អនាគត Apple អាច​​មិន​ភ្លឺ​ស្វាងបន្ទាប់​ពី​​ចេញ​ iPhone ឆ្នាំ​ក្រោយ​រួច

  • 2016-11-25 02:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អនាគត​​​​របស់​ក្រុមហ៊ុន​ Apple ​នៅ​មួយ​ឆ្នាំ​បន្ទាប់​ពី​បញ្ចេញ​ iPhone សម្រាប់​​ខួប​ទី​ ១០ ឆ្នាំ​​នៅ​ឆ្នាំ​ក្រោយ​នេះ​អាច​នឹង​មិន​ភ្លឺ​ស្វាង​ប៉ុន្មាន​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​​អ្នក​វិភាគ​ Andrew Uerkwitz របស់​ក្រុមហ៊ុន​ Oppenheimer។

​របាយការណ៍​របស់​លោក​​ Andrew ​បង្ហាញ​ថា​ ចំនួន​លក់​ iPhone នឹង​កើន​ឡើង​ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត​នៅ​ឆ្នាំ​ក្រោយ​​ដោយ​ប៉ាន់​ស្មាន​ថា​នឹង​លក់​បាន​ ២៤៥ លាន​គ្រឿង។ Andrew បាន​សង្កត់​ធ្ងន់​ដែរ​ថា​ឆ្នាំ​ ២០១៧ គឺ​ជា​ឆ្នាំ​ជោគជ័យ​ចុង​ក្រោយ​មួយ​របស់​ iPhone ដោយ​សារ​ជា​ខួប​ទី​ ១០ ឆ្នាំ។

​មួយ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ឆ្នាំ​ ២០១៧ អតិថិជន​​ iPhone នឹង​ចាប់​ផ្ដើម​ងាក​ចេញ​​ពី​តម្លៃ​ដ៏​ខ្ពស់​ដែល​ Apple បាន​កំណត់​លើ​ iPhone របស់​ខ្លួន។ Andrew លើក​ពី​ហេតុផល​ថា​ ដោយ​សារ​កង្វះ​ខាត​នូវ​មុខងារ​ថ្មីៗ​ រួម​ទាំង​សមត្ថភាព​​​ប្រហាក់​ប្រហែល​គ្នា​រវាង​ iPhone និង​ ទូរសព្ទ​កំពូល​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ថោកជាង​ អាច​ធ្វើ​ឲ្យ​ Apple បាត់​បង់​អតិថិជន​ច្រើន។ អ្នកវិភាគ​រូប​នេះ​បង្ហាញ​ភាព​ជឿជាក់​ថា​ Apple នឹង​​ត្រូវ​ចាប់​ផ្ដើម​រង​វិបត្តិ​ដែល​មាន​រយៈពេល​ដល់​​មួយ​ទសវត្សរ៍។ ​

ដោយ​ឡែក​អ្នក​វិភាគ​មួយ​រូប​​ទៀត​ James Cakmak​ មក​ពី​​ក្រុមហ៊ុន​ Monness Crespi Hardt ​ថ្លែង​ថា​ Apple នឹង​លែង​រក​លុយ​បាន​ស្រួល​ដូច​មុន​ទៀត។ ការ​វិភាគ​របស់​ James គឺ​ផ្អែក​លើ​ខួប​នៃ​ការ​ Upgrade ​​ផលិតផល​របស់​ Apple ដែល​ចំណាយ​ពេល​យូរ​ឆ្នាំ រួម​ទាំង​ការ​ប្រកួត​ប្រជែង​ពី Google និង ​ដៃគូ​ប្រជែង​ធំៗ​ដទៃ​ទៀត៕

ចុច​អាន៖ Hermes​ ចេញ​ខ្សែ​ ​Apple Watch​ បង្កប់​អត្ថន័យ​​ព្រៃ​ធម្មជាតិ​ ​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង