្រេច​ចិត្ត​តាម​រក​លោក​តា Moakes។ "ពួក​គាត់​ចាប់​ផ្ដើម​និយាយ​គ្នា និង​បង្កាត់​ភ្លើង​ស្នេហ៍​ឡើង​ដោយ​កក់ក្ដៅ​បំផុត ...ខ្ញុំ​ពិត​ជា​រំភើប​ជំនួស​គាត់​ណាស់"។ កញ្ញា​បន្ថែម។ ​ គូ​ស្នេហ៍​អាយុ​វែង​ខាង​លើ​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ការិយាល័យ​អត្រានុកូលដ្ឋាន Ripley កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ។

លោក​តា Moakes និយាយ​ថា៖ "ប្រសិន​បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់​ពិត​ប្រាកដ ទោះ​ព្រាត់​គ្នា​យ៉ាង​ណា​ក៏​ស្នេហា​នោះ​មិន​បាត់បង់​ដែរ"។

ចំណែក​លោក​យាយ​ក៏​បាន​បន្ថែម​ថា៖ "ខ្ញុំ​ស្រឡាញ់​គាត់​ពេញ​មួយ​ជីវិត ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​និយាយ​មិន​បាន​ទេ ទី​បំផុត​យើង​បាន​ជួបគ្នា​វិញ​ហើយ" ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន